ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​សម្តែង​ការសោកស្តាយចំពោះ អសប ដែល​បាន​ចោទប្រកាន់ ដោយ​មិនបាន​គិតដល់​ទិដ្ឋភាពច្បាប់

​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បាន​សម្តែង​ការសោកស្តាយ ចំពោះ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស​អង្គការសហប្រជាជាតិ អសប​ ដែល​បានធ្វើការ​ចោទប្រកាន់​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​មិនបាន​យកចិត្តទុកដាក់​ដល់​ទិដ្ឋភាពច្បាប់ ដែល​ស្ថិតនៅ​ពីក្រោយ​ការ​រំលោភ​បំពាន​ដ៏​ធ្ងន់ធ្ងរ​របស់​បុគ្គល និង​ស្ថាប័ន​នានា នេះបើតាម​សេចក្តីថ្លែងការណ៍​។

​សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ បានន​លើកឡើងថា “​អ្នកនាំពាក្យ​ក្រសួងការបរទេស ​សូមសម្តែងការខកចិត្តចំពោះ​សេចក្តីថ្លែងការណ៍​របស់​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស ​របស់អង្គការសហប្រជាជាតិ​ នៅក្នុង​សម័យប្រជុំ​លើក​ទី​៣៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​បានប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ ចំពោះ​វិធានការ​ផ្ទៃក្នុង​នាពេល​ថ្មីៗ​នេះ ប្រកាន់យកដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។

​តាមលោក ជុំ សុន្ទរី ទោះបីជា​មានការ​ពន្យល់​ជាច្រើនលើក ​ដោយរាជរដ្ឋាភិបាល​កម្ពុជា តុលាការ និង​រដ្ឋសភា​យាង​ណាក៏ដោយ ជាការ​គួរ​ឲ្យ​សោកស្តាយ ដែល​ឧ​ត្ត​ម​ស្នងការសិទ្ធិមនុស្ស បានធ្វើការចោទប្រកាន់​ដោយ​ផ្តោត​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​មិនបាន​យកចិត្តទុកដាក់​ដល់ទិដ្ឋភាព​ច្បាប់ ដែល​ស្ថិតនៅ​ពីក្រោយ​ការរំលោភបំពាន​ដ៏​ធ្ងន់ធ្ងរ​របស់​បុគ្គល និង​ស្ថាប័ន​នានាប្រឆាំងនឹង​ច្បាប់ ដែល​នៅ​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ សេចក្តី​ថ្លែងការណ៍​រប​ស់ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស បាន​បង្កើតជា​ចម្ងល់​លើ​អភិក្រម​របស់ខ្លួន ចំពោះ​នីតិរដ្ឋ ដែលជា​ផ្នែកសំខាន់​នៃ​ស្ថាប័ន​ដ៏​គួរ​ឲ្យ​គោរព​នេះ និង​ការគោរព​របស់គាត់​ចំពោះ​ឯករាជ្យភាព​​តុលាការ​កម្ពុជា​។

​លោក ជុំ សុន្ទរី លើកឡើង​ទៀតថា ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស គួរ​ធ្វើការ​បំភ្លឺ​នៅក្នុងសេចក្តីថ្លែងការណ៍​របស់​គាត់​ថា តើ​ផ្អែកលើ​មូលដ្ឋានអ្វីដែល​បុគ្គល​ប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ និងសន្ទិដ្ឋភាព ជាមួយ​ប្រទេសអង្គការក្រៅរដ្ឋាភិបាល ដែល​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត​ដោយមិនមាន​ច្បាប់​អនុញ្ញាត និង​សារព័ត៌មាន​ដែល​មិនបាន​បង់ពន្ធ អាច​គេច​ផុតពី​ការពង្រឹងការអនុវត្ត​ច្បាប់?។ សិទ្ធិ​នយោបាយ និង​សិទ្ធិ​ស៊ីវិល សេរីភាព​សារព័ត៌មាន សេរីភាព​នៃការជួបជុំ និង​បញ្ចេញមតិ ត្រូវបាន​ការពារ​យ៉ាង​ពេញលេញ​នៅ​កម្ពុជា ហើយ​មនុស្ស​គ្រប់រូប​កំពុងទទួលបាន​សេរីភាព​ទាំងនេះ លើកលែងតែបុគ្គល​ដែល​រំលោភច្បាប់ ដែលមាន​ចំនួន​តិចតួចបំផុត​។

​អ្នកនាំពាក្យ​លើកឡើង​ទៀតថា ការជ្រើសរើស​ករណី​ទាំងនេះ ដើម្បី​ពណ៌នា​រូបភាព​ទាំងស្រុង​របស់កម្ពុជា គឺជា​ការវិនិច្ឆ័យ​ខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ ហើយ​ការពារ​អ្នករំលោភ​ច្បាប់ ក្នុងនាម​សិទ្ធិមនុស្ស គឺជា​ការដើរ​ផ្ទុយ​ពី​បេសកកម្ម​របស់​ស្ថាប័ន​ដ៏​គួរ​ឲ្យ​គោរព​នេះ​។

​សូមបញ្ជាក់ថា លោក ហ្សេ​ដ រ៉ា​អាដ អាល់ ហ៊ូ​សេន (Zeid Ra’ad Al Hussein) ឧ​ត្ត​ម​ស្នងការអង្គការសហប្រជាជាតិ ​ទទួលបន្ទុក​សិទ្ធិមនុស្ស បានធ្វើ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ក្នុង​កិច្ចប្រជុំលើក​ទី​៣៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ បាន​សម្ដែង​ក្ដីព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​ការចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ មិនត្រឹមតែ​ប៉ុណ្ណោះ លោក អាល់ ហ៊ូ​សេន ក៏បាន​លើកឡើង​ផងដែរ អំពី​ការបិទ​អង្គការ​សង្គម​ស៊ីវិលអន្ដរជាតិ NDI ការដកហូត​អាជ្ញាប័ណ្ណ​របស់​វិទ្យុ​មួយចំនួន និង​ការបិទទ្វារ​របស់​កាសែត The Cambodia Daily ផងដែរ​ ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​នូវ​សិទ្ធិ​នយោបាយ សិទ្ធិ​ស៊ីវិល និង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពេញលេញ មុន​ការបោះឆ្នោត​នា​ឆ្នាំក្រោយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684