ព័ត៍មានទាន់​ហេតុការណ៏
Search

ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង ​៖​ តើន​ណា​អាច​ទប់ទឹក​ភ្នែក​បាន​?​ ពេល​ទៅ​សួរ​សុខទុក្ខ​ដូច​ទៅ​ជូន​ដំណើរទៅ​ឋាន​សុគតិភព

​ភ្នំពេញ ៖ វា​ជា​រឿង​ដែល​គួរឱ្យ​រន្ធត់​បំផុត​កាលពី​ថ្ងៃ​ម្សិលមិញ កូនសិស្ស​រួម​ជំនាន់​គ្រប់ៗ​គ្នា បានចូលទៅ​ជួប​សួរសុខទុក្ខ​អតីត​លោកគ្រូ ស្រាប់តែ​ថ្ងៃនេះ​បានទទួល​ដំណឹង​ថា លោកគ្រូ​អនិច្ចកម្ម​ទៅហើយ អ្នកណាខ្លះ​យល់​ពី​អារម្មណ៍​មួយ​នេះ​?​ តើ​អាច​ទប់ទឹក​ភ្នែក​បានទេ​ ខណៈ​ទទួល​ស្ថានការណ៍​បែបនេះ?​។

ពេញ​មួយជីវិត​លោកគ្រូ ភុល ជឹម ជា​គ្រូ​អក្សរ​សាស្ត្រ​ខ្មែរ បាន​លះបង់កម្លាំងកាយ កម្លាំងចិត្ត និង​ពេលវេលាប្រហែល​ជិត​៤០​ឆ្នាំ បំពេញ​នូវ​កាតព្វកិច្ច​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន។​ លោកគ្រូបាន​ផ្តល់នូវ​ចំណេះវិជ្ជាជូន​ដល់​កូន​ខ្មែរ​ជាច្រើន​ពាន់​ម៉ឺន​នាក់ មាន​សិស្ស​​ខ្លះ​ក៏បាន​ធ្វើការ​ធំ សិស្ស​ខ្លះ​ក៏បាន​ក្លាយជា​ឧកញ៉ា សិស្ស​ខ្លះ​ធ្វើជា​មន្ត្រីរាជការ និង​សិស្ស​ខ្លះទៀត​ជា​អ្នក​រកស៊ី​ធម្មតា តែលោកគ្រូ​នៅតែ​ជា​គ្រូបង្រៀន​ដដែល​។

មួយ​ជីវិត​បង្រៀន​របស់​លោក​គ្រូ លោក​មិនដែល​ បាន​ជិះ​កង់ ម៉ូតូ ឡាន ទៅ​បង្រៀន​ដូច​គេ​ឯទៀត​ទេ លោក​តែង​ដើរចេញ​ផ្ទះ​ជាន់​លើ​ក្បែរ​អតីត​រោងកុន​ឋានសួគ៌ នៅ​ផ្លូវ​កម្ពុជា​ក្រោម ទៅ​បង្រៀន​នៅសាលា​បាក់​ទូក និង​សាលា​ជ័យ​ថា​វី​។ នេះ​ជាការ​ថ្លែង​បញ្ជាក់ឱ្យដឹងពី​លោក​ឧត្ដមសេនីយ៍ឯក​ រ័ត្ន ស្រ៊ា​ង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ខណៈ​ពេល​ដឹកនាំ​សិស្ស​រួម​ជំនាន់​ទៅ​សួរសុខទុក្ខ​លោកគ្រូ​ដល់​នៅ​មន្ទីរពេទ្យកាលពី​ម្សិល​មិញ​នេះ​។​

​នៅ​ចំពោះមុខ​លោកគ្រូ​លោក​ ឧ​ត្ត​ម​សេនីយ៍ រ័ត្ន​ ស្រ៊ាង បាន​បញ្ជាក់ថា ពួកយើង​ទាំងអស់គ្នាជា​អតីតកូនសិស្ស​លោកគ្រូ ធ្លាប់​រៀន​នៅ​សាលា​បាក់​ទូក បាន​ប្រមូល​ផ្តុំ​គ្នាទៅសួរសុខទុក្ខ​លោកគ្រូ ដែលកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រោះ​តែមាន​ជំងឺ​ទឹកនោមផ្អែម ​និង​រលាក​តម្រងនោម​។​

​ក្នុង​វ័យ​៧៤​ឆ្នាំ ស្រាប់តែ​លោកគ្រូ​ត្រូវ​ធ្លាក់ខ្លួន​ឈឺសម្រាក​លើ​គ្រែ ធ្វើ​ឲ្យ​ពួកយើងក្ដុកក្ដួល​អួលណែន​គ្រប់ៗ​គ្នា ពួកយើង​មិនដឹងថា នឹងត្រូវ​អត់ទ្រាំ​ទទួល​នូវ​ការឈឺចាប់​ជំនួស​លោកគ្រូបានដោយ​យ៉ាងណា​នោះទេ ពួកយើង​បាន​ត្រឹមតែ​រួបរួម​គ្នា ក្រោម​ការដឹកនាំ​ពី​រូប​លោក​ផ្ទាល់ ​និង​មិត្ត​រួម​ជំនាន់ ប្រមែប្រមូល​ថវិកា​បាន​ចំនួន​៤​ពាន់​ដុល្លារ ទុក​សម្រាប់​ជួយ​សម្រាល​បន្ទុក​គ្រួសារ ក្នុង​​ការ​ព្យាបាល​ជំងឺ​លោកគ្រូ​ប៉ុណ្ណោះ​។

​លោក​បន្តថា ប៉ុន្តែ​ថ្ងៃនេះ ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ពួកយើង​ស្រាប់តែ​ទទួលដំណឹង​ថា លោកគ្រូបាន​អនិច្ចកម្ម​ទៅហើយ តើ​ឲ្យ​ពួកយើង​ទប់ទឹក​ភ្នែក​ម្តេចនឹងបាន​? ដូច​នាំគ្នា​មក​ជូន​ដំណើរលោកគ្រូ​ទៅ​ទៅ​ឋាន​សុគតិភព​អញ្ចឹង​។ អ្នកណា​ទៅ​ដឹងថា ពេលវេលា​លោកគ្រូ​ផុត​លឿនយ៉ាងនេះ​?

​ហេតុអ្វី​ពួកយើងមិនអាច​ជួយ​ឲ្យ​ជំងឺ​លោកគ្រូ​បាន​ធូរ​ស្រាល​ប្រសើរឡើង​បាន​?​។​ លោកឧត្ដមសេនីយ៍​បន្តថា ​ថ្ងៃនេះ​ខ្ញុំ រួមជាមួយ​មិត្តភក្ដិ​រួម​ជំនាន់​នៃ​សាលា​បាក់​ទូក សូម​សម្តែង​នូវសេចក្តីសោកស្តាយ អាឡោះអាល័យ​យ៉ាង​ពន់ពេក ចំពោះ​មរណភាព​របស់លោក​គ្រូអក្សរ​សាស្ត្រខ្មែរ ភុល ជឹម និង​សូម​ចូលរួម​រំលែក​ទុក្ខយ៉ាង​ក្រៀមក្រំ ចំពោះ​ក្រុមគ្រួសារ​សព​លោកគ្រូ សូមឲ្យ​វិញ្ញាណក្ខន្ធ​ដ៏​មានគុណ​របស់​លោក​គ្រូ បាន​ទៅកាន់​សុគតិភព សោយសុខ​ក្នុង​ស្ថានសួគ៌អស់កាល​ជា​អង្វែង​តទៅ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684