ព័ត៍មានទាន់​ហេតុការណ៏
Search

សមាជិកសភាណូវែលហ្សេឡង់​ ដើមកំណើត​​​ចិនបដិសេធ​ថា មិន​ធ្វើ​ចារកម្មឲ្យក្រុងប៉េកាំងទេ

សមាជិកសភាណូវែលហ្សេឡង់ម្នាក់​ បាន​ទទួល​ការហ្វឹកហ្វឺន​​​​ផ្នែកយោធា​​ និង​ផ្នែក​ស៊ើបការណ៍​សម្ងាត់​​​​នៅក្នុងប្រទេសចិន។ ​​​រឿងនេះបាន​លេចចេញ​មក​ កាលពីថ្ងៃពុធ ប៉ុន្តែគាត់បាន​ធ្វើការបដិសេធ​​​ការចោទ​ប្រកាន់​​​ដែលថា កំពុងធ្វើចារកម្ម​​​ឲ្យក្រុងប៉េកាំង ដោយ​លើកយកមកនិយាយថា​គាត់គឺជាជនរងគ្រោះ​​​នៃ​យុទ្ធនាការ​​​បង្ខូចឈ្មោះ ​ដោយសារ​​ការប្រកាន់ពូជ​សាសន៍ទៅវិញទេ។

​​​សមាជិកសភាដើមកំណើត​​​ចិន ឈ្មោះ​លោក Jian Yang គឺជាមុខសញ្ញា នៃការសើុបអង្កេត​​​​ស្រាវជ្រាវ​​​ដែល​ធ្វើឡើង​ដោយសេវាកម្ម​ចារកម្មរបស់ណូវែល​ហ្សេឡង់​​​​អំពីការជាប់ទាក់ទងរបស់គាត់ចំពោះ​សាលា​ហ្វឹកហ្វឺន​​​​ចារកម្ម​ជើងឯក​របស់ប្រទេសចិន ​​នេះបើយោងតាមការសើុបអង្កេតរួមគ្នាធ្វើឡើងដោយ​​​ FT(Financial Times) និង newsroom.co.nz ។

​​​​​អង្គការ​បណ្តាញផ្សព្វផ្សាយ​​បាននិយាយថា លោក Yang ដែល​​​ត្រូវបានជាប់ឆ្នោត​​​ចូលមកកាន់​​រដ្ឋសភា ​​នៅឆ្នាំ២០១១ មិនបានលាក់បាំង​​ពីសាវតាររបស់គាត់​​​​​ធ្លាប់ធ្វើជាគ្រូបង្រៀននៅបណ្ឌិតសភា ភាសាជាន់ខ្ពស់ របស់ប្រទេសចិន ​សម្រាប់ក្រុម​មន្ត្រី​​ចារកម្ម​យោធា​នោះទេ។

​​​​​លោក Yang បានធ្វើ​​​ការថ្កោលទោស​​​​ដល់រាល់​សេចក្តី​​ថ្លែងការណ៍​​​បង្ខូចកេរ្តិ៍ឈ្មោះ​​​ ហើយបាននិយាយ​ថា ​លោកមានមោទនភាព​​ក្នុងឋានៈ​​​ជាពលរដ្ឋ​​ណូវែល​ហ្សេឡង់​​​​ ដែលមានតម្លាភាព​ក្នុងការបញ្ជាក់ប្រាប់ពី សាវតា​​ររបស់ខ្លួន។ លោកក៏បាន​ទាំងចោទសួរ​ផងដែរ ​​ពីការចោទប្រកាន់​​​​ពេលឆ្ពោះទៅ​រកការបោះឆ្នោត​​​នា​ថ្ងៃ​ទី២៣ ខែកញ្ញាខាងមុខ​នៅក្នុងពេល​គណបក្ស National Party ដែល​កាន់អំណាចរបស់លោកចង្អៀត​​ចង្អល់​​ឆ្ពោះទៅបន្តអំណាច​ទៀតនោះ។

នាយករដ្ឋមន្ត្រី​​លោក Bill English បានបដិសេធ​​​មិនអធិប្បាយ​​​ថាតើសេវាកម្ម​ចារកម្ម​ណូវែលហ្សេឡង់​​​​​បានសើុបអង្កេត​​​​ទៅលើលោក Yang ឬយ៉ាងណា​នោះ។​​ ប៉ុន្តែលោកបានមានប្រសាសន៍ថា ​​លោក Yang មិនដែលព្យាយាមលាក់លៀម​​​ថា គាត់ធ្លាប់​​បាន​ធ្វើការហ្វឹកហ្វឺន​​​​ផ្នែក​​​កងទ័ព​​​ និងផ្នែកចារកម្ម​​​នៅ​ក្នុងប្រទេសចិននោះឡើយ ​ហើយបានទាំងលើក​ឡើងថា មិនចាំបាច់​​នាំយកភាពស្មោះត្រង់របស់គាត់ (លោក Yang) ចំពោះ​​ប្រទេស​​ណូវែលហ្សេឡង់​​​ មក​ធ្វើជាបញ្ហា​​នោះទេ៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684