ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រូ​ដិ​នស​ល​កម្ពុជា បើក​សាខា​នៅ​ខេត្តសៀមរាប ដើម្បី​ពង្រីក​ការការពារ​ហិរញ្ញវត្ថុ​ដល់​អតិថិជន​កម្ពុជា

សៀមរាប ​៖ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន ដើម្បី​ផ្ដល់​ផលិតផល និង​សេវា​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែមទៀត តាមរយៈ​ការ​សម្ពោធ​ការិយាល័យ​ថ្មី​របស់ខ្លួន​នៅក្នុង​ទឹកដី​ខេត្តសៀមរាប ហើយ​ពិធី​សម្ពោធ​សាខា​ថ្មី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ទៀ សីហា អភិបាលរង​ខេត្តសៀមរាប លោក អ៊ិន មាត្រា តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក David Nutman អគ្គនាយក​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ព្រមទាំង​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​។

លោក David Nutman បាន​ពន្យល់​ថា ខេត្តសៀមរាប គឺជា​ជម្រើស​គោលដៅ​សំខាន់​សម្រាប់​ការ ពង្រីក​បន្តទៀត​នូវ​វត្តមាន​របស់​ក្រុមហ៊ុន បន្ទាប់ពី​ការបើក​សម្ពោធ​ការិយាល័យ​នៅ​ខេត្តបាត់ដំបង​កាលពី​ខែឧសភា​កន្លងមក​។ លោក​បន្ត​ថា “​កម្មវិធី​នា​ថ្ងៃនេះ គឺជា​សក្ខីកម្ម​មួយ​ច្បាស់លាស់​អំពី​ការ​ខិតខំ​ពង្រីក និង​ការ​ផ្ដល់សេវា​ធានារ៉ាប់រង​អាយុជីវិត និង​ការពារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែមទៀត​។ យើងខ្ញុំ​នឹង​ខិតខំ​ពង្រឹង​ការផ្ដល់សេវា និង​ផលិតផល ដែល​ល្អប្រសើរ​នៅក្នុង​ខេត្ត​សៀមរាប​របស់​យើង ដែល​ជា​ខេត្ត​មាន​សារសំខាន់​ក្នុង​ប្រវត្តិសាស្ត្រ និង​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​”​។

លោក David Nutman លើកឡើង​ទៀត​ថា ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា នឹង​បន្តធ្វើ​ការងារ​ជាមួយ​សហគមន៍ ដោយ​ផ្ដល់​ការ​គាំទ្រ​កាន់តែ​ទូលំទូលាយ​ជាង​មុន ទាក់ទិន​នឹង​វិស័យ​អប់រំ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជាទូទៅ ក៏ដូចជា​យុទ្ធនាការ ដើម្បី​សង្គម​មាន​សុវត្ថិភាព​ជាង​មុន​។​

ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា នឹង​រៀបចំ​កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរាប ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​អំពី​សារៈសំខាន់​នៃ​ការ​កសាង​ផែនការ​ហិរញ្ញវត្ថុ​ឲ្យ​បាន​ល្អ​ប្រសើរ ក៏ដូចជា​លើកកម្ពស់​ការ​យល់ដឹង​អំពី​សេវា​ធានារ៉ាប់រង​អាយុជីវិត ដែលជា​វិធីសាស្ត្រ​ក្នុង​ការ​ការពារ​អ្នកជា​ទី​ស្រលាញ់ ក្នុងករណី​មាន​គ្រោះ​អកុសល​កើត​ឡើងលើ​បុគ្គល​ដែល​ជា​កម្មវត្ថុ​នៃ​ការធានា ដូចជា​ក្នុង ករណី​មរណភាព ឬ​ពិការភាព​ទាំងស្រុង​ជាដើម។

ចំណែក​អភិបាលរង​ខេត្ត​សៀមរាប លោក ទៀ សីហា បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ដែល​បាន​សម្រេចចិត្ត​បើក​សាខា​នៅក្នុង​ខេត្ត​មួយ​នេះ​។ លោក​បាន​មាន​លើក​ឡើង​ថា “​ស្រប​ពេល​ដែល​ខេត្តសៀមរាប​បន្ត​លូតលាស់ និង​អភិវឌ្ឍ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់ ដែល​ក្រុមហ៊ុន​នានា ដូចជា​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា​ជាដើម ត្រូវ​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​លើកកម្ពស់​កា​រ​រស់នៅ​របស់​ប្រជាពលរដ្ឋ​យើង​។ តាមរយៈ​ការវិនិយោគ​នេះ ខ្ញុំ​សង្ឃឹមថា ក្រុមហ៊ុន​នឹងចូលរួម​ប្រកួតប្រជែង​តម្លៃ​លើ​ទីផ្សារ​ប្រកបដោយ​សមធម៌ និង​ផ្ដល់នូវ​សេវាកម្ម​ជាច្រើន​ទៀត​តាម​តម្រូវការ​របស់​អ្នកប្រើប្រាស់ ព្រមទាំង​បានផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​របស់​យើង​”​។

លោក អ៊ិន មាត្រា តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​មានមតិ​ស្រដៀង​គ្នា​នោះ​ដែរ ហើយ​លោក​បាន​មានប្រសាសន៍ថា “​ការពង្រីក​សាខា​ថ្មី​បន្ថែម​តាម​បណ្តា​ខេត្ត គឺជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន និង​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​បញ្ញត្តិ​ករ​ធានារ៉ាប់រង អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ផ្ដល់​សេវាកម្ម​ធានារ៉ាប់រង ឆ្ពោះទៅ​ការសម្រេច និង​ការដោះស្រាយ​សំណង​ឲ្យ​ទាន់​ពេលវេលា​ជូន​អតិថិជន និង​ក្នុង​ការ​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​ប្រទេស​កម្ពុជា​”៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684