ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ស្រុក​ក្រឡាញ់ ចុះ​បង្ក្រាប​ការ​នេសាទ​ត្រី ខុសច្បាប់ ឃាត់ខ្លួន​បាន​១៥​នាក់ អប់រំ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ

សៀមរាប​ ៖​ កម្លាំង​នគរបាល​នៃ​ស្រុក​ក្រឡាញ់​ បាន​ចុះ​បង្ក្រាប​ករណី​នេសាទ​ខុសច្បាប់ ដោយ​ប្រើ​អាំង​ម៉ូ​ទ័​រ​ឆក់​ត្រី និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​នេសាទ​ចំនួន​១៥​នាក់ យក​មក​សួរនាំ ដើម្បី​ឲ្យ​ធ្វើ​កិច្ចសន្យា​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក​វត្ថុតាង ត្រូវ​ដកហូត​រក្សាទុក។

ហេតុ​ការណ៍​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នោះ​ធ្វើឡើង​នៅ​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិ​ចំនួន​២ ក្នុង​ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។

លោក​វរសេនីយ៍ទោ ជី បេង ជន អធិការ​នគរបាល​ស្រុក បាន​ប្រាប់​ថា មុន​ឈាន​ដល់​ធ្វើការ​នាំ​ខ្លួន​ក្រុម​នេសាទ​ខុសច្បាប់ ចំនួន​១៥​នាក់​នោះ នៅ​ក្នុង​ភូមិ​ចំនួន​២ ដោយមាន​ការចូលរួម​ពី​សំណាក់​បងប្អូន​អ្នកនេសាទ​មួយ​ចំនួន ដោយ​ពួកគាត់​បាន​យល់​ពី​ច្បាប់ ទើប​លោក​បាន​ដឹកនាំ​កម្លាំង​របស់​អធិការ​ស្រុក​ក្រឡាញ់ ចុះ​បង្ក្រាប​ករណី​បទល្មើស​នេសាទ​ខុសច្បាប់ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​មួយ​ចំនួន ដើម្បី​ឲ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព ប្រើ​ឧបករណ៍​ឆក់​ត្រី តទៅទៀត។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ឧបករណ៍​នេសាទ​ខុសច្បាប់ (​អាំង​ម៉ូ​ទ័​រ​) ដែល​កម្លាំង​យើង​បាន​ដកហូត ពី​អ្នកនេសាទ នៅ​ភូមិ​ចំនួន ០២ ក្នុង​ឃុំ​សែន​សុខ នោះ​រួមមាន​៖ ទី​១/ ភូមិ ទ្រាស ចំនួន ១១ គ្រឿង អាគុយ ចំនួន ១០ និង ទី​២/ ភូមិ ព្រៃ​ថ្កូវ ចំនួន ០១​គ្រឿង សរុប ១២​គ្រឿង អាគុយ សរុប​១០។

បច្ចុប្បន្ន កម្លាំង​យើង​បាន​ធ្វើ​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់​ប្រព្រឹត្តិ​បទល្មើស​នេសាទ​ខុសច្បាប់​នេះ​តទៅទៀត​និង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ចំពោះ​ឧបករណ៍​នេសាទ​ខុសច្បាប់ (​អាំង​ម៉ូ​ទ័​រ​) និង អាគុយ​កម្លាំង​យើង​បាន​យក​មក​រក្សាទុក​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114