ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន

ស្ទឹងត្រែង​ ៖ ​ ​ស្ត្រី​សង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ​ចែកចាយ​ថ្នាំញៀន ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ស្ទឹងត្រែង ធ្វើ​ការ​ចាប់​ឃាត់ខ្លួន ខណៈ​ដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ​ដកហូត​បាន​ថ្នាំញៀន​ (ICE) ចំនួន​២​កញ្ចប់​ធំ​ និង៤​កញ្ចប់​តូច។

ការ​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ខាង​លើ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​ ០០នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​១៣ ​ខែ​កញ្ញា ​ឆ្នាំ​២០១៧​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ។

លោក​ ចែម ផានិត​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា ស្ត្រី​សង្ស័យដែល​ត្រូវ​ឃាត់ខ្លួន​នោះ មានឈ្មោះ​ ប៊ិច សុ​ភី (​ហៅ​ភី​) ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បូរី ខេត្ត​ក្រចេះ​។

​លោក​ប្រធាន​ការិយាល័យ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ​ជនសង្ស័យ​ខាងលើ គឺជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​តាម​ប្រមាញ់​ជា​យូរ​មក​ហើយ ដោយ​ជួញដូរ​គ្រឿងញៀន​ពី​ខេត្ត​ស្ទឹងត្រែង​ ទៅ​ចែកចាយ​នៅ​ក្នុង​ភូមិ​ស្រុក​របស់​ខ្លួន ហើយ​ខណៈ​ពេលដែល​គេ​កំពុង​ធ្វើ​សកម្មភាព​នៅ​ចំណុច​ខាង​លើ ​ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។​ ក្រោយ​ការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ចំនួន​២​កញ្ចប់​ធំ ៤​កញ្ចប់​តូច ​ស្មើ​នឹង​ ៣០,១ និង​បាន​បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បីសាកសួរ​។

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ​គ្រឿងញៀន​នេះ ពិតជា​របស់ខ្លួន​ពិតប្រាកដមែន ​ដោយ​ខ្លួន​បាន​ទិញ​ពី​គេ​ម្នាក់​នៅ​ខេត្តស្ទឹងត្រែង យកទៅ​ចែកចាយ​បន្ត​នៅក្នុងខេត្តក្រចេះ តែ​មិន​ទាន់​បាន​លក់​ផង​ ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់​បាន​នៅ​តាម​ផ្លូវ​តែ​ម្តង​។​

បច្ចុប្បន្ន​ ស្ត្រី​សង្ស័យ​រួម​នឹង​វត្ថុតាង​ថ្នាំញៀន​ទាំង​៦​កញ្ចប់ ​ត្រូវ​បាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កំពុង​សាកសួរ រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ​​ខែ​កញ្ញា ​ស្អែក​នេះ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី។ ចំណែក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684