ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ណែនាំ​ពី​ការ​ការសាងសង់ ការជួសជុល និង​ការកែលម្អ​អគារ​សាលា ឃុំ សង្កាត់

ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំ​អំពី​ការសាងសង់ ការជួសជុល និង​ការ កែលម្អ អគារ​សាលា ឃុំ សង្កាត់ ដែល​ក្នុងនោះ ទោះបី​ការសាងសង់ ការជួសជុល និង​ការកែលម្អ ដោយ​ប្រើប្រាស់​ថវិកា​របស់​សប្បុរសជន​ក្តី ឬ​ថវិកា​របស់ ឃុំ សង្កាត់​ក្តី​ក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវធ្វើ​ការប្រជុំ ដើម្បី​ពិនិត្យ ពិភាក្សា និង​សម្រេច​នៅក្នុង​កិច្ចប្រជុំ​របស់ខ្លួន នេះ​បើតាម​លិខិត​ផ្ញើ​ជូន​អភិបាល​នៃ​គណៈ​អភិបាល រាជធានី ខេត្ត ចុះ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧​។

​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង បាន​លើក​ឡើង​ថា បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ កាលពី ឆ្នាំ​២០០២ មក ក្រសួងមហាផ្ទៃ​បាន​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថវិកា​រដ្ឋ តាមរយៈ​ថវិកា​រដ្ឋបាល​រាជធានី ខេត្ត ដើម្បី​សាងសង់​អគារ​សាលាឃុំ សង្កាត់ តាម​ឆ្នាំ​ជា​ជំហានៗ ស្របតាម​លទ្ធភាព​នៃ​ថវិកាជាតិ និង​ខិតខំ​ប្រឹងប្រែង កៀរគរ​ថវិកា​ពី​ដៃគូ​អភិវឌ្ឍ ពី​សប្បុរសជន​នានា ដើម្បី​សាងសង់​អគារ​សាលាឃុំ​សង្កាត់ ដោយ​ផ្តល់​អាទិភាព ដល់​ឃុំ សង្កាត់ ដែល​គ្មាន​អគារ​ធ្វើការ ឬ​ដែល​មាន​អគារ​ចាស់​ទ្រុឌទ្រោម មិន​អាច​បំពេញ​ការងា​របា​ន ដែល​រហូតមកទល់​ប​ច្ចុ​ប្បន្ន បាន​ចំនួន​៧៨៣​។

ទន្ទឹម​នេះ ក៏​នៅ​មាន​សេសសល់​ឃុំ​សង្កាត់​មួយចំនួន ដែល​ពុំ​ទាន់​មាន​អគារ​សម្រាប់​បំពេញការងារ ក្នុង​នោះ រួម​ទាំង​ឃុំ សង្កាត់ ទើប​បង្កើត​ថ្មី ហើយ​អគារ​បំពេញការងារ​នៅ​ឃុំ​សង្កាត់​ខ្លះទៀត ក៏​ចាស់​ទ្រុឌទ្រោម​មិន​អាច​បំពេញការងារ​បា​ន ដែល​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ណែនាំ​ក្រុមប្រឹក្សា ឃុំ សង្កាត់ ឲ្យ​គ្រោង​ថវិកា​ប្រចាំឆ្នាំ ដើម្បី​ជួល ទីកន្លែង​បំពេញការងារ​បណ្តោះអាសន្ន​។

ពាក់ព័ន្ធ​ការសាងសង់ ការ​ជួសជុល និង​ការកែលម្អ​អគារ​សាលា ឃុំ សង្កាត់ នៅ ឃុំ សង្កាត់​ដែល​ពុំទាន់​មាន​អគារ​ធ្វើការ ឬ​អគារ ដែល​កំពុង​បំពេញការងារ មាន​សភាព​ចាស់​ទ្រុឌទ្រោម មិនអាច​បំពេញ​ការងា​របា​ន សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ថា រាល់​ការសាងសង់ ការជួសជុល និង​ការកែលម្អ​អគារ​សាលាឃុំ​សង្កាត់ ឬ​ការសាងសង់​ទីកន្លែង បណ្តោះអាសន្ន ដើម្បី​បំពេញការងារ ដោយ​ប្រើប្រាស់​ថវិកា​របស់​សប្បុ​រស​ជន​ក្តី ឬ​ថវិកា​របស់ ឃុំ​សង្កាត់​ក្តី ក្រុមប្រឹក្សាឃុំ​សង្កាត់ ត្រូវធ្វើ​ការប្រជុំ ដើម្បី​ពិនិត្យ ពិភាក្សា និង​សម្រេច​នៅក្នុង​កិច្ចប្រជុំ​របស់ខ្លួន​។ ចំពោះ​ការសាងសង់​អគារ​សាលាឃុំ​សង្កាត់​ដោយ ប្រើប្រាស់​ថ​វិកា​សប្បុរសជន ឬ​ថវិការដ្ឋ​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ​ធានាថា ដីធ្លី​ដែល​រដ្ឋបាល​ឃុំ​សង្កាត់ មានបំណង់​សាងសង់​អគារ​សាលាឃុំ សង្កាត់ មាន​ប្លង់ កម្មសិទ្ធិ​ស្របច្បាប់​ជា​របស់​ឃុំ សង្កាត់ ហើយ​ប្លង់​អគារ​សាលា ឃុំ សង្កាត់ ត្រូវ​សាងសង់​ស្របតាម​គំរូ ស្តង់ដារ អគារ​សាលាឃុំ​សង្កាត់ ដែល​ក្រសួង មហាផ្ទៃ បានកំណត់​។

តាម​សម្តេច​ក្រឡាហោម ស ខេង មុននឹង​ធ្វើការ​សាង សង់​អគារ​សាលាឃុំ​សង្កាត់ ក្រុមប្រឹក្សាឃុំ​សង្កាត់​ត្រូវ សុំ​ការអនុញ្ញាត​ជាមុន​ពី​រដ្ឋបាល​រាជធានី ខេត្ត​តាមរយៈ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​។ ចំពោះ​ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​ណាមួយ​របស់​រដ្ឋបាល ឃុំ សង្កាត់ រួមទាំង​អគារ​សាលា ឃុំ​សង្កាត់ ត្រូវធ្វើឡើង​ស្របតាម​គោលការណ៍​នៃ​ការគ្រប់គ្រង​រដ្ឋបាល​សុទ្ធសាធ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684