ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​ ផ្អាក​លែង​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​កម្ពុ​ជា

ភ្នំពេញ ​៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ប្រកាស​ថា អាមេរិក​នឹង​ផ្អាក លែង​ផ្តល់​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ​B1/B2 ដល់​មន្ត្រី​មួយចំនួន​នៃ​ក្រសួងការបរទេស​កម្ពុ​ជា ដែលមាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក រហូតដល់​ថ្នាក់ដឹកនាំ​កំពូល និង​សមាជិក​ក្រុមគ្រួសារ​ខ្លះ​របស់​ពួកគេ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៣ ខែកញ្ញា តទៅ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ​B1 ប្រភេទ​B2 និង​ប្រភេទ​B1/B2 ដល់​មន្ត្រី​នៃ​ក្រសួងការបរទេស​កម្ពុ​ជា ដែល​មាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូតដល់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយមាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ​។

ដោយ​យោង​តាម​មាត្រា 243(d) នៃ​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ​សហរដ្ឋអាមេរិក ស្ថានទូត​សហរដ្ឋអាមេរិក​អះអាង​ថា នៅ​ពេល​ទទួល​បាន​សំណើ​ពី​រដ្ឋ​មន្ត្រីក្រសួង​សន្តិសុខ​មាតុភូមិ​ថា មាន​ប្រទេស​មួយ​ចំនួន​បាន​បដិសេធ​មិន​ទទួលយក ឬ​ប្រើប្រាស់​ហេតុផល ដែល​មិន​សមស្រប​ដើម្បី​ពន្យារពេល​ទទួលយក​ព​ល​រដ្ឋ​នៃ​ប្រទេស​របស់​ពួកគេ​វិញ​នោះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ត្រូវ​បញ្ជា​ឲ្យ​មន្ត្រី​កុងស៊ុល​បញ្ឈប់​លែង​ផ្តល់​ទិដ្ឋាការ​រហូត​ទាល់តែ​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​ទទួល​បាន​ព័ត៌មាន​ថា ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំង​នោះ​បាន​យល់ព្រម​ទទួលយក​ពលរដ្ឋ​រប​ស់​គេ​វិញ​ហើយ​។

ស្ថានទូត​អាមេរិក​បញ្ជាក់​ថា ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្នុង​ក្រុម​ដែល​ត្រូវបាន​គេ​ផ្អាក​ការ​ចេញ​ទិដ្ឋាការ ហើយ​អ្នក​សម្រេចចិត្ត​ដាក់​ពាក្យសុំ​ទិដ្ឋាការ​នោះ មន្ត្រី​កុងស៊ុល​នឹង​សម្ភាស​ន៏ ប៉ុន្តែ​មិន​អាច​ផ្តល់​ទិដ្ឋាការ​ជូន​បានទេ រហូត​ទាល់តែ​ការ​ផ្អាក​នោះ ត្រូវបាន​លើកលែង​។ ដូច្នេះ​ត្រូវ​ពិចារណា​ឲ្យ​បាន​ដិតដល់​មុន​ពេល​ដាក់​ពាក្យសុំ​ទិដ្ឋាការ ហើយ​អ្នក​បង់ថ្លៃ​ដាក់​ពាក្យសុំ​ទិដ្ឋាការ​រួច មិន​អាច​បង្វិល​សង​វិញ​បានទេ​។

ទាក់ទង​បញ្ហា​នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ថ្លែង​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ថា អាមេរិក​ពិតជា​បាន​ផ្អាក​មែន ពីព្រោះ​ស្ថានទូត​បាន​ជូនដំណឹង​ផ្លូវការ​ហើយ​។ លោក​បន្ត​ថា មកដល់ពេលនេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កំពុង​ពិនិត្យ​លើ​ការងារ​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684