ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រើសជាតិ​កម្ពុជា កើន​ចំណាត់ថ្នាក់​៤​លេខ ​ក្នុង​តារាង​ពិភពលោក​ប្រចាំ​ខែក​ញ្ញា​នេះ តែ​នៅលើប្រទេស​អាស៊ាន​២​ផ្សេងទៀត

​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ ឬ ហៅ​កាត់​ថា FIFA បាន​បញ្ចេញ​តារាង​ចំណាត់ថ្នាក់ក្រុមបាល់ទាត់​ទាំងអស់​ជា​សមាជិក​របស់ខ្លួន (FIFA World Ranking) ដែលមាន ២០៨ប្រទេស ប្រចាំខែកញ្ញា ឆ្នាំ​២០១៧ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកញ្ញា ​នេះ ស្របពេល​ក្រុម​កម្ពុជា នៅ​ឈរ​ចំណាត់ថ្នាក់​ចំនួន​លេខ​១៧២ ពោល គឺ​ឡើង​ចំណាត់​ថ្នាក់៤​លេខ បើធៀប​ទៅនឹង​ខែសីហា កន្លងទៅ​ ដែល​ឈរ​លេខ​ ១៧៦​។​

​យោងតាម​វិ​ប​សាយ fifa.com បាន​បញ្ជាក់ថា ​តារាង​ចំណាត់ថ្នាក់​នេះ​គិត​ចាប់ពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧ ​ខាងមុខ​។ តារាង​ចំណាត់ថ្នាក់​នេះ​ មានការប្រែប្រួល​តិចតួច​ ព្រោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា មិនមាន​សកម្មភាព​នោះទេ​កាលពី​ខែសីហា កន្លងទៅ ខណៈ​ក្រុម​អាស៊ាន​មួយ​នេះ​បាន​ប្រកួត​ជម្រុះ​ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup 2019 UAE) ចាញ់​ក្រុម​ជម្រើសជាតិ​វៀតណាម ២​ទល់​១ ទាំង​ប្រផុតប្រផើយ​។​

​សរុប​តារាង​ចំណាត់ថ្នាក់​ប្រចាំ​តំបន់​អាស៊ាន ប្រទេស​ហ្វីលីពីន បន្ត​ឈរលើ​គេ​ដោយមានចំណាត់ថ្នាក់​លេខ ១២៣ ហើយ​ជម្រើសជាតិ​វៀតណាម បាន​វ៉ា​ឡើង​មកឈរ​លេខ​២ ប្រចាំ​តំបន់ ក្នុង​ចំណាត់ថ្នាក់ ​១៣០ ពិភពលោក, ក្រុម​ថៃ ធ្លាក់​ទៅ​លេខ​៣ ដែល​កាន់​លេខ១៣០​ ស្ទួន​,​ មី​យ៉ាន់​ម៉ា លេខ​១៥២,​ សិង្ហ​បុរី លេខ​១៦២, ឡាវ លេខ​១៦៦, ក្រុម​ម៉ាឡេស៊ី លេខ១៦៦​ស្ទួន​, ឥណ្ឌូណេស៊ី លេខ​១៦៩, កម្ពុជា លេខ១៧២, ប្រ៊ុយណេ លេខ១៨៦ និង ទី​ម័​រ​ខាងកើត លេខ​១៩២​។​

​បើ​រាល់​តារាង​ចំណាត់ថ្នាក់​ក្រុម​ល្អ​ទាំង​១០ ប្រចាំ​ទ្វីបអាស៊ី ក្នុង​ខែកញ្ញា នេះ​មាន​អ៊ីរ៉ង់ ឈរ​លេខ​២៥, ជប៉ុន លេខ​៤០, អូស្ត្រាលី លេខ៥០, កូរ៉េខាងត្បូង លេខ​៥១, អារ៉ាប៊ីសាអ៊ូឌីត លេខ​៥៣, ​ចិន លេខ៦២, អ៊ូ​បេ​គី​ស្ថាន លេខ៦៩, អារ៉ាប់​រួម លេខ៧២, ស៊ី​រី លេខ​៧៥ និង​កាតារ លេខ​៨៥ ពិភពលោក​។​

​សម្រាប់​ចំណាត់ថ្នាក់​ក្រុម​ខ្លាំងជាងគេ​ប្រចាំ​ពិភពលោក​ក្នុង​ខែកញ្ញា នេះ​ មាន​អាល្លឺម៉ង់ ឡើង​មកឈរចំណាត់ថ្នាក់​លេខ​១ វិញ​ហើយ ខណៈ​ក្រុម​ប្រេ​ស៊ី​ល ធ្លាក់​ទៅ​ឈរ​លេខ​២ ហើយ​ព័រ​ទុយ​ហ្គាល់ ឈរ​លេខ​៣ ,​អា​ហ្ស​ង់​ទីន ធ្លាក់​ទៅ​លេខ ៤, ប្រទេស​ប៊ែ​ល​ហ្សិ​ច ឈរ​លេខ​៥, ប៉ូឡូញ​ ឈរលេខ៦, ស្វី​ស ធ្លាក់​ទៅ​លេខ​៧, បារាំង ​ឡើងទៅ​លេខ​៨, ឈី​លី ធ្លាក់​ទៅ​លេខ៩ និង កូ​ឡុំ​ប៊ី ឈរ​ចំណាត់ថ្នាក់​លេខ​១០៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684