ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីការបរទេស​កម្ពុជា អរគុណ​ចំពោះ​ឯកអគ្គរដ្ឋទូត​វៀតណាម ដែល​បាន​ចូលរួម​ពង្រឹងពង្រីកទំនាក់ទំនង​វាង​ប្រទេស​ទាំងពីរ

​ភ្នំពេញ ​៖ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ មាន​ប្រកាស​ន៍បែបនេះ ខណៈដែល​លោក​បាន​អនុញ្ញាត​ឲ្យ​លោក ថាច់ ឌឺ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា កាលពី​ព្រឹក​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួងការបរទេស​។

​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ថ្លែងប្រាប់ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​ពិភាក្សា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកអគ្គរដ្ឋទូត​វៀតណាម ដែល​បាន​ចូលរួម​នូវ​វិភាគទាន​ដ៏​សំខាន់នៃការពង្រឹង​ពង្រីក​បន្ថែម​ទៀត​ នូវ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើ​គ្រប់​វិស័យ ហើយ​ទទួលបាន​លទ្ធផល​ខ្ពស់​នៅក្នុង​អាណត្តិបេសកកម្ម​ការទូត​របស់​លោ​កនៅ​កម្ពុជា ទទួលបាន​ជោគជ័យ​។

​តាម​លោក ​ជុំ សុន្ទរី នៅក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោក ថាច់ ឌឺ ឯកអគ្គរដ្ឋទូត​វៀត​ណា​មប្រចាំ​កម្ពុជា មានការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច នៃ​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​រវាង​ប្រទេស​ទាំងពីរ ពិសេស​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​២០១៥ និង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ កន្លងមក និង​ទស្សនកិច្ច​ផ្លូវការ​របស់​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ទៅ​ប្រទេសវៀតណាម ក្នុង​ឆ្នាំ​២០១៧​។

ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយនឹង​ដំណើរទស្សនកិច្ច​ផ្លូវការ​របស់លោក​ទេស​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ពេល​ឡើងកាន់តំណែង​ជារដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទៅ​ប្រទេស​វៀតណាម នា​ខែមិថុនា ឆ្នាំ២០១៦ និង​ដំណើរ​ទស្សនកិច្ច​សំខាន់ៗ​របស់​ថ្នាក់ដឹកនាំ​វៀតណាម មក​កម្ពុជា​ដូចជា ដំណើរទស្សនកិច្ច​រប​ស់អគ្គ​លេខា​ធិ​បក្ស​កុម្មុយនិស្ត​វៀតណាម និង​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋវៀតណាម​មក​កម្ពុជា និង​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​ម​ន្ត្រិវៀតណាម ដំណើរ​ទស្សនកិច្ចប្រធានរដ្ឋសភា​វៀតណាម និង​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រី​កាបរទេស​វៀតណាម​មក​កម្ពុជា កាលពីដើមឆ្នាំ​២០១៧​។

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ថា កម្ពុជា វៀតណាម មាន​កិច្ច​សហការគ្នា​លើ​គ្រប់វិស័យ ហើយ​ប្រទេស​ទាំងពីរ​បាន​សហការ​គ្នា​ប្រារព្ធ​ខួប​ទី​៥០​ឆ្នាំ​ នៃ​ទំនាក់ទំនង​ការទូត​នៃប្រទេស​ទាំងពីរ​។

​ជាការ​ឆ្លើយតប ​លោក ថាច់ ឌឺ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​កម្ពុជា បានជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ដែល​កន្លងមក​ក្រសួងការបរទេស​មាន​កិច្ចសហការជាមួយគ្នា​បានល្អ ដែល​បាន​ជួយ​សម្រួល​គ្រប់យ៉ាង ដើម្បី​លោក​បាន​បំពេញការងារទទួលបាន​ជោគជ័យ​នៅក្នុង​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។

​ជាមួយគ្នា​នោះដែរ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម បាន​ជម្រាប​លោក​ទេសរដ្ឋមន្ត្រី​ថា វៀតណាម និង​កម្ពុជា បាន​បន្ត​ពង្រឹងពង្រីក​ទំនាក់​ទំ​ង​ការទូត ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី ​និង​ជា​អ្នកជិតខាង​ល្អ និង​មាន​កិច្ចសហការ​ល្អ​គ្រប់​វិស័យ និង​មាន​កិច្ចសហការ​ល្អ​ទ្វេភាគី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684