ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការ​កូរ៉េខាងជើង​មួយ​ ទាមទារ​ឲ្យ​កម្ទេច​អាមេរិក​ទៅជា “​ផេះ​និង​ភាព​ងងឹត​”

នៅ​ថ្ងៃ​ព្រហស្បតិ៍ អង្គការ​កូរ៉េខាងជើង​មួយ ​បាន​ទាមទារ​ឲ្យ​វាយ​អាមេរិក​រហូតដល់​ស្លាប់​ដូចជា “​ឆ្កែឆ្កួត​” ដោយសារតែ​ការដឹកនាំ​ដាក់ទណ្ឌកម្ម​ថ្មី​របស់​អង្គការសហប្រជាជាតិ​លើ​ក្រុង​ព្យុងយ៉ាង​អំពី​ការសាកល្បង​នុយក្លេអ៊ែរ​ចុងក្រោយ​របស់​ខ្លួន​។ អង្គការ​នេះ​បាន​និយាយ​ទៀត​ថា ប្រទេស​ជប៉ុន​ត្រូវតែ “​លិច​ចូល​ក្នុង​សមុទ្រ​”​។

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានដាក់​ចេញ​នូវ​ទណ្ឌកម្ម​ទី​៨​លើ​កូរ៉េខាងជើង​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ហាមឃាត់​ការជួញដូរ​វាយនភណ្ឌ ​និង​ដាក់​កម្រិត​ការនាំ​ចូល​ប្រេង​របស់ខ្លួន​មួយ​សប្តាហ៍​បន្ទាប់ពី​ក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​នូវ​អ្វីដែល​គេ​និយាយថា​ជា​គ្រាប់បែក​អ៊ីដ្រូសែន​តូច​ល្មម​នឹង​ដាក់​នៅលើ​មី​ស៊ី​ល​មួយ​គ្រាប់​ដែលជា​ហេតុ​បង្ក​ភាព​តានតឹង​នៅលើ​ឧបទ្វីប​នេះ​។​

អ្នកនាំពាក្យ​របស់​គណៈ​ក​ម្មា​ធិ​ការ​សន្តិភាព​អាស៊ី​-​ប៉ាស៊ីហ្វិក​កូរ៉េខាងជើង (KAPPC) បានប្រកាស​ថ្កោលទោស​ចំពោះ “​សេចក្តីសម្រេច​ដាក់ទណ្ឌកម្ម​យ៉ាង​សាហាវ​” និង​បាន​និយាយថា មានការ​អំពាវនាវ​កាន់តែខ្លាំង​ឲ្យ​មានការ​សងសឹក​ប្រឆាំងនឹង​អាមេរិក​ព្រមទាំង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​

អ្នកនាំពាក្យ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ KCNA ថា “​កងទ័ព​និង​ប្រជាជន​កូរ៉េខាងជើង​បាន​តម្រូវ​ជា​ឯកច្ឆន្ទ​ថា ពួក​អាមេរិកាំង​ដែលជា​អ្នក​នាំ​ដាក់ទណ្ឌកម្ម​គួរតែ​ត្រូវ​វាយ​ឲ្យ​ស្លាប់​ដូចជា​ឆ្កែឆ្កួត​”​។​

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​និយាយ​ថា “​ឥឡូវនេះ វា​គឺជា​ពេលវេលា​ដើម្បី​បំផ្លាញ​អ្នក​ឈ្លានពាន​ចក្រពត្តិនិយម​សហរដ្ឋអាមេរិក​។ យើង​នឹង​កម្ទេច​អាមេរិក​ឲ្យ​ក្លាយជា​ផេះ​និង​ភាព​ងងឹត​”​។​
KAPPC បាន​ព្រមាន​ទៀតថា “​កោះ​បួន​នៃ​ប្រជុំ​កោះ​របស់​ប្រទេស​ជប៉ុន​គួរតែ​ត្រូវ​បាន​លិច​ចូលក្នុង​សមុទ្រ​ដោយ​គ្រាប់បែកនុយក្លេអ៊ែរ​”​។​

ការបាញ់​បង្ហោះ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​លើ​កោះ​ហុក​កៃ​ដូ​បានធ្វើ​ឲ្យ​កណ្តឹង​ប្រកាសអាសន្ន​រោទិ៍​និង​បណ្តាល​ឲ្យ​ស្នូរ​ស៊ី​រ៉ែ​ន​បន្លឺឡើង​ហើយ​បញ្ជូន​សារ​ដ៏​ធំ​នៅ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​។​

ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​កូរ៉េខាងជើង​និយាយថា ខ្លួន​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​ពី​កងកម្លាំង​សហរដ្ឋអាមេរិក​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684