ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ចប់​បាក់​ឌុប​ បញ្ចប់​ជីវិត យុវតី​២នាក់ស្លាប់ និង​ម្នាក់​ទៀត​រង​របួស

កំពង់ធំ​ ៖ ​ យុវតី​៣​នាក់ បាន​ខិតខំ​សិក្សា​រៀន​សូត្រ​រហូត​ដល់​ប្រឡង​ជាប់​បាក់​ឌុប ហើយ​នាំគ្នា​ទៅ​ដាក់​ពាក្យ​ប្រឡង​ធ្វើ​គ្រូបង្រៀន តាម​ចិត្ត​ដែល​បាន​ប៉ងប្រាថ្នា តែ​ជា​អកុសល​ក៏​ត្រូវ​បាន​បញ្ចប់​ជីវិត​យ៉ាង​អាណោចអាធ័ម ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ គេ​បាន​ឃើញ​ក្មេង​ស្រី​ទាំង​៣នាក់​នេះ ​បបួល​គ្នា​ទៅ​ដាក់​ពាក្យ​ប្រឡង​ធ្វើ​គ្រូ​បង្រៀន នៅ​មន្ទីរអប់រំ​ខេត្ត​កំពង់ធំ​ លុះ​ដាក់​ពាក្យ​រួចរាល់​ ហើយ​ក៏បាន​នាំគ្នា​ជិះ​​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រីម សេ១២៥ ពណ៌​ខ្មៅ ឌុប​គ្នា​២​នាក់​ពីក្រោយ។ តែ​អកុសល​ក៏​​​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ កាលពីរសៀល​ថ្ងៃទី​១៣ ​ខែកញ្ញា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិ​ព្រៃ​ភ្លូ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ​។

យុវតី​៣​នាក់ ២​នាក់​ស្លាប់ និង​ម្នាក់​រង​របួស ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​បញ្ជាក់ថា ទី​១.ឈ្មោះ ស្រ៊ុន ពិពណ៍ អាយុ​១៩​ឆ្នាំ ​ទី​នៅ​ភូមិថ្មសំលៀង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ, ទី​២.​ឈ្មោះ​ ស៊ុន ម៉េងស្រឺ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា និង​អ្នក​របួសស្រាល​ឈ្មោះ​ លូន ស្រី​លាភ រស់នៅ​ភូមិ​ឃុំជាមួយគ្នា ក្រោយពី​កើតហេតុ អ្នករស់នៅ​ក្បែរ​កន្លែងកើតហេតុនោះ បាន​ចេញមក​ជួយសង្គ្រោះបឋមតែ​មិន​អាចជួយ​បាន និង​បានរាយ​ការណ៍ជូន​សមត្ថកិច្ច ដឹក​អ្នករបួស​ទៅកាន់មន្ទីរពេទ្យបង្អែក​ស្រុក​បារាយ​ណ៍​-​សន្ទុក ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​។

តាម​ការ​ឲ្យ​ដឹង​ពី​ជនរងគ្រោះដែល​របួស​បានបញ្ជាក់​ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់នេះ ដើមឡើយ​ពួកគេទើបតែ​ប្រឡង​ជាប់​បាក់​ឌុប​ថ្មីៗ ​ហើយ​បាន​ជិះម៉ូតូឌុប​គ្នា​មកពីដាក់ពាក្យប្រឡង​ធ្វើ​គ្រូបង្រៀន​នៅ​ខេត្តកំពង់ធំ នៅពេល​ត្រឡប់មកវិញក៏ត្រូវ​រថយន្ត​សាំ​យ៉ុងមួយ​គ្រឿង ពណ៌​ខៀវ ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង អក​សឺ​ជាន់​ហ្វ្រាំង​មិនទាន់ បាន​ជ្រុល​ទៅ​កិន​ពួកគេ បណ្ដាល​ស្លាប់​មិត្ត​ភក្ដិ​របស់​នាង​២​នាក់។ បន្ទាប់ពី​គ្រោះថ្នាក់ តៃកុង​ឡាន​បានបើក​គេចខ្លួនបាត់​ស្រមោល។ ករណី​នេះ ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា កំពុងធ្វើការ​ស្រាវជ្រាវ រក​រថយន្ត​បង្ក​គ្រោះថ្នាក់​ដើម្បី ចាត់ការ​តាមផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684