ព័ត៍មានទាន់​ហេតុការណ៏
Search

សូម​អបអរសាទរ ដល់​យុវជន​ខ្មែរ ១២​រូប ជាប់​ឈ្មោះ ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ក្នុង​កម្មវិធី JENESYS

​ភ្នំពេញ​៖ តាមរយៈ​ក្រសួងការបរទេស​ជប៉ុន យុវជន​ជ័យលាភី​ចំនួន ១២​រូប ត្រូវបាន​អ​ញ្ចើ​ញ ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ជប៉ុន ក្រោម​កម្មវិធី​បណ្តាញ​ផ្លាស់ប្តូរ​សិស្ស និស្សិត និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត ដែល​ហៅ​កាត់​ថា JENESYS 2017 ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី​២៦ ខែកញ្ញា ខាងមុខនេះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។​

កម្មវិធី JENESYS 2017 មាន​គោលបំណង​ជម្រុញ​ការយល់ដឹង និង​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក ក្នុងចំណោម​ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេស​ចូលរួម និង​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ នៃ​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​នាពេល​អនាគត​។ តាមរយៈ​កម្មវិធី​នេះ ក្រសួងការបរទេស​ជ​ប៉ុន បាន​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន​ជាង ២០០០​នាក់​ហើយ តាំងពី​ឆ្នាំ​២០០៧​មក​។​

​ស្ថាន​ទូ​ន​ជប៉ុន បាន​ឲ្យ​ដឹងថា ក្រោយ​ការ​ទស្សនា​នៅ​ទីក្រុង​តូ​ក្យូ ក្រុមយុវជន​នឹងត្រូវ​បែងចែក​ទៅតាម​ក្រុម អាស្រ័យ​លើ​ប្រធានបទ​នីមួយៗ ហើយ​ក្រុមយុវជន​នឹង​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​អ៊ី​វ៉ា​តិ​, ខេត្ត​មី​យ៉ា​គី​, ខេត្ត​ហ្វូ​គូ​អ៊ុ​កា និង​ខេត្ត​គូ​ម៉ា​ម៉ូ​តុ ដើម្បី​ចូលរួម​សន្និសីទ​និស្សិត បណ្តាល​ប្រទេស​អាស៊ាន​-​ជប៉ុន និង​កម្មវិធី​ផ្លាស់ប្តូរ​ផ្សេងទៀត ជាមួយ​ស្ថាប័ន​និង​ក្រុមហ៊ុន​មួយចំនួន ដែល​ពាក់ព័ន្ធ​ទៅនឹង​ប្រធានបទ​របស់ខ្លួន​។ ក្រុមយុវជន​ក៏​នឹងមាន​ឱកាស ទៅ​ទស្សនា​នៅ​តំបន់​ប្រវត្តិសាស្ត្រ​មួយចំនួន​នៅ​ប្រទេស​ជប៉ុន​ផងដែរ​។​

“​យើងខ្ញុំ​សង្ឃឹមថា​អ្នកចូលរួម​នឹង​អាច​យល់ដឹង​អំពី​ប្រទេស​ជប៉ុន​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ព្រមទាំង​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​ទៅកាន់​ប្រជាជន កម្ពុជា បន្ទាប់ពី​វិល​ត្រលប់​មកវិញ​។​” ស្ថានទូត​ជប៉ុន បញ្ជាក់បន្ថែម​នៅក្នុង​សេចក្តីប្រកាស់​ព័ត៌មាន​របស់ខ្លួន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684