ព័ត៍មានទាន់​ហេតុការណ៏
Search

ភូមិ​ត្រពាំង​ឈូក​ មាន​ស្ថានភាព​ល្អ​ប្រសើរ ​ក្រោយពេល​រាជរដ្ឋាភិបាល​បោសសំអាត​គ្រឿងញៀន

ភ្នំពេញ​ ៖ តំបន់​ខាងមុខ​មន្ទីរ​ពេទ្យព្រះ​កុ​សុ​មៈ (មន្ទីរពេទ្យ​លោកសង្ឃ) បច្ចុប្បន្ន​ឈ្មោះ ភូមិ​បុរី​កម្មករ អតីតភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នរណាៗក៏ដឹងថា គឺជា​តំបន់​ល្បីល្បាញបទល្មើស​គ្រឿងញៀន​ជាយូរ​ឆ្នាំ​មកហើយ។

​រាល់​ពេលដែល​សមត្ថកិច្ច​បង្ក្រាប​ជនសង្ស័យ​បាន​ម្តងៗ ក្រុម​ជនសង្ស័យ​ទាំងនោះ ភាគច្រើនតែងតែឆ្លើយ​សារភាពថា ពួកគេ​ទិញ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​តំបន់​ភូមិ​ត្រពាំង​ឈូក ជា​បន្តបន្ទាប់។ ដោយឡែក​សម្រាប់​អ្នករស់នៅ​តំបន់​ភូមិ​ត្រពាំង​ឈូក នេះ​ទៀតសោត ក៏តែងតែមានការ​ព្រួយ​បារ​ម្ភ​ជាប្រចាំ ដែល​ផ្តើមចេញពី​គ្រឿងញៀន អាច​កើតមាន​អំពើលួច ឆក់ ប្លន់ ក្មេងស្ទាវ បងតូច បងធំ កាប់​ចាក់​គ្នា ជា​ហូរហែ​។

​ផ្ទុយ​ទៅវិញ ​រហូតមកដល់​បច្ចុប្បន្ន​នេះ តំបន់​ភូមិបុរី​កម្មករ ( អតីត ភូមិ​ត្រពាំង​ឈូក ) មាន​ស្ថានភាពល្អប្រសើរ​ជាង​មុន ក្រោយពេលដែល​រាជរដ្ឋាភិបាល​បោសសំអាត​បទល្មើស​គ្រឿងញៀន ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​មួយ​នេះ សំដែង​ការ​ត្រេកអរ និង​សប្បាយរីករាយ​ក្រៃលែង ។​

ជាមួយគ្នានេះ​ផងដែ លោក មុត សុវណ្ណ នាយក​រដ្ឋបាល​ខណ្ឌ​សែន​សុខ ក៍បាន​ប្រាប់​ឲ្យ​ដឹងថា បើទោះបី​ភូមិ​ត្រពាំង​ឈូក នេះ បទល្មើស​គ្រឿងញៀន ត្រូវបាន​កាត់បន្ថយ​ច្រើន​ក៍​ពិតមែន ប៉ុន្តែ ក៍​មាននៅ​សេសសល់​ខ្លះៗ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដាក់​កម្លាំង​យាមកាម​ជាប្រចាំ ទាំងយប់ ទាំង​ថ្ងៃ ដើម្បី​ល្បាត ឃ្លាំមើល​ក្រុម​ជនល្មើស​មួយចំនួន​តូច ដែល​ឆ្លៀត​ឪ​កាស​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ផ្សេងៗ ដោយ​ធ្វើយ៉ាងណា ការពារ​ឲ្យ​បាន មិន​ឲ្យ​កើតមាន​បទល្មើស​គ្រឿងញៀន​បន្តទៅទៀត​នោះទេ ។​

ទោះយ៉ាងណា​ក្តី ​លោក មុត សុវណ្ណ ក៏បាន​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ពិធី​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ប្រពៃណី​ខ្មែរ អាជ្ញាធរ​ខណ្ឌ​សែន​សុខ ក៏បាន​ត្រៀមកម្លាំង​សមត្ថកិច្ច​នៅ​ទូទាំង​ខណ្ឌជាច្រើនរូប ដើម្បីការពារ សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ នា​រដូវ កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ប្រពៃណី​ខ្មែរ​យើង​នេះ ឲ្យ​បានល្អ​ប្រសើរ ដូច​បណ្តា​ឆ្នាំមុនៗ​ផងដែរ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684