ព័ត៍មានទាន់​ហេតុការណ៏
Search

រុស្ស៊ី​ ចាប់​ផ្តើមធ្វើ​សមយុទ្ធ​សង្គ្រាម​នៅ​ភាគ​ខាងកើត​របស់​អង្គការ​ណា​តូ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​រុស្ស៊ី​ បាន​ធ្វើ​សម​យុទ្ធ​យោធា​រួមគ្នា​ជាមួយ​ប្រទេស​បេឡា​រូស​នៅ​តាម​បណ្ដោយ​ផ្នែក​ភាគ​ខាងកើត​នៃ​សហភាព​អឺរ៉ុប​ដែល​នេះ​ជា​ការ​បង្ហាញ​កម្លាំង​មួយ​ធ្វើ​ឲ្យ​សមាជិក​អង្គការ​ណា​តូ​មានការ​ព្រួយបារម្ភ។

ដោយមាន​ឈ្មោះថា Zapad-2017 (West-2017), សមយុទ្ធ​នេះ​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​រហូតដល់​ថ្ងៃ​ទី​២០​ខែកញ្ញា​។​

ក្រុង​មូស្គូ​បាន​និយាយថា​សមយុទ្ធ “​ការពារ​សុទ្ធសាធ​” នេះ​ដែល​ចូលរួម​ដោយ​កងទ័ព​ចំនួន​១២,៧០០​នាក់​គឺ​ដើម្បី​សាកល្បង​កម្លាំង​របស់​ពួកគេ​ប្រឆាំងនឹង​សត្រូវ​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ប៉ូឡូញ​ និង​រដ្ឋ​បាល់​ទិ​ក​។​

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ អង្គការ​ណា​តូ​បាន​អះអាងថា ប្រទេស​រុស្ស៊ី​បាន​ព្យាយាម​លាក់បាំង​វា​ហើយ​រាយការណ៍​តិចតួច​អំពី​ទំហំ​នៃ​សមយុទ្ធ​នេះ​ខណៈ​សមាជិក​មួយចំនួន​នៃ​ភាគ​ខាងកើត​របស់​សម្ព័ន្ធភាព​នេះ​បាន​ទទូចថា កងទ័ព​ជាង​១០០,០០០​នាក់​អាច​មើលឃើញ​ចូលរួម​។​

សមយុទ្ធ​នេះ​បានកើត​ឡើងខណៈ​ភាព​តានតឹង​រវាង​ប្រទេស​រុស្ស៊ី​និង​ណា​តូ​ស្ថិតនៅ​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​សង្គ្រាមត្រជាក់​មក​ដោយសារតែ​ការជ្រៀតជ្រែក​របស់​វិមាន​ក្រឹម​ឡាំង​នៅ​អ៊ុយ​ក្រែ​ន​និង​សម្ពន្ធភាព​ដឹកនាំ​ដោយ​អាមេរិក​កំពុង​ពង្រឹង​កងកម្លាំង​របស់​ខ្លួន​នៅ​អឺរ៉ុប​ខាងកើត​។​

អ្នកជំនាញ​ខាង​យោធា​រុស្ស៊ី​លោក Alexander Golts បាន​ប្រាប់ AFP ថា ទីក្រុង​មូ​ស្គូ​ស្ទាត់ជំនាញ​សម្រាប់​ការហ្វឹកហាត់​បែបនេះ​ពីព្រោះ​ខ្លួន​មិន​ចង់​ឲ្យ​អ្នក​សង្កេត​ការ​បរទេស​ចូលរួម​ឡើយ​។​

វិមាន​ក្រឹម​ឡាំង​បាន​ការពារ​សិទ្ធិ​របស់​ខ្លួន​ក្នុងការ​រៀបចំ​សមយុទ្ធ​ហើយ​បាន​ស្តីបន្ទោស​អាមេរិក​ជា​យូរ​មក​ហើយ​ចំពោះ​ការ​បង្កើន​ភាព​តានតឹង​ដោយ​ពង្រីក​ណា​តូ​រហូតដល់​ព្រំដែន​របស់ខ្លួន​និង​ធ្វើ​សមយុទ្ធ​បង្កហេតុ​ដោយ​ខ្លួនឯង​។​

សមយុទ្ធ​រុស្ស៊ី​បាន​កើតឡើង​ចំពេល​ដែល​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ​បានធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​អាមេរិក​ និង​បណ្ដា​ប្រទេស​អង្គការ​ណា​តូ​ផ្សេងទៀត​។​

ទន្ទឹម​នឹង​នេះ​ដែរ ប្រទេស​ស៊ុយអែត​បាន​ប្រមូល​កងទ័ព​ចំនួន​១៩,០០០​នាក់​សម្រាប់​ការ​ធ្វើ​សម​យុទ្ធ​ធំ​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​រាប់បញ្ចូល​ទាំង​អង្គភាព​មកពី​ទូទាំង​ប្រទេស​ស្គែ​ន​ឌី​ណា​វ៉ា​និង​សហរដ្ឋអាមេរិក​ផង​ដែរ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684