ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែក្រវាត់​ Carabao ៖ ប៉ោ ភា​រិ​ទ្ធ ​ជួប ​Kong Sayam ឯ ​ឌុ​ម កែវ​ដា ​ជួប ​Pha Yaklek

​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ប៉ោ ភា​រិ​ទ្ធ ឬ​យ៉េន ឌី​ណា សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម និង ឌុម កែវ​ដា អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ នឹងត្រូវ​ឡើង​ប្រកួត​ជាមួយ​ថៃ សម្រាប់​សប្តាហ៍​ទី​២ នៃព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​៤​ ទម្ងន់​៦៣,៥០០​គីឡូក្រាម នៅ​រសៀល​ថ្ងៃសៅ​រ៍ ទី​២៣ ​ខែកញ្ញា​ ឆ្នាំ២០១៧​នេះ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍។

​សម្រាប់​ការប្រកួត​ជម្រុះ​សប្តាហ៍​ទី​២​នេះ ប៉ោ ភា​រិ​ទ្ធ ត្រូវ​ជួប​ជាមួយ Kong Sayam។ នេះ​ជាការ​ប្រកួតលើក​ទី​១ របស់ ​ប៉ោ ភា​រិ​ទ្ធ ក្នុង​វគ្គ​ជម្រុះ​នេះ​។ ចំណែក Kong Sayam វិញ ក៏​ជាការ​ប្រកួត​ជម្រុះលើក​ទី​១​របស់គេ​ដែរ។ ​អ្នក​ប្រដាល់​ថៃ Kong Sayam នេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន៧៥​លើក ឈ្នះ​៦៣​លើក ចាញ់​១១​លើក និង​ស្មើ​០១​លើក។ ​រីឯប្រវត្តិ​ប្រកួត​របស់ ​ប៉ោ ភា​រិ​ទ្ធ វិញ គឺមាន​ចំនួន៧៩​លើក ក្នុងនោះ​ឈ្នះ​៧០​លើក ចាញ់​០៧​លើក និង​ស្មើ​០២​លើក។

Kong Sayam នេះ មុន​ការចូលរួម​ព្រឹត្តិការណ៍​នេះ គេ​បានមក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នេះពីរលើក​ហើយ ដែល​លើក​ទី​១ (១៩ ​មេសា ​២០១៥) គេ​វាយ​ចាញ់ ​សារឿន ច័ន្ទ ក្លិប​សម្រែករាជសីហ៍​ដោយ​ពិន្ទុ លើក​ទី​២ (១០​ កញ្ញា ​២០១៧) ​គេ​វាយ​ចាញ់ ​សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាបដែកក្នុង​ទឹក​ទី​៤។ ទោះជា​យ៉ាងណា សម្រាប់​ជំនួប​ក្នុងការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ាបាវ​លើក​នេះ ប៉ោ ភា​រិ​ទ្ធ​ មិនអាច​មើលស្រាល ឬ ធ្វេសប្រហែស​នោះទេ ព្រោះ Kong Sayam អ្នកប្រដាល់​ថៃ​រូបនេះ ក៏មាន​ស្នៀត​ប្រដាល់​ និង​បច្ចេកទេស​មិនជា​អន់​នោះឡើយ។

​ប៉ោ ភា​រិ​ទ្ធ មិនដឹងថា ​អាច​យកឈ្នះ ​Kong Sayam បាន​ឬ​អត់​នោះទេ? ​ព្រោះ ភា​រិ​ទ្ធ​ មួយរយៈ​ចុងក្រោយនេះវាយ​រាង​ធ្លាក់​ជាង​មុន ដោយ​ឡើង​ប្រកួត​ជាមួយ​ថៃ​៥​នាក់​កន្លងមកនេះ វាយ​ឈ្នះបានតែម្នាក់ ចាញ់​២​នាក់ និង​ស្មើ​២​នាក់។ ដូច្នេះ ចាំមើល​រវាង​ ប៉ោ ភា​រិ​ទ្ធ និង Kong Sayam ជួបគ្នា​លើកដំបូង​នេះ តើន​រណា​ឈ្នះ?។

​ចំពោះ ឌុ​ម កែវ​ដា វិញ គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ Pha Yaklek ។ អ្នក​ប្រដាល់​ថៃ Pha Yaklek នេះ ក៏​ធ្លាប់មក​ប្រកួត​សាក​សមត្ថភាព​អ្នក​ប្រដាល់​ខ្មែរ​យើង​ច្រើនលើកច្រើនសារ​ដែរ ដែល​មក​ប្រកួតលើកចុងក្រោយ​នេះ ​(១៦ ​កញ្ញា ​២០១៧) គេ​បាន​វាយ​ឈ្នះ​ ធន់ ចាន់​តាក់​ ដោយ​ពិន្ទុ​ប្រផឹតប្រផើយ។ ម្យ៉ាងទៀត​នោះ Pha Yaklek​ នេះ ក៏​ធ្លាប់​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​ ឌុ​ម កែវ​ដា ម្តង និងធ្លាប់​ចាញ់ ​កែវ​ដា ដោយ​ពិន្ទុ​ចំនួន​៣​លើក​ផងដែរ​នាពេល​កន្លងមក។ ហេតុនេះ ឌុ​ម កែវ​ដា មិនជាមានការ​លំបាក​ប៉ុន្មាន​ទេ សម្រាប់​ការជួប​ Pha Yaklek​ នេះ។

​ទោះជា​យ៉ាងណា ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក គេ​មាន​ជំនឿ​ទុកចិត្ត​លើ​ ឌុ​ម កែវ​ដា ថា​អាចបង្ក្រាប​អ្នក​ប្រដាល់​ថៃ​នេះ​បាន សម្រាប់​ជំនួប​លើកដំបូង នៃ​ព្រឹត្តិការណ៍​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់ខា​រ៉ា​បាវ​វគ្គ​៤ ​ទម្ងន់ ៦៣,៥០០​គីឡូក្រាម​នេះ។ គួររំលឹកថា ឌុ​ម កែវ​ដា នេះ គេ​ធ្លាប់​ជួបប្រកួត​ជាមួយ​ថៃច្រើន​នាក់​មកហើយ ដែល​ការបរាជ័យ​របស់គេ ​គឺមាន​ភាគរយ​តិច​បំផុត។

​​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​៤ ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​៤​រូប ដើម្បី​វាយ​ដណ្តើមយក​ខ្សែក្រវាត់​របស់​ភេសជ្ជៈ​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៤ ​ឆ្នាំ​២០១៧​នេះ ដែលមាន​ទឹកប្រាក់​រង្វាន់​លេខ​១ ទទួលបាន​៥.០០០​ដុល្លារ​អាមេរិក និង លេខ​២​ បាន​៣.០០០ដុល្លារ​អាមេរិក។

​អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​រូបនោះ គឺ​ ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា, ធន់ ចាន់​តាក់​ សមាគម​កីឡាក្រសួងការពារជាតិ, ប៉ោ ភា​រិ​ទ្ធ សមាគម​កីឡា​ក្រសួងកសិកម្ម និង ឌុ​ម កែវ​ដា ក្លិប​ម្កុដ​រាជសីហ៍។​ ចំពោះ​អ្នក​ប្រដាល់​ថៃ​ទាំង​៤​រូប​វិញ មាន Kong Sayam, Pha Yaklek, Phat Chhay Den និង Phat Phayak ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114