ព័ត៍មានទាន់​ហេតុការណ៏
Search

ចោរ​រាត្រី​៣​នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ បញ្ជូន​ទៅ​តុលាការ

ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​បញ្ជាក់​ថា ដោយមាន​វត្ថុតាង​ និង ​ចម្លើយសារភាព​គ្រប់គ្រាន់​ ហើយ​នោះ​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​ ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ​ឆ្នាំ​២០១៧​ ដែល​ពាក់ព័ន្ធ​ករណី​ចោរកម្ម​បន្ទាប់ពី កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​មានជ័យ បាន​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ ០៣​នាក់ ដែល​ជា​ចោរ​កាត់​សោ លួច​សម្ភារៈ​នៅ​ថ្ងៃទី​១២​កញ្ញា​រួចមក។

ប្រភព​បន្ត​ថា ​ជនសង្ស័យ​ទាំង ០៣​នាក់ នេះ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​មានជ័យ ឃាត់ខ្លួន​បាន បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​លួច​កាត់​សោ យក​សម្ភារៈ នៅ​ក្នុង​រោងចក្រ ជុង​ហ្វៃ ដែល​ស្ថិតនៅ ផ្លូវជាតិ​លេខ​២ សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ក្រោយពេល​ឃាត់ខ្លួន​បាន ពួកគេ​បាន​សារភាព​ប្រាប​សមត្ថកិច្ច​អាវុធហត្ថ ឲ្យ​ដឹងថា ពួកគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​សម្ភារៈ​ នៅ​ក្នុង​រោងចក្រ ជុង ហ្វៃ ពិតប្រាកដ​មែន ហើយ​ពួកគេ​បាន​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​បន្ត​ទៀត​ថា ដំបូង​ឡើយ ពួកគេ​ទាំង ០៣​នាក់ បាន​ជិះ​ម៉ូតូ​រ៉ឺម៉ក ចេញពី​ម្តុំ​ច្បារអំពៅ ទៅដល់​ចំណុចកើតហេតុ​ខាងលើ នៅមុខ​រោងចក្រ​ជុង ហ្វៃ ដោយមាន​ចាក់​ច្រវាក់ ប៉ុន្តែ​ពួកគេ​ឃើញ​ទ្វារ​ហើប អាច​ចូលខ្លួន​រួច ឃើញ​ឱកាស​ល្អ ពួកគេ​ទាំង ០៣​នាក់ បាន​ដើរ​សសៀរ​ចូល ក្នុង​រោងចក្រ ភ្លាម​នោះ​ពួកគេ​បាន​ប្រមូល​លួច​យក​សម្ភារៈ​បាន​មួយ​ចំនួន​មាន កុំព្យូទ័រ ០១​គ្រឿង , ខ្សែភ្លើង​មួយ​ដុំ , បា​ដាង​មួយ​ចំនួន , ដាក់​នៅ​ក្នុង​ថង់ ហើយ​នាំគ្នា​ជញ្ជូន​មក​ក្រៅ ក្នុង​គោលបំណង​យក​ទៅ​លក់ លុះ​ពេល​ជិះ​ដល់​ចំណុច​មុខ​វត្ត​ចក្រ​អង្រែ​ក្រោម ផ្លូវជាតិ​លេខ​២ ក៏​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បានតែ​ម្តង​។ មន្ត្រី​ដដែល​បន្ត​ថា ​ពួកគេ​ទាំង ០៣​នាក់ មាន ១/ ឈ្មោះ ញិ​ល សិ​ដ្ឋ ភេទ​ប្រុស អាយុ២៧​ឆ្នាំ , ២/ ឈ្មោះ មល ម៉​ល ភេទ​ប្រុស អាយុ២៦​ឆ្នាំ ៣/ ឈ្មោះ ថាវ រុន ភេទ​ប្រុស អាយុ៣៩ឆ្នាំ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៣​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំ​រឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​នៅថ្ងៃ​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684