ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​៖ សហរដ្ឋអាមេរិក​នៅ​ពីក្រោយ និង​ជ្រៀត​ជ្រែកចូល​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

ភ្នំពេញ ​៖ លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា កម្ពុជា​យល់ឃើញ​យ៉ាង​ច្បាស់​ថា សហរដ្ឋអាមេរិក​ជា​អ្នក​នៅ​ពី​ក្រោយខ្នង និង​លូកដៃ​ជ្រៀត​ជ្រែក​ចូល​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា តាមរយៈ​សេចក្តី​ថ្លែងការណ៍​ផ្ទាល់​របស់លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​។

លោក ផៃ ស៊ី​ផាន មាន​ប្រសា​ស​ន៍​បែបនេះ បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William A. Heidt បានចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​លើក​ឡើង​ថា សហរដ្ឋអាមេរិក​មិនបាន​នៅ​ពីក្រោយ​សកម្មភាព​របស់​លោក កឹម សុខា នោះ​ទេ ហើយ​ជា​ការ​ចោទប្រកាន់​ណាមួយ គឺជា​ការចោទប្រកាន់​ដែល​គ្មាន​ភស្តុតាង​ច្បាស់លាស់​។

លោក ផៃ ស៊ី​ផាន លើកឡើង​យ៉ាង​នេះ​ថា “​អ្វីដែល​កម្ពុជា យល់ឃើញ​យ៉ាង​ច្បាស់​ថា សហរដ្ឋអាមេរិក ជា​អ្នក​នៅ​ពីក្រោយ​ខ្នង និង​លូកដៃ​ជ្រៀត​ជ្រែកចូល​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា តាមរយៈ​សេចក្តីថ្លែងការណ៍​ផ្ទាល់​របស់​អ្នកតំណាងរាស្ត្រ កឹម សុខា​”។

លោក​បញ្ជាក់​ថា មុន​មានការ​ចាប់ខ្លួន លោក កឹម សុខា បាន​និយាយ​ថា អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​សកម្មភាព​របស់​ខ្លួន ប៉ុន្តែ​លោក William A. Heidt បែរជា​និយាយ​ថា មិនបាន​នៅ​ពីក្រោយ​គម្រោង​របស់​លោក កឹម សុខា ទេ ដូច្នេះ​ដើម្បី​បញ្ជាក់​ការពិត សូម​ទុក​លទ្ធភាព​ឲ្យ​តុលាការ​។​

ដោយឡែក ចំពោះ​ការ​គំរាម​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ដែល​ថា កម្ពុជា នឹង​បាត់បង់​ផលប្រយោជន៍​ច្រើន​នោះ លោក ផៃ ស៊ី​ផាន អះអាង​ថា ជា​ការ​មិនពិត​ទេ​។ លោក​បន្ត​ថា អ្នក​ទេសចរណ៍ និង​ពាណិជ្ជករ មិនមែន​ជា​អ្នកបម្រើ​នយោបាយ​នោះ​ឡើយ ហើយ​សុវត្ថិ​ភាពជា​ចំណុច​ទាក់ទាញ​ផង​ដែរ ហើយ​បើ​ប្រៀបធៀប​តំបន់​ដទៃទៀត។

តាម​លោក ផៃ ស៊ី​ផាន កម្ពុជា​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​របស់​ប្រជាជាតិ​អធិបតេយ្យ និង​ឯករាជ្យ​ប្រាសចាក​ពី​ការ​លូកដៃ​ជ្រៀតជ្រែក​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​តែប៉ុណ្ណោះ ហើយ​ពលរដ្ឋ​កម្ពុជា មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់ ក្នុង​ការ​ជ្រើសរើស និង​ទទួលខុសត្រូវ​លើ​ជោគវាសនា​របស់ខ្លួន​ផ្ទាល់​។ កម្ពុជា​ក្រៅ​ប្រធានបទ​ជ្រៀតជ្រែក​ផ្ទៃក្នុង​របស់​ខ្លួន កម្ពុជា​នៅតែ​រក្សា​កិច្ចសហការ​រវាង​រាជរដ្ឋាភិ​បាល និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក ជា​មួយនឹង​ការ​គោរព​ផល​ប្រ​យោ​ជ​ន៍ រវាង​គ្នា​នឹង​គ្នា​ជានិច្ច ហើយ​កម្ពុជា​មិនមែន​ជា​រដ្ឋ​ប្រើប្រាស់​អាវុធ​ប្រល័យ​លោក ឬ​ជា​រដ្ឋ​ភេរវកម្ម​នោះទេ​។

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​រូបនោះ​អះអាង​ថា លទ្ធិប្រជាធិបតេយ្យ​អាច​ដំណើរ​ទៅមុខ គឺជា​គោលបំណង​ដ៏​ធំធេង​របស់​ប្រជាពលរដ្ឋ​ខ្មេរ ដែល​បាន​ចូលរួម​បោះឆ្នោត​ជាង​៩០​ភាគរយ ហើយ​រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​ធ្វើ​ឲ្យ​មាន​ការបោះឆ្នោត​នេះ ជា​ទៀងទាត់​។

លោក​បន្ត​ថា ការ​វិវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព គឺ​អាស្រ័យ​ដោយ​គ្មាន​ការ​លូកលាន់​ពី​សហរដ្ឋអាមេរិក ដូចដែល​បាន​សារភាព​ដោយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក គឹម សុខា ដែល​យើង​យល់ថា ជា​ការ​រំខាន និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ប្រាសចាក​ពី​គោលបំណង និង​ផល​ប្រយោ​ជ​ន៍​របស់​ខ្មែរ​ពិត​។

លោក ផៃ ស៊ី​ផាន បញ្ជាក់​ចុងក្រោយ​ថា “​ការ​លូកដៃ​ជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា របស់​សហរដ្ឋអាមេរិក គឺជា​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ខ្មែរ​យ៉ាងពិត​ប្រាកដ​”​។

ចំណែក​លោក ជុំ កុសល ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អះអាងថា ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ចេះ​បដិសេធ​ថា សហរដ្ឋអាមេរិក​មិន​មាន​ជាប់​ពាក់ព័ន្ធ​និង​លោក កឹម សុខា តែ​បែរជា​សុំ​ឲ្យ​មានការ​ដោះលែង​ទៅវិញ​។

លោក ជុំ កុសល យល់ថា មេ​ទូត​អាមេរិក​ខ្លួនឯង គួរ​ទៅ​សួរ​លោក កឹម សុខា វិញ​ថា តើ​អ្វីដែល​លោក កឹម សុខា បាន​និយាយ​ក្តែ​ង​ៗ​ថា រដ្ឋាភិបាល​អាមេរិក​បាន​ជួយ​ខ្លួន​តាំងពី​ឆ្នាំ​១៩៩៣ ដើម្បី​ឲ្យ​មានការ​ផ្លាស់​ប្តូរ​របប​ដឹកនាំ​កម្ពុជា​ដូច​យូ​ហ្គោ​ស្លា​វី​នោះ លោក កឹម សុខា មាន​អ្វី​ជា​ភស្តុតាង​ទេ ? ពីព្រោះ​ការនិយាយ​បែបនេះ វា​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដ​ល់​កិត្តិយស​សហរដ្ឋអាមេរិក​សម្បើម​ណាស់ !។

តាម​លោក ជុំ កុសល “​ប្រសិនបើ​លោក កឹម សុខា ចេះតែ​និយាយ​ដោយ​គ្មាន​ភស្តុតាង មេ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ខ្លួនឯង​ណឹ​ង​ហើយ ដែលជា​អ្នក​ត្រូវ​ប្រតិកម្ម​ទៅ​លោក កឹម សុខា មុនគេ ហើយក៏​ត្រូវ​សុំ​ឲ្យ​លោក កឹម សុខា បង្ហាញ​ភស្តុតាង ! មិនមែន​មេ​ទូត​មក​ប្រតិកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការចោទប្រកាន់​សហរដ្ឋ​ថា ជា​បាតដៃ​ទី​បី នៅ​ពីក្រោយ​លោក កឹម សុខា នោះទេ​។ រាជរដ្ឋាភិបាល​កម្ពុជា មាន​សិទ្ធិ​ភ្ញាក់ផ្អើល ចោទប្រកាន់​និង​ស្នើ​សុំ​ឲ្យ​សហរដ្ឋអាមេរិក​បង្ហាញ​ការពិត​អំពី​ទំនាក់ទំនង​សម្ងាត់​ជាមួយ​លោក កឹម សុខា ក្នុង​ការ​រៀបចំ​ផែនការ​ផ្តួល​រដ្ឋាភិបាល ព្រោះ​អំពើ​របស់លោក កឹម សុខា គឺជា​បំ​ពើ​ក្បត់ជាតិ​កម្ពុជា​”​។

លោក ជុំ​ កុសល អះអាង​ដែរ​ថា “​ឯកអគ្គ​រដ្ឋ​អាមេរិក គួរ​ពិចារណា​ពាក្យសំដី​របស់ខ្លួន​ឡើងវិញ​ចំពោះ​ការស្នើសុំ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់​នេះ​។ តើ​នេះ ឬ​ដែល​ហៅថា សហរដ្ឋអាមេរិក មិនដែល​ជ្រៀតជ្រែក លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ? “​។ លោក​បន្ត​ថា លោក កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស​បំពាន​ក្រមព្រហ្មទណ្ឌ​នៃ​កម្ពុជា ត្រង់​មាត្រា​៤៤៣ ពីបទ “​ស​ន្ទិ​ដ្ឋភាព​” ដែល​បទល្មើស​នេះ​ហៅថា ក្បត់ជាតិ។ នេះ​គឺជា​ច្បាប់​របស់​កម្ពុជា ដែល​ត្រូវអនុវត្ត​ទៅលើ​បុគ្គល កឹម សុខា ។ ដូច្នេះ​នៅពេលដែល​មេ​ទូត​អាមេរិក​បាន​ប្រើពាក្យ “​ឲ្យមាន​ការដោះលែង​ជាបន្ទាន់​” បែបនេះ គឺ​ដូចជា​មេ​ទូត​បង្គាប់បញ្ជា​មក​រាជរដ្ឋាភិបាល​កម្ពុ​ជា ចាត់ទុកជា​កម្ពុជា​ដូចជា​ស្ថិតក្រោម​អាណានិគម​របស់ខ្លួន​យ៉ាង​ដូច្នោះ​ដែរ​។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក William A. Heidt បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ នៅក្នុង​ស្ថានទូត និង​បានចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ ដោយ​ច្រានចោល​ការ​លើក​ឡើង​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ដែល​ថា អាមេរិក​នៅ​ពី​ក្រោយខ្នង​លោក កឹម សុខា ក្នុង​ការ​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​ប្រ​ទេស​កម្ពុជា ហើយ​បាន​ចាត់ទុកថា នេះ​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់ គ្មាន​មូលដ្ឋាន និង​មិន​ត្រឹមត្រូវ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684