ព័ត៍មានទាន់​ហេតុការណ៏
Search

បាយ័ន​ វាយ​ដណ្តើមពាន​រង្វាន់​ប្រាក់​លាន​ទម្ងន់៦៩​ គីឡូក្រាម​ លើក​ទី​២​

កាលពី​សប្ដាហ៍​មុន មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​៤​រូប ឡើង​ប្រកួត​ដណ្តើមពាន​អនុស្សាវរីយ៍​បាយ័នលើក​ទី​១ សម្រាប់​ទម្ងន់ ​៦៩​ គីឡូក្រាម ដែល​ពេលនោះ​អ្នកឈ្នះ​បាន​ទៅលើ​ ន​ន់ ជំនិត អ្នកប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា។ សម្រាប់​ចុង​សប្តាហ៍​នេះ បាយ័ន​បានរៀបចំ​អ្នកប្រដាល់​៤​រូប​ទៀត ឱ្យ​ជួបគ្នា​ដើម្បី​ដណ្តើម​ពានរង្វាន់​ទម្ងន់ ​៦៩​ គីឡូក្រាម​លើក​ទី​២ សម្រាប់ឈានទៅ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​អ្នកឈ្នះ​លើក​ទី​១ និង​អ្នកឈ្នះ​លើក​ទី​២​នោះ​។

​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូប​ នៅ​លើក​ទី​២​នេះ រួមមាន ធន់ ដា​រ៉ា មកពី​សមាគម​កីឡាប្រដាល់ក្រសួងការពារជាតិ, មូ​ន មូល ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១, ឯម ឡេង​លី ក្លិបឫទ្ធី​ពោធិ​សែន​ជ័យ និង ធី តុង​ហ៊ី ក្លិប​សាល​វ័​ន្ត​កីឡា។​ ពួកគេ​ទាំង​៤​នាក់​នេះ នឹង​ជួប​ប្រកួត​គ្នានៅ​ល្ងាច​ថ្ងៃ​សៅ​រ៍ ទី១៦ កញ្ញា ២០១៧​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

ការប្រកួតប្រព្រឹត្ត​ទៅតាម​រូបមន្ត​ជា​ Marathon គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែរកឃើញ​ជើងឯក​ម្ចាស់​ពាន​ក្នុងពេល​តែមួយ។ ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ៗ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​អនុស្សាវរីយ៍របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ដែល​អមដោយ​រង្វាន់​ប្រាក់​លាន​នោះ។ គួរ​បញ្ជាក់ថា ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ទឹក​មាន​៣នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​វាយ​៥​ទឹក តែ​មួយ​ទឹក​វាយ​តែ​២​នាទី​ទេ។

​​សម្រាប់​ការជួបគ្នា​គូ​មុនដំបូង​គេ​នោះ​ គឺ ធន់ ដា​រ៉ា ត្រូវ​ជួប​ជាមួយ មួន មូល។ ពីរ​នាក់​នេះមិន​ធ្លាប់ជួបគ្នា​ទេ​កន្លងមក ដូច្នេះ​ការជួបគ្នា​ក្នុង​ជម្រុះ​ពានរង្វាន់​លើក​នេះ គឺជា​ការជួបគ្នា​លើក​ទី​១ របស់ពួកគេ​ទាំងពីរ។

ធន់ ដា​រ៉ា គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ឯ មួន មូល ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា។ ពួកគេ​ជាជើង​ខ្លាំង​ស្រករ​ក្រោយ​ដូចគ្នា។ ទោះជា​យ៉ាងណា សម្រាប់​ការប្រកួត​លើក​នេះ មិនអាច​ទាយ​មុនបាន​ថា អ្នកណា​ឈ្នះ អ្នកចាញ់​នោះឡើយ។ មួន មូល គេ​ប្រកួត​ខ្លាំង វាយ​មិន​បន្ធូរ​ដៃ​ទេ។ ធន់ ដា​រ៉ា គេ​ក៏មាន​ស្នៀត​ប្រដាល់​ល្អ និង​ខ្លាំង​មិន​ចាញ់ ​មួន មូល ប៉ុន្មាន​ដែរ ហើយ​គេ​មាន​កម្លាំង​ស៊ុ​ហ្វរឹងមាំ ​និង​ខ្ពស់​ថែមទៀត។ ទោះជា​យ៉ាងនេះ​ក្តី ធន់ ដា​រ៉ា មិន​ប្រាកដថា​យកឈ្នះ ​មួន មូល បាននោះឡើយ។ ចាំមើល តើ​ ធន់ ដា​រ៉ា ឬក៏​ មួន មូល ដែល​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​? ។

​​ចំពោះ​អ្នក​ប្រដាល់ ​ឯម ឡេង​លី ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ និង ធី តុង​ហ៊ី ក្លិប​សាល​វ័​ន្ត​កីឡា​វិញ ពួកគេពីរ​នាក់​នេះ ម្នាក់​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​គឺ ​ឯម ឡេង​លី ឯ​ ធី តុង​ហ៊ី ជា​ជើង​ខ្លាំង​ជើងចាស់។ ពួកគេ​ទាំងពីរ​នាក់​នេះ ធ្លាប់​ប៉ះ​ប្រកួត​គ្នា​ម្តង​ហើយ​កន្លងមក ដោយ ​ឡេង​លី ឈ្នះ ​តុង​ហ៊ី ដោយ​ពិន្ទុ។

​សម្រាប់​ការជួបគ្នា​លើក​នេះ គេ​ក៏​មិន​រំពឹងថា ​ធី តុង​ហ៊ី ​អាច​យកឈ្នះ​ ឡេង​លី ​បាន​នោះដែរ ដោយសារ​ ឡេង​លី មាន​ផ្លែ​ល្អ​ជាង​តុង​ហ៊ី ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែមទៀត ។ មួយទៀត ទោះជា​ឯម ឡេង​លី មាន​សមត្ថភាព​បច្ចេកទេស​ក្នុងការ​ប្រកួតមិន​ដល់ ​ធី តុង​ហ៊ី ក៏ដោយ ក៏​គេ​អាច​ឈ្នះកម្លាំង​កាយសម្បទា ឈ្នះ​ចិត្ត​លើ ​តុង​ហ៊ី​ ដែរ។​ ប៉ុន្តែ​យ៉ាងណា គេ​ក៏​មិនទាន់​ច្បាស់​ថា ឯម ឡេងលី ឈ្នះ ធី តុង​ហ៊ី ទៀត​នោះដែរ ព្រោះ ​ធី តុង​ហ៊ី ជា​អ្នក​ប្រដាល់​ដែល​សំបូរ​កលល្បិច​ក្នុងការប្រកួត។ ដូច្នេះ ចាំមើល​ការប្រកួត​ជាក់ស្តែង តើ ​ឯម ឡេង​លី ​ឈ្នះ ឬក៏​ ធី តុង​ហ៊ី ឈ្នះ​នោះ ? ។

ចាំមើល ពានរង្វាន់​ប្រាក់​លាន​ទម្ងន់ ​៦៩ ​គីឡូក្រាម​លើក​ទី​២​នេះ នឹង​បាន​ទៅ​អ្នក​ប្រដាល់​រូប​ណាមួយក្នុងចំណោម​ ធន់ ដា​រ៉ា , មួន មូល , ឯម ឡេង​លី និង ធី តុង​ហ៊ី ​នេះ ?​។​

​ដោយឡែក សម្រាប់​ការប្រកួត​គូ​ឯក​វិញ​នោះ គឺ ចាន់ ចំរើន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ នឹងឡើង​សងសឹក ឡុង ជិន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ។ ពួកគេ​ទាំងពីរ​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់ ៦០ ​គីឡូក្រាម។ ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ម្តង​កាលពី​ថ្ងៃទី​០៤ ​មិនា ​២០១៧ ដែល​លទ្ធផល​ ចាន់ ចំរើន ចាញ់ ​ឡុង ជិន ដោយ​ពិន្ទុ។ ប៉ុន្តែ​ទោះជា​យ៉ាងណា រវាង​ ចាន់ ចំរើន និង ឡុង ជិន នេះ អ្នកណា​ឈ្នះ អ្នកណា​ចាញ់ គឺ​សុទ្ធតែ​តឹងតែង​ និង​វេទនា​ហើយ ព្រោះ​អ្នក​ប្រដាល់​ទាំងពីរ​នេះ សុទ្ធតែជា​ជើង​ខ្លាំងដូចគ្នា​។​ ចាន់ ចំរើន គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​ ពុទ្ធ សំបូរ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្សកីឡា​ដោយ​ពិន្ទុ ឯ ឡុង ជិន ប្រកួត​ចុងក្រោយ​គេ​វាយ​ឈ្នះ ​វឿន សា​វិ​ន អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ ដោយ​ពិន្ទុ ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684