ព័ត៍មានទាន់​ហេតុការណ៏
Search

អតី​ត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស Roy Hodgson ទទួល​​​ការងារ​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លិប Crystal Palace

អតីត​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស លោក Roy Hodgson​ទទួលបាន​ការតែងតាំង​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លិប Crystal Palace ។​

លោក Roy Hodgson​មាន​វ័យ​៧០​ឆ្នាំ បាន​បន្តវេន​ពី​លោក Frank de Boer ក្រោយ​ពេលដែល​គ្រូបង្វឹក​សញ្ជាតិ​ហុ​ល្លង់​ម្នាក់នេះ ត្រូវបាន​បណ្តេញ​ចេញពី​ការងារ បន្ទាប់ពី​គ្រប់គ្រង​ការប្រកួត​បាន​ត្រឹម​៤​ប្រកួត​ប៉ុណ្ណោះ ។​

សេចក្តីថ្លែងការណ៍​រប​ស់​ក្លិប​បាន​ឲ្យ​ដឹងថា អតីត​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស លោក Roy Hodgson​ទទួលបាន​ការតែងតាំង​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លិប Crystal Palace FC នៅលើ​កិច្ចព្រមព្រៀង​រយៈពេល​២​ឆ្នាំ​។​

លោក Hodgson​ដែល​កើត​នៅ​តំបន់​ជាយក្រុង Croydon ភាគខាងត្បូង​នៃ​ទីក្រុង​ឡុង​ដ៍ ហើយ​ដឹកនាំ​ក្លិប Crystal Palace នឹង​មានន័យថា គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស​ម្នាក់នេះ​បច្ចុប្បន្នកំពុង​គ្រប់គ្រង​ក្រុម​កុមារភាព​របស់គាត់ ក្រោយ​អាជីព​ចាត់ការ​អស់​រយៈពេល​៥​ទសវត្ស និង​១៥​ក្លិប​នៅតាម​បណ្តា​ប្រទេស​ចំនួន​៨ ក៏ដូចជា​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ចំនួន​៤​ផងដែរ​។​

លោក Hodgson​បាន​និយាយ​នៅលើ​វែបសាយ​របស់​ក្លិប Crystal Palace ថា នេះ​គឺជា​ក្លិប​តាំងពី​កុមារភាព​របស់លោក ហើយ​លោក​ចាំ​មិន​ភ្លេច​អនុស្សាវរីយ៍​មើល​ការប្រកួត​របស់​ក្រុម​មួយ​នេះ​នៅក្នុង​ទឹកដី Holmesdale Road ។​

សូមបញ្ជាក់ថា លោក De Boer ត្រូវបាន​គេ​បណ្តេញ​ចេញពី​ការងារ ក្រោយ​បរាជ័យ​០-១​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Burnley ដែល​មានន័យថា ក្រុម Crystal Palace បាន​ក្លាយជា​ក្រុម​ដំបូង​គេ​នៅ​ក្របខណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស​ដែល​ចាញ់​៤​ប្រកួត​បើក​ដំបូង ដោយ​មិន​រកបាន​១​គ្រាប់​ណា​ឡើយ ចាប់តាំងពី​ក្រុម Preston North End កាលពី​រយៈពេល​៩៣​ឆ្នាំមុន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684