ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខេត្ត​តាកែវ ​អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​អ្នកជំងឺ

​តាកែវ ៖ នៅ​ល្ងាច​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០១៧ លោក ឡាយ វណ្ណៈ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ ​បានដឹកនាំ​គណៈប្រតិភូ មន្ត្រី​ក្រោមឱ​វាទជាច្រើនរូប​ផងដែរ អញ្ជើញ​ចុះសួរសុខទុក្ខលោក កង សំអឿន សមាជិក​ក្រុមប្រឹក្សា​ខេត្តតាកែវ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន​។

លោក​ ឡាយ វណ្ណៈ បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​​​អ្នកជំងឺ​ថា សូមឱ្យបង​ពិសា​ថ្នាំឱ្យបាន​ទៀងទាត់ និង​ថែរក្សា​សុខភាព​ឱ្យ​បានល្អ​ ដើម្បីឱ្យ​សុខភាព​បានល្អ​ប្រសើរឡើង​វិញ។ ក្រោយមក លោកអភិបាល​ក៏បាន​ជូន​ថវិកា​មួយចំនួន និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ដល់​លោក កង សំអឿន ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន​គាត់ ស្ថិតក្នុង​ភូមិ​ស្នោ សង្កាត់​រកា​ក្រៅ ក្រុងដូន​កែវ ខេត្តតាកែវ ។

​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០១៧ លោក ឡាយ វណ្ណៈ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានឆ្លៀតពេល​ដ៏​មមាញឹក​ចុះទៅ​សាកសួរ​សុខទុក្ខដល់​លោក ផេង ភុ​ន អភិបាលរង​ស្រុកកោះអណ្តែត ដែល​កំពុងមាន​ជំងឺ​ជា​ទម្ងន់ សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​របស់គាត់​ ស្ថិតនៅភូមិ​រមេញ ឃុំ​រមេញ ស្រុក​កោះអណ្តែត ខេត្តតាកែវ។

នា​ឱ​កាស​នោះ​ផងដែរ លោក​អភិបាល​បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ខ្ញុំ​មក​សួរ​សុខទុក្ខ​ដ​ល់បងៗជាអ្នកជំងឺ ​និង​ជូន​ជា​ថវិកាបន្តិចបន្តួច​ដល់​បងប្អូន នេះ​ជា​ទឹកចិត្ត​ជួយ​គ្នា​ក្នុង​គ្រា​មាន​ជំងឺ ហើយសូមបង​ព្យាយាម​ពិសា​ថ្នាំ​ឱ្យបាន​ទៀត​ទាត់តាម​វេជ្ជបញ្ជា​ ដើម្បី​សុខភាព​បានល្អ​ប្រសើរ​ឡើងវិញ និង​ជូនពរ​បងៗឆាប់​ជាសះស្បើយ​ពី​ពេលនេះ​តទៅ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684