ព័ត៍មានទាន់​ហេតុការណ៏
Search

ឃីម​ បូរ៉ា​ អាច​យកឈ្នះ​ Yout Thakan បាន ​ឬ​អត់ ? ឯ ​​ធឿន ធី ជម្រះបញ្ជី​ជាមួយ ពុទ្ធ សំបូរ​

​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ នឹងត្រូវ​ជួប​ប្រកួតជាមួយ​អ្នក​ប្រដាល់​ថៃ ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ នៅលើ​សង្វៀន​ Alexand របស់ SEA-TV នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​១៧ ​ខែកញ្ញា​ ឆ្នាំ២០១៧​ នេះ។ ឃីម បូរ៉ា គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ Yout Thakan ដោយ​ប្រកួត​ក្នុង​ទម្ងន់ ​៦០ គីឡូក្រាម​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀនSEATV​ នេះ​ទេ​កន្លងមក។

Yout Thakan នេះ មាន​កំណត់​ត្រា​ប្រកួត​ ៦៦​លើក ដោយ​វាយ​ឈ្នះ​ ៥៤​លើក ចាញ់​ ​១២​លើក និងមិនដែល​ស្មើ។ អ្នក​ប្រដាល់​ថៃ​រូបនេះវាយ​ចេញ​រហ័ស ហើយ​រឹងមាំ​ថែមទៀត មិន​ងាយ​នឹង​ផ្តួលនោះឡើយ។ នេះ​បើតាម​លោក​ ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍​ឱ្យដឹង។

​ឃីម បូរ៉ា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​បាន​ប្រមាណ​ជាង១៩​លើក​ហើយ ដោយ​វាយ​ឈ្នះ​ពិន្ទុ​ ៧​លើក ចាញ់ ​៩​លើក ​និង​ស្មើ ​០៣​លើក ។​ បូរ៉ា ក្នុង​ប្រវត្តិប្រកួត​ចំនួន​៩៩​លើក គេ​វាយ​ឈ្នះ ​៨១​លើក ចាញ់ ​១៥​លើក និង​ស្មើ​ ០៣​លើក ។ ការប្រកួតចុងក្រោយ​របស់គេ គឺ​វាយ​ចាញ់​ថៃ ​Phat Ngenthong ក្នុង​ទឹក​ទី​៤(២០ ​សីហា ២០១៧)​។ ទោះជា​យ៉ាងណា សម្រាប់​ការជួប​អ្នក​ប្រដាល់​ថៃ Yout Thakan លើក​នេះ មិនដឹងថា ឃីម បូរ៉ា អាចយកឈ្នះ​បាន ​ឬ​អត់​នោះទេ? ព្រោះថា ​បូរ៉ា ពេលខ្លះ​គេ​វាយ​ល្អ​ និង​ខ្លាំង តែ​ពេល​ខ្លះ​គេ​វាយ​អន់ និង​ទន់ជ្រាយ។

​ធឿន ធី អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប នឹង​ជួប​ជម្រះបញ្ជី​ជាមួយ​ ពុទ្ធ សំបូរ អ្នកប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា។ ពួកគេ​ទាំងពីរ​នាក់​នេះ មាន​និន្នាការ​ដូចគ្នា ដោយ ​ធឿន ធី ជាអ្នក​ប្រដាល់​ជើង​ថ្មី​ស្រករ​ក្រោយ ឯ ពុទ្ធ សំបូរ ក៏​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា។​ អ្នក​ប្រដាល់ទាំងពីរជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​៦០ ​គីឡូក្រាម។

​ធឿន ធី និង ពុទ្ធ សំបូរ ជួប​ប្រកួត​គ្នា​លើក​មុន ​(២៣​ មេសា ​២០១៧) ពួកគេ​ទាំងពីរ​ប្រកួត​ស្មើ​ពិន្ទុ​។​អ្នក​ប្រដាល់​ស្រករ​ក្រោយ ​ធឿន ធី​ នេះ ប្រកួត​ជិត​២០​លើក​កន្លងមកនេះ ហាក់ដូចជា​មិនទាន់​ដែលស្គាល់​ចាញ់​ម្តងណា​នៅឡើយ​ទេ គឺ​មានតែ​ឈ្នះ​ និង​ ស្មើ​ប៉ុណ្ណោះ។​ យ៉ាងណា ក្នុងការជួបគ្នាលើក​នេះ ធឿន ធី តាមមើល​ប្រហែលជា​អាច​យកឈ្នះ​ ពុទ្ធ សំបូរ បាន ដោយសារ ធឿន ធី គេ​មានបទពិសោធន៍​ និង​ល្បិចកល​ក្នុងការ​ប្រកួត​ច្រើន ដែល​គ្រប់គ្រាន់​សម្រាប់​ការយកឈ្នះ​លើ សំបូរ បាន។

​ពុទ្ធ សំបូរ គេ​ក៏មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង​គួរសម​ដែរ ប៉ុន្តែ​បទពិសោធន៍​លើស​ង្វៀន​មិនជា​ច្រើនប៉ុន្មាន​ទេ។ ​អ្នក​ប្រដាល់​រូបនេះ ពេល​ជួប​ជាមួយ​អ្នក​ដែល​វាយ​សម្រុក​ខ្លាំង តែងតែ​ស្លុតបាត់ស្មារតី​ប្រយុទ្ធ នេះហើយ​ជា​ចំណុចខ្សោយ​របស់​សំបូរ ។
​ការប្រកួត​ចុងក្រោយ​របស់​ពុទ្ធ សំបូរ គឺ​វាយ​ចាញ់​ ចាន់ ចំរើន ក្លិប​និរោធ​មានជ័យ ដោយ​ពិន្ទុ ឯការប្រកួត​ចុងក្រោយ​របស់ ​ធឿន ធី​ វិញ គឺ​វាយ​ឈ្នះ លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​ ដោយពិន្ទុ។ ចាំមើល រវាង​ ធឿន ធី និង ពុទ្ធ សំបូរ ជួបគ្នា​លើក​ទី​២​នេះ តើន​រណា​ជា​អ្នកឈ្នះ ? ។

​សៅ វណ្ណា អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ អ៊ូ វណ្ណា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិបឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់។ ពួកគេ​មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក​។​ ​ជាការ​ពិបាក​សម្រាប់ អ៊ូ វណ្ណា​រិ​ទ្ធ ក្នុង​ការជួប​ប្រកួត​ជាមួយ ​សៅ វណ្ណា ដោយសារតែ ​វណ្ណា គេ​វាយ​ខ្លាំង សម្រុក​មិន​ដក​ដៃ​ទេទោះជា​ត្រូវ​ឬ​ខុស​យ៉ាងណា គេ​ដឹង​តែ​ពី​សម្រុក​យកឈ្នះ​ដៃ​តែម្តង ម្ល៉ោះហើយ​គូប្រកួត​ទោះជាខ្លាំង​យ៉ាងណាក៏ត្រូវ​គាំង​វាយ​លែងចេញ​ដែរ។ ប៉ុន្តែ​យ៉ាងណា សៅ វណ្ណា ក៏​ពិបាកធ្វើ​អ៊ូ វណ្ណា​រិ​ទ្ធ ដែរ ប្រសិនបើ​វណ្ណា​រិ​ទ្ធ គេ​រឹងមាំ​បន្តិច និង វាយ​ប្រយោល​មិន​ចូល​កៀក​នោះ គឺ​វណ្ណា យ៉ាប់​ជាមួយ​ស្នៀត​កណ្តាប់ដៃ និង​ជង្គង់​របស់​វណ្ណា​រិ​ទ្ធ​ហើយ។​ ដូច្នេះ​ចាំមើល​រវាង​ពីរ​នាក់​នេះ​ជួបគ្នា តើន​រណា​ជាអ្នកឈ្នះ​នោះ​?​។

​នួន រ៉ា​ថេប អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង ត្រូវគេ​ផ្គូ​ឱ្យ​ជួប​ប្រកួត​ជាមួយ ​វុត្ថា ប៊ុន​ធាង អ្នក​ប្រដាល់​ក្លិប​អង្គរ​ធំគុន​ខ្មែរ ដោយ​ប្រកួត​ក្នុង​ទម្ងន់ ​៦៣,៥០០ ​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684