ព័ត៍មានទាន់​ហេតុការណ៏
Search

Hun Sen Cup ៖ ក្រសួងការពារជាតិ អគ្គីសនី​កម្ពុជា បឹងកេត និង​ណាហ្គា​វើ​ល កក់​កៅអី​វគ្គ​៨​ក្រុម​ចុងក្រោយ​មុនគេ

គិត​ត្រឹម​ពេលនេះ​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ អគ្គីសនី​កម្ពុជា បឹងកេត និង​ណាហ្គា​វើ​ល ទទួលបាន​កៅអី​ឡើងទៅ​លេង​វគ្គ​៨​ក្រុម​ចុងក្រោយ ឬ​វគ្គ​ជុំ​ទី​៥​មុនគេ​ក្នុង ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (Hun Sen Cup) រដូវ​កាល​ឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​លើ​គូប្រកួត​ដូចជា​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៣​ខែកញ្ញា ឆ្នាំ​២០១៧។

លទ្ធផល​នៅ​ក្នុង​ជើង​ទី​២ ក្រុម​ម្ចាស់ផ្ទះ​ខេត្តស្វាយរៀង ចាញ់​ក្រុម​ណាហ្គា​វើ​ល ៣​ទល់​១ (​លទ្ធផល​ទាំង​២​ជើង ណាហ្គា​វើ​ល​ឈ្នះ​ខេត្តស្វាយរៀង ១៧​ទល់​១) ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ចាញ់​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៤​ទល់​២ លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ដូចគ្នា (​សរុប​ទាំង​២​ជើង អគ្គីសនី​កម្ពុជា ឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៥​ទល់​៤) ខណៈ​ក្រុម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាញ់​ក្រុម​បឹងកេត ៨​ទល់​២ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​(​សរុប​ទាំង​២​ជើង បឹងកេត ឈ្នះ​ឧ​ត្ត​រ​មានជ័យ ២២​ទល់​៣)​។ ចំណែក​ក្រុម​ក្រសួងការពារជាតិ ឈ្នះ​ខេត្តស្ទឹងត្រែង​ទាំង​២​ជើង​ដោយ​លទ្ធផល​៩​ទល់​០ ក្រោយ​ខេត្តស្ទឹងត្រែង បោះ​សិទ្ធិ​ប្រកួត​ក្នុង​ជើង​ទី​២​។

ដោយឡែក​៤​គូ​ផ្សេងទៀត​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ពុធ ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧ ខាងមុខ​ដោយ​ក្រុម​ខេត្តកំពត ទទួល​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តកំពត ហើយ​ក្រុម​សាលា​បាល់ទាត់​ជាតិ ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ស្រប​ពេល​ក្រុម​សូល​ទី​ឡូ​អង្គរ ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប និង​ចុងក្រោយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ជួប​ក្រុម​អាស៊ី​អឺរ៉ុប នៅ​ម៉ោង​៣​រសៀល​ដូចគ្នា​លើ​ទីលាន​គីរីវង់​សុខ​សែន​ជ័យ​។

សូម​បញ្ជាក់​ថា ​ក្រុម​ឈ្នះ​ការប្រកួត​ទាំង​២​ជើង​ក្នុង​ការប្រកួត​ជុំ​ទី​៤ នេះ​នឹងមាន​កៅអី​ឡើងទៅ​លេង​វគ្គ​៨​ក្រុម​ចុងក្រោយ​ជា​បន្ត​ក្នុង​ជុំ​ទី​៥​។ តាម​គម្រោង​វគ្គ​៨​ក្រុម​ចុងក្រោយ​នឹង​រៀបចំ​ចំនួន​២​ជើង​ដែរ​ដោយ​ជើង​ទី​១ ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែតុលា ហើយ​ជើង​ទី​២​ធ្វើឡើង​នៅ ២២​វិច្ឆិកា ខណៈ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ធ្វើឡើង​នៅ​ថ្ងៃទី ២៩​ខែវិច្ឆិកា និង​ថ្ងៃទី​២ ខែធ្នូ និង​ចុងក្រោយ​វគ្គ​ចំណាត់ថ្នាក់​លេខ​៣​និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​។

គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាន​កំណត់​ថា ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៧​នេះ​មានការ​ប្រកួត​ជា​៥​ដំណាក់កាល​ដោយ​ប្រើពេល​ជាង​១០​ខែ ចាប់ពី​ថ្ងៃទី ១៨ ខែមករា ដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ ខណៈ​ការប្រកួត​ដំណាក់កាល​ទី​១ និង​ទី​២ ជា​វគ្គ​ជម្រុះ​តាម​បណ្តា​ខេត្ត ហើយ​វគ្គ​ទី​៣​ជាការ​ប្រកួត​រវាង​ក្រុម​ជើង​ខ្លាំង​តាម​ខេត្ត​ជួប​ក្រុម​លី​ក​លំដាប់​ទី​២ និង​ក្រុម​៤​ក្រុម​បាត​តារាង​នៃ​ពានរង្វាន់​លីក​កំពូល​កម្ពុជា ឆ្នាំ​ចាស់ ហើយ​វគ្គ​ទី​៤ ជាការ​ប្រកួត​រវាង​ក្រុម​ខ្លាំងជាងគេ​៦​នៅក្នុង​លីក​ជា​មួយ​ក្រុម​ខ្លាំង​មកពី​ជុំ​ទី​៣ និង​ចុងក្រោយ​ជុំ​ទី​៥ ជាការ​ប្រកួត​ចាប់ពី​វគ្គ​៨​ក្រុម​ចុងក្រោយ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684