ព័ត៍មានទាន់​ហេតុការណ៏
Search

មាស សុខ​សោភា មិន​ថា​រវល់​ខ្លាំង​យ៉ាងណា ​ក៏​នៅតែ​ឆ្លៀត​ពេល​ធ្វើ​បុណ្យ​នា​រដូវ​កាន់បិណ្ឌ

ភ្នំពេញ​ ៖ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​កំពូល​តារា​ចម្រៀង​​មាស សុខ​សោភា នា​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​(​រដូវ​កាន់បិណ្ឌ​៨) នេះ ​នាង​បាន​បង្ហោះ​សម្ញែង​រូបថត​ជាច្រើន​សន្លឹក​ចង់​បង្ហាញ​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ថាបើ​ទោះបី​នាង​មាន​ការងារ​មមាញឹក​ខ្លាំង​ជាមួយ​អាជីព​សិល្បៈ​ក៏​ពិតមែន ​តែ​នៅ​មិនបាន​ភ្លេច​ឬ​បោះបង់​ចោលការ​ធ្វើបុណ្យ​នា​ឱកាស​រដូវ​បុណ្យកាន់បិណ្ឌ​នៃ​ពិធី​ភ្ជុំបិណ្ឌ​ឡើយ​។

អ្នកចម្រៀង​របស់​ផលិតកម្ម​ថោ​ន មាស សុខ​សោភា នាង​មិន​ត្រឹម​ជាតា​រា​ល្បីឈ្មោះ​នោះ​ទេ ​ថែមទាំង​ទទួលបាន​ការ​កោតសរសើរ​ពី​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​លើ​អត្ត​ច​រិត​ល្អ​ថ្លៃថ្នូរ​ព្រមទាំង​ជា​គំរូ​ល្អ​សម្រាប់​សិល្បៈករ​ដទៃៗ​ទៀត​។ ខណៈ​ដែល​កន្លងមក ​នា​ង​តែង​ចូលរួម​ជួយ​ដល់​ការងារ​សង្គម​ច្រើន​ដូចជា​ស្វែងរក​ថវិកា​ដើម្បី​យកទៅជួយ​ដល់​កុមារកំព្រា​ជន​ចាស់ជរា​គ្មាន​ទីពឹង​ជាដើម​។

ជាការ​ពិតណាស់​កាលពី​ពេល​កន្លង​ទៅ​នេះ​ តារា​ចម្រៀង​ស្រី​នាង មាស សុខ​សោភា មិន​ត្រឹម​ស្វែងរក​មូល​និ​ធិ​តាមរយៈ​ការចេញ​ទៅ​ច្រៀង​និង​សម្តែង​រៃអង្គាស​ថវិកា​ពី​ក្រៅ​ស្រុក​ដើម្បី​ឧបត្ថម្ភ​ជូន​ដល់​កុមារកំព្រា​និង​ចាស់ជរា​គ្មាន​ទីពឹង​នោះទេ​ នាង​ថែមទាំង​ធ្លាប់​នាំយក​ថវិការ​មួយចំនួន​បានមកពី​រៃ​អង្គាស​ទាំងនេះ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទៀតផង​។

បើតាម​ការ​សង្កេតឃើញ​រូបថត​៣​ ឬ​ ៤​សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មុននេះ តារា​ចម្រៀង​ស្រី មាស សុខ​សោភា ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឈុត​ប្រពៃណី​ខ្មែរ​ មើលឃើញ​ស្រស់ស្អាត​និង​ថ្លៃថ្នូរ​សក្ដិសមជា​នារី​ខ្មែរ​ពិតៗ​ ដោយ​ក្នុង​ដៃ​មាន​កាន់​ចាន​ស្រាក់ និង ចង្ហាន់ រួម​ជា​មួយ​ស្លា​ដក យក​ទៅ​ប្រគេន​ព្រះ​ស​ង្ឃ​នៅ​វត្ត​ធ្វើ​ឲ្យ​មាន​មិត្តភក្តិ​អ្នកគាំទ្រ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំគ្នា​លើក​សរសើរ​មិន​ដាច់​ពី​មាត់ ​ចំពោះ​គំរូ​ដ៏​ល្អ​មួយ​នេះ​ពី​សំណាក់​កំពូល​តារា​ចម្រៀង មាស សុខ​សោភា៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684