ព័ត៍មានទាន់​ហេតុការណ៏
Search

វត្តមាន​សម្តេច​តេ​ជោ​នៅ​ខេត្ត ក្វាង ស៊ី បាន​ពង្រឹង​បន្ថែម​ទៀត​នូវ​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ចិន

ភ្នំពេញ​ ៖ មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ខេត្ត​ក្វាង ស៊ី ប្រទេស​ចិន​នាពេលនេះ​ បាន​ពង្រឹង​បន្ថែមទៀត​នូវ​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​កម្ពុជា​និង​ចិន ហើយ​ប្រទេស​ចិន​ក៏បាន​អះអាងថា​ នឹង​បន្ត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ដឹកនាំ​កម្ពុជា​បន្ត​ទៀត ដោយ​ប្រឆាំង​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង ជួប​ទប់ស្កាត់​បដិវត្ត​ន៍​ពណ៌​ មិន​ឲ្យ​កើត​មាននៅ​កម្ពុជា។

ជាមួយគ្នានេះ ចិន​បាន​យល់ព្រម​ទិញ​កសិផល​ពី​កម្ពុជា​បន្ថែម​ទៀត​និង​បន្ត​ផ្តល់​ជំនួយ​ឥតសំណង​និង​ឥណទាន​សម្បទាន​ដល់​កម្ពុជា​បន្ថែម​ទៀត ​ព្រមទាំង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​តាមរយៈ​ការពង្រីក​ទីផ្សារ​កម្ពុជា​នៅ​ក្នុង​ប្រទេស​ចិន​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​និវត្តន៍​មកដល់​មាតុភូមិ​វិញ កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែ កញ្ញា​នេះ បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៤ នៅ​ទីក្រុង ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន។

​លោក​បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៣ ខែ កញ្ញា​នេះ​ថា​ នៅ​ក្នុង​ដំណើរ​ចូលរួម​ពិ​ព័រ​ណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ នៅ​ទីក្រុង​ណាន​នី​ង ពីថ្ងៃ​ទី ១១​ដល់ ១៣ ខែ កញ្ញា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​ចិន​សំខាន់ ៗ​ចំនួន ៣ រូប និង​បាន​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅក្នុង​ខេត្ត​ក្វាង​ស៊ី។

​នៅក្នុង​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវបាន​ភាគី​ចិន ចាត់ទុកជា​ភ្ញៀវ​ដ៏​សំខាន់បំផុត​សម្រាប់​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ ដែល​នេះ​ជា​លើក​ទី ១០​ហើយ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​ជា​ភ្ញៀវ​ដ៏​សំខាន់​សម្រាប់​ពិព័រណ៍​ចិន​-​អាស៊ាន និង​បានចាត់ទុក​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ឥស្សរជន​ឆ្នើម​សម្រាប់​ប្រជាជន​ខេត្ត​ក្វាង ស៊ី ។​

​លោក កៅ គឹមហួន បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុងការ​ស្នាក់នៅ​ទីក្រុង​ណាន​នី​ង សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​លោក សុង​ថាវ (Song THAV)​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​ម​ជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន។ បន្ទាប់​មកជួប លោក ចាង កាវ​លី ( Zhang Gaoli) ឧបនាយករដ្ឋមន្ត្រី​ចិន និង​ចុងក្រោយ​គឺ​ជួប លោក Chen Wu អភិបាលខេត្ត​ក្វាង​ស៊ី ។​



​នៅក្នុង​ជំនួប​នោះ មន្ត្រី​រដ្ឋាភិបាល​ចិន​សុទ្ធតែ​បានធ្វើការ​អះអាងថា ប្រទេស​ចិន​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ដើម្បី​ភាព​រីកលូតលាស់​របស់​ប្រជាជន​កម្ពុជា​និង​ភាព​សុខដុម​នៅក្នុង​តំបន់​និង​ប្រទេស​កំពុងអភិវឌ្ឍន៍។

ជាមួយនេះ ចិន​សុំ​ប្រកាស​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ។ ភាគី​ចិន​បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ពិ​ព័រ​ណ៍​អាស៊ាន​-​ចិន​លើក​ទី​១៤ នៅ​ណាន់​នី​ង ។ វត្តមាន​របស់​សម្តេច​ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ចិន​។ ​សម្តេច​ហ៊ុនសែន​គឺជា​មិត្ត​ចាស់​និង​ជា​មិត្ត​ដ៏​ល្អ​របស់​ប្រទេស​ចិន​។

ប្រទេស​ចិន​បាន​គូសបញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​ចិន​នៅតែ​បន្ត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន​ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា​បន្តទៀត​ដើម្បី​អភិវឌ្ឍ​ន៍​កម្ពុជា។ ភាគី​ចិន​បាន​លើកឡើង​ថា ពី​អតីតកាល​បច្ចុប្បន្នកាល​និង​ទៅ​អនាគត ចិន​នៅតែ​ចាំ​គាំទ្រ​កម្ពុជា​ជា​រៀង​រហូត​កម្ពុជា​ចិន​ប្រៀបដូចជា​បងប្អូន​បង្កើត។ ពេល​កម្ពុជា​មានការ​លំបាក​ប្រទេស​ចិន​មិន​អាច​ឈរ​មើល ហើយ​មិន​ជួយ​ដល់​កម្ពុជា​នោះ​ទេ រដ្ឋាភិបាល​ចិន​សូម​បញ្ជាក់​នូវ​ជំហរ​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ចំណាត់​កាល​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ទៅលើ​អំពើ​ក្បត់ជាតិ​របស់​ប្រធាន​គណបក្សប្រឆាំង។

នៅ​ក្នុង​ជំនួប​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​ប្រទេស​ចិន​ជួយ​បន្ត​ទិញ​កសិផល​ពី​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​ដោយសារ​កម្ពុជា​បាន​ផលិត​ស្រូវ ពោត សណ្តែក​និង ដំឡូង​បាន​ច្រើន តែ​ពុំទាន់​មាន​ទីផ្សារ​គ្រប់គ្រាន់​នៅឡើយ។ សម្តេច​បានស្នើ​ទី​១-​ឲ្យ​ចិន​ទិញ​អង្ករ​ពី​កម្ពុជា​ឲ្យ​បាន ៣០​ម៉ឺន​តោន ឬ​លើស​ពី​៣០​ម៉ឺន​តោន។ ទី​២-​សម្តេច​ជំរុញ​ឲ្យ​មានការ​ចុះហត្ថលេខា​លើ​ពិធីសារ​នាំចេញ​ចេក​ពី​កម្ពុជា​ទៅ​ចិន ,​ពិធីសារ​នាំចេញ​ផ្លែ​ស្វាយ​ពី​កម្ពុជា​ទៅ​ចិន និង ពិធីសារ​នាំចេញ​សណ្តែក​សៀង​ពី​កម្ពុជា​ទៅ​ចិន។ ទី​៣-​ស្នើ​ឲ្យ​ចិន​បន្ត​ជួយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​ក្លាយជា​វិស័យ​កសិកម្ម​ទំនើប​មួយ​ទាំង​ការផលិត និង​ការ​កែច្នៃ​ពិសេស​លើ​វិស័យ​ភតគាម​អនាម័យ​នៅ​កម្ពុជា​។​ ទី​៤-​បន្ត​ពង្រឹង​និង​ការផ្លាស់ប្តូរ​និង បច្ចេកទេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ធនធានទឹក​ជាពិសេស​ជំរុញ​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រួម​នៃ​គម្រោង​ផែនការ​ធនធានទឹក​ក​ម្ពុ​ជា​គ្រប់​ជ្រុងជ្រោយ ។​



​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​ជួយ​សាងសង់ ពហុកីឡាដ្ឋាន​មរតក​តេ​ជោ​ដល់​កម្ពុជា​ និង​បាន​បង្កើន​ទំហំ​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ជា​បន្តបន្ទាប់​,​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ទៅតាម​វិស័យ​អាទិភាព​របស់​កម្ពុជា​និង​ផ្តល់​ភាពទន់ភ្លន់​ក្នុងការ​ប្រើប្រាស់​នីតិ​វិធី​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​ការ​សម្របសម្រួល​ជាមួយ​ជំនាញការ​ចិន ។

​ឆ្លើយតប​ទៅនឹង​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន លោក ចាង កាវ​លី បាន​មានប្រសាសន៍ថា ក្នុងការ​ជំរុញ​ទំនាក់ទំនង​ទ្វេ​ភាគី​ គឺមាន​ភាពល្អប្រសើរ​ណាស់​ដោយ​សម្តេច​បានមក​ទ​ស្សន​កិច្ច​នៅ​ប្រទេស​ចិន​ញឹកញាប់​និង​បាន​ជួប​មេដឹកនាំ​កំពូល​ទាំង​បួន​របស់​ចិន​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អប្រសើរ នេះ​បង្ហាញថា ប្រទេស​ចិន​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ។

​លោក ចាង កាវ​លី ក៏បាន​លើកឡើងថា ចិន​នឹង​ជួយ​ទប់ស្កាត់​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើត​មាននៅ​កម្ពុជា​ឡើយ ។ លោក​បាន​បន្តថា កម្ពុជា​ចិន​អាចធ្វើ​កិច្ចការ​នេះ​ជាមួយគ្នា​ដើម្បី​ស្រាវជ្រាវ ។ ពាក់ព័ន្ធ​ការទិញ​អង្ករ​ពី​កម្ពុជា​និង​កសិផល​ផ្សេងៗ​នោះ ចិន​នឹង​បន្ត​ពិនិត្យ​ដើម្បី​ជួយ​ដល់​កម្ពុជា​ក្នុង​ការទិញ​អង្ករ​ពី​កម្ពុជា​ឲ្យ​បាន ៣០ ម៉ឺន​តោន និង ជួយ​គាំទ្រ​ដល់​គម្រោង​ព្រលានយន្តហោះ​នៅ​ខេត្តសៀមរាប​និង​គម្រោង​នានា​ដែល​បាន​ឯកភាពគ្នា​រួចហើយ។ ដោយសារ​ឆ្នាំ ២០១៨ កម្ពុជា​ត្រូវ​រៀបចំ​បោះឆ្នោត​នោះ​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ដល់​កម្ពុជា ភាគី​ចិន​នឹង​បង្កើន​ការ​ផ្តល់​ជំនួយ​ឲ្យ​បាន​លឿន ជាពិសេស​ដើម្បី​អនុវត្ត​គម្រោង​មួយ​ចំនួន​ជួយ​ដល់​កម្ពុជា​ឲ្យ​បាន​មុន​ឆ្នាំ ២០១៨។

លោក​ក៏បាន​លើកឡើង​អំពី​ការផ្លាស់ប្តូរ ទស្សនកិច្ច​រវាង​ប្រជាជន​និង​ប្រជាជន ពិសេស​យុវជន រវាង​ប្រទេស​ទាំងពីរ ដោយ​ជួយ​បណ្តុះ​បណ្តាល​ធនធានមនុស្ស​។​ ការ​ជួយ​ដល់​ការ​គ្រប់​គ្រង់​ប្រព័ន្ធ​ផ្ស​ព្វ​ផ្សាយ​ទាំង វិទ្យុ ទូរទស្សន៍ និង បណ្តាញ​សង្គម នៅ​កម្ពុជា​ផងដែរ ។​



​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​ចូលរួម​ពី​ធី​បើក​ពិ​ព័រ​ណ៍ចិន​-​អាស៊ាន​លើក​ទី​១៤​នេះ ដែល​ប្រព្រឹត្តទៅ​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៥ ខែកញ្ញា​។​ បន្ទាប់មក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ស្តង់​ពិ​ព័រ​ណ៍​របស់​ប្រទេស​កម្ពុជា​ និង​ពិព័រណ៍​ពន្លា​ជាតិ​កម្ពុជា​ ដែល​បាន​ចូលរួម​ដាក់​តាំង​បង្ហាញ​នៅក្នុង​ពិ​ព័រ​ណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ ឆ្នាំ​២០១៧ នៅ​ទីក្រុង​ណាន​នី​ង។

ពិ​ព័រ​ណ៍​ចិន​-​អាស៊ាន លើក​ទី​១៤​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ​រួមគ្នា​កសាង វិថី​សូត្រ​សមុទ្រ​សតវត្ស​ទី​២១​ និង​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែល​ផ្តោត​ជាសំខាន់ ទៅលើ​ការតាំង​បង្ហាញ​នូវ​ផលិតផល​ប្រើប្រាស់​និង​សេវាកម្ម​ទូទៅ ការរៀបចំ​វេទិកា​ពាណិជ្ជកម្ម កិច្ចប្រជុំ​នានា​ពាក់ព័ន្ធ​និង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម សេដ្ឋកិច្ច ការទូត ទេសចរណ៍ និង​ការ​ផ្លាស់ប្តូរ​វប្បធម៌ ដែលជា​វេទិកា​មួយ​ក្នុង​ការជំរុញ​វិស័យ​ឯកជន​ចាប់​ដៃគូ​ពាណិជ្ជកម្ម​និង​វិនិយោគ​។

ព្រឹត្តិការណ៍​នេះ គឺជា​វេទិកា​មួយ​សម្រាប់​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនង​ការទូត និង​ជា​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​-​អាស៊ាន​។ ចាប់តាំងពី​ឆ្នាំ​២០០៧ ប្រទេស​អាស៊ាន​ទាំងអស់​ត្រូវ​បានទទួល​ធ្វើជា​ប្រធានកិត្តិយស​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​នេះ​ដែល​ប្តូរ​វេន​គ្នា​តាម​លំដាប់​អក្សរ​។ ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជា​ប្រធានកិត្តិយស​ម្តង​រួចមកហើយ​កាល​ពី​ឆ្នាំ​២០០៨​។ សម្រាប់​ឆ្នាំ​២០១៧​នេះ​ប្រទេស​ប្រ៊ុយណេ​ដា​រុយ​សាឡា​ម​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធានកិត្តិយស​តាម​វេន​នៃ​លំដាប់​អក្សរ ហើយ​កម្ពុជា​នឹង​ត្រូវ​ទទួល​ធ្វើជា​ប្រទេស​កិត្តិយស​នៅ​ឆ្នាំ​២០១៨ សម្រាប់​ពិ​ព័រ​ណ៍​ចិន​-​អាស៊ាន លើក​ទី​១៥​។

​សរុប​សេចក្តី​មក ការអញ្ជើញ​ទៅកាន់​ខេត្ត​ក្វាង​ស៊ី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​គឺមាន​ទិសដៅ​ច្បាស់លាស់​មួយ​ គឺ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច កំណើន​ពាណិជ្ជកម្ម កំណើន​វិនិយោគ និង​ការតភ្ជាប់​រវាង​ប្រជាជន និង ប្រជាជន ពិសេស​គឺ​ការពង្រឹង​នូវ​ជំនឿ​ទុកចិត្ត​សម្រាប់​វិនិយោគទុន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ទាំងអស់៕

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684