ព័ត៍មានទាន់​ហេតុការណ៏
Search

សហព័ន្ធ​បាល់ទាត់​វៀតណាម បន្ត​ឲ្យ​លោក​Mai Duc Chung ដឹកនាំ​ក្រុម​ទទួល​កម្ពុជា ក្រោយ​រក​គ្រូ​ថ្មី​ជំនួស​មិនទាន់បាន

សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម (VFF) បានសម្រេច​កាលពី​ថ្ងៃ​អង្គារ ថ្មីៗ​នេះ​ថា​បន្ត​ឲ្យ​លោក Mai Duc Chung ដែល​ទើប​ដឹកនាំ​ក្រុម​ឈ្នះ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល C ប្រចាំ​ពានរង្វាន់ 2019 AFC Asian Cup UAE ក្រោយ​រក​គ្រូ​បង្វឹក​ថ្មី​មក​ជំនួស​កៅអី​នេះ​មិនទាន់​បាន ខណៈ​នៅ​មិន​ដល់​១​ខែ​ទៀត​វៀតណាម ត្រូវ​ប្រកួត​ជើង​ទី​២​ជាមួយ​កម្ពុជា ម្តង​ទៀត​លើទឹក​ដី​របស់ខ្លួន​។

លោក Tran Quoc Tuan អនុប្រធាន​សហព័ន្ធ​បាល់ទាត់​វៀតណាម បាន​ប្រាប់​សារព័ត៌មាន​thethaovanhoa ថា «​យើង​ពុំ​ទាន់​ស្វែង​រក​ឃើញ​គ្រូ​បង្វឹក​សម្រាប់​ក្រុម​ជម្រើស​ជាតិ​នៅឡើយ​នោះ​ទេ មុន​ពេល​ប្រកួត​ជាមួយ​កម្ពុជា មកដល់​។ ប្រកួត​ជើង​ទី​២​ជាមួយ​កម្ពុជា ពិតជា​សំខាន់ និង​មាន​ឥទ្ធិពល​ល្អ​អាចជួយ​យើង​ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​ពូ​ល​។ ការប្រកួត​នៅសល់​មិន​ដល់​១​ខែ តែ​យើង​មិនទាន់​ច្បាស់​ថា​ គ្រូ​បង្វឹក​ថ្មី​អាចមាន​ពេល​គ្រប់គ្រាន់​ជាមួយ​ក្រុម​នៅឡើយ​ទេ​»​។

ក្បាលម៉ាស៊ីន បាល់ទាត់​វៀតណាម បាន​បញ្ជាក់ថា​ VFF បាន​ដាក់​គោលការណ៍​យក​គ្រូ​បង្វឹក​បរទេស​មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ខ្លួន ហើយ​មាន​បេក្ខភាព​ជាច្រើន​បាន​ដាក់​ពាក្យ ប៉ុន្តែ​សហព័ន្ធ​ពុំទាន់​សម្រេច​នៅឡើយ​ទេ​។ សហព័ន្ធ​វៀតណាម បាន​ដាក់​តម្រូវការ​ចំនួន​៥​ដល់​គ្រូ​បង្វឹក​ថ្មីៗ​ដែល​ចង់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​ដោយ​ក្នុងនោះ​ទី​១ ត្រូវ​កាន់​អាជ្ញា​ប័​ណ្ណ Pro License ទី​២ ត្រូវ​ធ្លាប់មាន​បទពិសោធន៍​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ ឬ​ក្លិប ទី​៣ មិនត្រូវ​មានឈ្មោះ​ជាប់​ពិន័យ​ពី​សហព័ន្ធ​បាល់ទាត់​វៀតណាម ឬ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ទី​៤ អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បានល្អ និង​ទី​៥ អាច​យល់ព្រម​ពី​ប្រាក់ខែ​ដែល VFF កំណត់ឲ្យ។

លោក Mai Duc Chung ដែល​កំពុង​បន្ត​កាន់​តំណែង​គ្រូ​បង្វឹក​បណ្តោះអាសន្ន​នេះ​ទើបតែ​ធ្លាប់​សាង​ស្នាដៃ​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​នារី​វៀតណាម ឈ្នះ​មេដាយ​មាស​នៅ​ស៊ី​ហ្គេម​ថ្មីៗ​នេះ និង​ត្រៀម​ចូលរួម​ការប្រកួត​ពាន​រង្វាន់ AFC Women’s Asian Cup ដែល​នឹង​ចាប់​ផ្តើម​នា​ខែមេសា ឆ្នាំក្រោយ​ផង​ដែរ​។ បុរស​វ័យ​៦៦​ឆ្នាំនេះ​បាន​ចូលកាន់​តំណែង​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​វៀតណាម ក្រោយពី​លោក​Huu Thang អតីត​គ្រូ​បង្វឹក​សុំលាលែង​ពី​តំណែង​ក្រោម​ដឹកនាំ​ក្រុម​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ ថ្មី​នេះ។

ក្រុម​ជម្រើស​ជាតិ​វៀតណាម ត្រូវ​បើកទ្វារ​កីឡដ្ឋាន Thong Nih Stadium ក្នុង​ទីក្រុង​ហូ​ជី​មី​ញ ទទួល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​វេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​១០ ខែតុលា ខាងមុខ ក្នុង​វគ្គ​ជម្រុះ​ជើង​ទី​២​ប្រចាំ​ពូ​ល C នៃ​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី 2019 AFC Asia Cup UAE ខណៈ​ជំនួប​ជើង​ទី​១​កាលពីពេល​ថ្មីៗ វៀតណាម បាន​យកឈ្នះ​កម្ពុជា ២​ទល់​១ លើ​ទីលាន​ពហុ​កីឡដ្ឋាន៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684