ព័ត៍មានទាន់​ហេតុការណ៏
Search

តម្រូវការ​ផ្គត់ផ្គង់​កាន់តែច្រើន​ នៅពេល​អ្នកភូមិ​ភៀសខ្លួន​ ចេញពី​ភ្នំភ្លើង​ប្រទេស​វ៉ា​នូ​អា​ទូ​

បុគ្គលិក​ជំនួយ និង​អ្នករាយការណ៍​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អ្នកភូមិ​ដែល​កំពុង​រត់​ភៀសខ្លួន​ចេញពី​បន្ទុះ​ភ្នំភ្លើង​នៅ​ប្រទេស​វ៉ា​នូ​អា​ទូ​ បាន​ប្រឈមមុខ​នឹង​ការខ្វះ​ម្ហូបអាហារ និង​កង្វះ​ទឹក​នៅក្នុង​ជំរំ​ជម្លៀស​ដែល​ចង្អៀត​ណែន។​

មនុស្ស​ប្រហែលជា ៧ ពាន់​នាក់​នៅលើ​កោះ Ambae នៅ​ភាគ​ខាងជើង​នៃ​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក ​បាន​ចាក​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ បន្ទាប់ពី​ភ្នំភ្លើង Manaro Voui បាន​ក្អែល​ដុំថ្ម និង​ផេះ​មកលើ​ភូមិ​របស់​ពួកគេ។​

ភ្នំភ្លើង​នេះ ​បាន​បង្កើតឡើង​នូវ​គំនរ​ចំហាយ​ទឹក និង​ផេះ​កាលពី​ចុង​សប្ដាហ៍ បន្ទាប់ពី​មានការ​រង្គោះរង្គើ​ជាច្រើន​សប្តាហ៍​ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រកាស​ភាពអាសន្ន។​

ពួកគេ​ក៏បាន​ធ្វើ​ឲ្យ​ភ្នំភ្លើង Manaro Voui ប្រសើរ​ឡើងដល់​កម្រិត​ប្រុងប្រយ័ត្ន​ទី ៤ ដែល​តំណាង​ឲ្យ “​ការផ្ទុះ​កម្រិត​មធ្យម​” និង​បាន​ព្រមាន​អំពី “​ថ្ម និង​ឧស្ម័ន​ភ្នំភ្លើង​” ដែលមាន​កម្ពស់ ៦,៥ គីឡូម៉ែត្រ​ពីរ​ណ្ដៅ​ភ្នំភ្លើង ។​

ទោះជា​យ៉ាងណាក៏ដោយ​ក្រុម​អ្នកផ្តល់ជំនួយ​បាន​និយាយថា ការព្រួយបារម្ភ​ជាបន្ទាន់​គឺ​ស្ថានភាព​នៅក្នុង​មជ្ឈមណ្ឌល​ជម្លៀស​ចំនួន ៣៥ កន្លែង ដែល​បាន​បង្កើតឡើង​នៅ​ខាងក្រៅ​តំបន់ហាមឃាត់​របស់​ទីក្រុង Ambae ។​

តំបន់​នេះ​កំពុង​ជួបប្រទះ​នូវ​ភាព​រាំងស្ងួត ហើយ​ផេះ​ឥឡូវនេះ​គ្របដណ្ដប់​ដំណាំ និង​ប្រភព​ទឹក។​
​លោក Manuel Ure អ្នក​សម្របសម្រួល​គ្រោះ​មហន្តរាយ​ជាមួយ​រដ្ឋាភិបាល​ខេត្ត Penama បាន​និយាយថា ស្ថានភាព​នៅក្នុង​ជំរំ​មានការ​លំបាក។​

លោក​បាន​ប្រាប់​វិទ្យុ Radio New Zealand ថា “​យើង​មាន​ជម្រក ​មាន​កម្រិត​ណាស់ យើង​មាន​អាហារ ទឹក និង​តម្រូវការ​ចាំបាច់​ដទៃទៀត​តិចតួច​ណាស់ យើង​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​នៅពេលនេះ​” ។​

អ្នកសម្របសម្រួល​កាកបាទ​ក្រហម​លោក Augustine Garae បាន​និយាយថា ការហូរចូល​ជា​បន្តបន្ទាប់​របស់​ប្រជាជន​កំពុង​ដាក់​សម្ពាធ​បន្ថែមទៀត​ទៅលើ​ជំរំ។​

លោក​បាន​ប្រាប់​កាសែត Vanuatu Daily Post ថា “​ចំនួន​ជន​ជម្លៀស​ចេញ​ត្រូវបាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​កន្លែង​ជម្លៀស​ដូចជា បង្គន់​អនាម័យ​មិន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់គ្នា​ប្រើប្រាស់​” ។​

ទូក​មួយគ្រឿង​ដែលមាន​ការផ្គត់ផ្គង់ និង​អ្នកស្ម័គ្រចិត្ត​បាន​ចាក​ចេញពី​រដ្ឋធានី​កំពង់ផែ Port Vila កាលពី​ថ្ងៃ​ពុធ និង​អ្វី​បន្ថែម​ទៀត​ត្រូវបាន​គេ​រំពឹង​ទុក​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។​

យន្តហោះ​អាកាស​របស់​នូ​វែ​ល​ហ្សេ​ឡង់​ បាន​ធ្វើ​ការ​ហោះហើរ​សង្កេត​លើ​ភ្នំភ្លើង​កាលពី​ថ្ងៃ​អង្គារ​ដោយ​ប្រមូល​ទិន្នន័យ​ដើម្បី​ជួយ​អ្នកវិទ្យាសាស្ត្រ​ឲ្យ​វាយតម្លៃ​ពី​ហានិភ័យ​នៃ​ការ​ផ្ទុះ​ដ៏​ធំ​មួយ​នេះ។​

ភ្នំភ្លើង​នេះ ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ ឈ្មោះ Aoba និង Lombenben ដែល​មាន​បឹង​ចំនួន​៣​ នៅ​ក្នុង​រណ្ដៅ​ភ្នំភ្លើង ហើយ​បាន​ផ្ទុះឡើង​កាលពី​ចុងឆ្នាំ ២០០៥។​

ក្នុង​អំឡុង​ពេលនោះ​មាន​មនុស្ស​ប្រហែល ៥,០០០ នាក់​ត្រូវបាន​ជម្លៀសចេញ ហើយ​វា​គឺមាន​រយៈពេល​បី​ខែ​មុន​ពេល​បន្ទុះ​ភ្នំភ្លើង​បាន​រាលដាល​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ពួកគេ​ត្រលប់​ទៅផ្ទះ​វិញ ៕ AFP