ព័ត៍មានទាន់​ហេតុការណ៏
Search

យស់ សំ​អាល់ ឡើងសាក​ស្នៀតគុន​ជាមួយ ​សួង សុវណ្ណ​ថា ម្តងទៀត ​បន្ទាប់ពី​ខាន​ជួបគ្នា​យូរ

​ភ្នំពេញ ៖ កីឡាករ​ខ្លាំង​ខាង​កម្លាំង​ស៊ុ​ហ្វ យស់ សំ​អាល់ អ្នក​ប្រដាល់​មកពី​ក្លិប​ឃ្លាំងមឿង​កីឡាខេត្តពោធិ៍សាត់ ឡើងសាក​ស្នៀតគុន​ជាមួយ​កីឡាករ​ដែល​ខ្លាំង​ខាង​ស្នៀត​ជើង សួង សុវណ្ណ​ថា អ្នក​ប្រដាល់​របស់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នៅលើ​សង្វៀន​ស៊ី​អិន​ស៊ី នា​រសៀលថ្ងៃអាទិត្យ​ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​។

​រវាង​កីឡាករ​ យស់ សំ​អាល់ និង​កីឡាករ​ សួង សុវណ្ណថា នេះជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​៦០​ គីឡូក្រាម ពួកគេធ្លាប់​ជួបគ្នា​ច្រើនដង​មកហើយ​នា​ទេ​កន្លងមក មាន​ឈ្នះ​មាន​ចាញ់​គ្នា​ទៅវិញទៅមក មួយរយៈក្រោយនេះ ​ពួកគេ​ទាំងពីរ​នាក់​ធ្លាប់​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ជាច្រើន​នាក់​ដូចគ្នា តែ​យ៉ាងណា​មកជួប​គ្នា​លើក​នេះ​ មិនទាន់​ដឹងថាកីឡាករ​ណា​ម្នា​ក់មាន​ព្រៀប​ជាង​កីឡាករ​ណានៅឡើយ​នោះទេ​។

​កីឡាករ ​យស់ សំ​អាល់ ការប្រកួត​កន្លងមក​ត្រូវបាន​គេ​ស្គាល់​ថា​ ជាកីឡាករ​កម្លាំង​យក្ស ព្រោះ​ជាទម្លាប់​ប្រកួត​របស់ ​សំ​អាល់ គឺ​វាយ​គូរ​ប្រកួត​គ្មាន​បន្ធូរបន្ថយ​ដៃ​ឡើយ កម្លាំង​មាន​ប៉ុន្មាន​គឺ​គេបញ្ចេញ​ទាំងអស់ ការ​វាយ​មិន​ដកថយ​នេះ​ ដែល​តែងតែ​ប្រើ​កម្លាំង​ខ្លាំងវាយ​សម្រុក​បំបាក់ស្មារតីគូប្រកួត​ឲ្យ​ចុះ​ញ៉ម ប៉ុន្ដែ​បើ​គូប្រកួតរបស់ខ្លួន​រឹងមាំ​វិញ​នោះ យស់ សំ​អាល់ ច្បាស់​ជាយ៉ាប់​របស់គេ​វិញ​មិន​ខាន​។

​ចំណែក​ស្នៀត​ខ្លាំង​របស់​ សួង សុវណ្ណ​ថា គឺ​ស្នៀត​ជើង​ទាត់ ហើយ​គេ​ជា​កីឡាករ​មានចិត្ត​ប្រដាល់​ធំ គ្រាន់តែ​អន់​ខាង​កម្លាំង​ស៊ុ​ហ្វ​បន្តិច​ប៉ុណ្ណោះ​។ ល្បិចកល​ក្នុងការ​ប្រកួត​របស់​កីឡាករ សួង សុវណ្ណ​ថា វាយ​មិន​ផ្សងព្រេង​នោះទេ ព្រោះ​គេ​មាន​ស្នៀត​ជើង​ខ្លាំង ហើយ​បញ្ចេញ​ម្តងៗ​ចំ​គោលដៅ​ច្បាស់​ទៀត។ និយាយ​រួម​ សួង សុវណ្ណ​ថា មិនជា​ខ្លាំង​នោះទេ តែ​ក៏​មិនជា​ខ្សោយ​ប៉ុន្មាន​ដែរ សមត្ថភាពរបស់គេបើ​គូរ​ប្រកួត​មាន​ប្រវត្តិ​ប្រហាក់ប្រហែលគ្នា​នោះ គឺ​ទៅ​មិន​រួច​ជាមួយ​គេ​ឡើយ​។

​បើតាម​អ្នកវិភាគ​កីឡាប្រដាល់​អះអាងថា ក្នុងការ​ប្រកួត​នេះ យស់ សំ​អាល់ គេ​មានសង្ឃឹម​ឈ្នះច្រើនជាង បើទោះជា​ពួកគេ​ជា​កីឡាករ​ជើងចាស់​ដូចគ្នា​ក៏ដោយ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី យស់ សំ​អាល់ មិនអាច​វាយ​ដោយ​កំហឹង​ឆេវឆាវ និង​កញ្ជ្រោល​នោះទេ បើ​ហ៊ាន​មើលស្រាល​ចំពោះ ​សួង សុវណ្ណ​ថា ហើយ​ភ្លាត់ស្នៀត​ចូល​ក្បាច់ផ្កាប់ចាន​របស់ ​សុវណ្ណ​ថា ក្នុង​ទឹក​ណាមួយ​នោះ​ច្បាស់​ជា​យ៉ាប់មិន​ខាន​។ ប៉ុន្តែ​បើតាម​មតិ​របស់​មហាជន​ភាគ​ច្រើន ​ដែល​តាមដាន​ការប្រកួត និង​ដែលមានទំនោរ​ទៅខាង​កីឡា​ករ សួង សុវណ្ណ​ថា វិញ​ បាន​លើកឡើងថា សុវណ្ណ​ថា មិន​ចាញ់​ឡើយក្នុង​ការប្រកួត​នេះ​។ ចាំមើល ​យស់ សំ​អាល់ និង ​សួង សុវណ្ណ​ថា ន​រណា​ជា​អ្នកឈ្នះ​?​។

​ចំណែក​គូ​ពិសេសៗ​ក្នុងការ​ប្រកួត​នេះ​ផងដែរ​ មានកីឡាករ ​ឡុង ស៊ី​ថេត អ្នក​ប្រដាល់​របស់​ក្លិបខ្លារខិន​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ បូ មករា អ្នក​ប្រដាល់​មកពី​ក្លិប​រាជសីហ៍ ខេត្ត​រតនគីរី ក្នុង​ប្រភេទ​ទម្ងន់​ ៦០​ គីឡូក្រាម​។ រីឯ​គូ​ពិសេស​ទី​២​ ផ្នែក​ប្រដាល់សកល​អាជីព កីឡាករ​ សុខុន រី​ហ្គេន អ្នក​ប្រដាល់​របស់​ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ ​ធន់ អៀង​ឡៃ អ្នក​ប្រដាល់នៃ​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ក្នុង​ប្រភេទ​ទម្ងន់​ ៤៥​ គីឡូក្រាម។

​គូ​ពិសេស​ទី​៣ ​ប្រដាល់​គុន​ខ្មែរ​ កីឡាករ​ ឡុង រ៉ា​មី អ្នក​ប្រដាល់​របស់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ជួប​ប្រកួតជាមួយ​កីឡាករ​ លីន វិបុល អ្នក​ប្រដាល់​នៃ​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់​ ៥៧ គីឡូក្រាម​ និង​គូ​ពិសេស​ទី​៥​ កីឡាករ​ សេង កំសត់ អ្នក​ប្រដាល់​មកពី​ក្លិប​គី​សែន​មាន​រិ​ទ្ធ​អាជ្ញាធរ​ជាតិអាវុធ​គីមី ជួប​ប្រកួត​ជាមួយ​កីឡាករ​ លី តឿន អ្នក​ប្រដាល់​របស់​ក្លិប​ម្កុដ​រាជសីហ៍ ក្នុង​ប្រភេទទម្ងន់​ ៦០ ​គីឡូក្រាម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684