ព័ត៍មានទាន់​ហេតុការណ៏
Search

លោកជំទាវ​ម៉ែន សំអន ៖ កម្ពុ​ជា​មាន​សុខដុម​នីយកម្ម​រវាង​សាសនិក​នៃ​គ្រប់​សាសនា

ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​កាលពី​រសៀល​ថ្ងៃទី​១៣​ ខែកញ្ញា ​ឆ្នាំ​២០១៧ ​នេះ​លោក ជំទាវ​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋ មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ថ្លែង​ថា កម្ពុជា​មិន​រើសអើង​ចំពោះ​គ្រប់​សាសនា​ពិសេស​មាន​សុខដុម​នីយកម្ម​រវាង​សាសនិក​នៃ​គ្រប់​សាសនា​។ លោកជំទាវ​ថ្លែង​បែបនេះ​ខណៈពេល​ជួប​សំ ណេះ​សំ​ណា​ល​ជាមួយ​ឯកឧត្តម ហ្សឿ​ង ង៉ុ​ក​ទិន (Doung Ngoc Tan) អនុ ប្រធាន​គណៈកម្មាធិការ​សាសនា​រដ្ឋាភិ​បាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោកជំទាវ​ឧបនាយក​រដ្ឋ​មន្ត្រី​ម៉ែន សំអន បាន​ទទួល​ស្វាគមន៍ លោក ហ្សឿ​ង ង៉ុ​ក​ទិន អនុប្រធាន​គណៈកម្មាធិការ​សាសនា​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា​។

លោកជំទាវ​ម៉ែន ​សំអន ​បាន​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សាសនា​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម សម្រេច​បាន​លទ្ធផល​ជាទី​ពេញចិត្ត និង​សូម​កោតសរសើរ​ដល់​គណៈកម្មការ​ទទួលបន្ទុក​កិច្ចការ​សាសនា នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ក្រសួង ធម្ម ការ និង​សាសនា​កម្ពុជា ដែល​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នា​យ៉ាង​ល្អ ពង្រឹង ពង្រីក និង​លើកកម្ពស់​សមិទ្ធផល​ការងារ​ក្នុងការ​គ្រប់គ្រង​រដ្ឋ​លើ​វិស័យ​សាសនា ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​។

ជាមួយគ្នា​នោះ​ដែរ ​លោកជំទាវ​ម៉ែន សំអន ​បាន​បញ្ជាក់​អំពី​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​សាសនា ដោយ​យោង​ច្បាប់រដ្ឋធម្មនុញ្ញ​ជំពូក​៣ មាត្រា​៤៣ ចែងថា​”​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​០២​ភេទ​មាន​សិទ្ធិ​ពេញលេញ​ខាង​ជំនឿ​- សេរីភាព​ខាង​ជំនឿ និង​ការប្រតិបត្តិ​ខាង​ផ្លូវ​សាសនា ត្រូវ​បាន​រដ្ឋ​ធានា​ក្នុង​លក្ខខណ្ឌ​ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ ឬ​សាសនា​ដទៃ​ទៀត ដល់​សណ្តាប់​ធ្នាប់ និង​សន្តិសុខ​សា​ធារណៈ​” ព្រះពុទ្ធសាសនា គឺជា​សាសនា​របស់​រដ្ឋ​។

ឈរលើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា ការងារ​គ្រប់គ្រង​កិច្ចការងារ​សាសនា​ដែលមាន​ក្រសួង​ធម្មការ និង​សាសនា ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​បាន​អនុវត្ត​ការងារ​ដោយ​សហការ​ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ ពិសេស​គណៈ​សង្ឃ​ទាំង​០២​គណៈ គឺ គណៈ​មហានិកាយ និង​គណៈធម្មយុត្តិកនិកាយ ក៏​ដូច​វិស័យ​ពា​ហិ​សាសនា​។

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា ​នៅ​កម្ពុ​ជា​មាន​សុខដុម​នីយកម្ម​រវាង​សាសនិក​នៃ​គ្រប់​សាសនា ប្រឆាំង​ការរើសអើង បែងចែក​នៅ​ក្នុង​ចំណោម​មហា ជន​ដែល​បណ្តាល​មក​ពី​ភាព​ខុសគ្នា​ខាង សាសនា​សំដៅ​ប្រែក្លាយ​សក្តានុពល​របស់​សាសនា​ទាំងអស់​ទៅជា​កម្លាំង​ជំរុញ​ការអភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច ពង្រឹង​សន្តិភាព សាមគ្គីភាព ថែរក្សា​ប្រពៃណីជាតិ និង​លើ​កម្ពស់​តម្លៃ​សីលធម៌​។

រាជរដ្ឋាភិបាល​បាន​ទប់ស្កាត់​យក​សាសនា​ទៅ​ធ្វើ​អាជីវកម្ម និង​បង្ក​ជា​វិបត្តិ​សាសនា។ កម្ពុជា និង​វៀតណាម​មាន​កិច្ច​សហ​ប្រតិប​ត្តិ​កា​រលើ​វិស័យ​សាសនា​រវាង​កម្ពុជា​-​វៀតណាម​ ដែល​មាន​ក្រសួង​ធម្មការ និង សាសនា​កម្ពុជា​បាន​ចុះ MOU ជាមួយ​គណៈកម្មាធិការ​សាសនា​រដ្ឋាភិបាល​វៀតណា​ម​ចំនួន​០២​លើក ​៖ លើក​ទី​១ នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៥ និង​លើក​ទី​២ នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ២០១៧ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សាសនា​។

២-​ផ្អែកលើ​ការអនុវត្ត​ស្មារតី MOU នេះ គណៈប្រតិភូ​ការងារ​សាសនា​នៃ​ប្រទេស​ទាំង​០២ កម្ពុជា​-​វៀតណាម បាន​ផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​ទាំង​ប្រតិភូ​កម្រិត​បច្ចេកទេស និង​កម្រិត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សាសនា​កាន់តែ​ពង្រឹង ពង្រីក​ចំណង មិត្តភាព សាមគ្គីភាព​តែម្ដង៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684