ព័ត៍មានទាន់​ហេតុការណ៏
Search

ទស្សនៈ​របស់លោក Lee Tae Hoon ក្រោយ​ដឹកនាំ​ក្រុម​ U16 ​កម្ពុជា​ បញ្ចប់​បេសកម្ម​ក្នុង​វគ្គ​ជម្រុះជើងឯក​ប្រចាំ​ទ្វីបអាស៊ី​

​ក្រុមបាល់ទាត់​ជាតិ​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ (U16) របស់​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​លោកគ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Lee Tae Hoon ធ្លាក់​ចេញពី​វគ្គ​ជម្រុះ​ពូ​ល I នៃ​ពានរង្វាន់​ជើងឯកប្រចាំ​ទ្វីបអាស៊ី (AFC U16 Championship 2018) បានធ្វើ​ដំណើរ​មកដល់​មាតុភូមិកាលពីពេល​ថ្មីៗ​។

​សរុប​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល I ដែល​ធ្វើ​ឡើងលើ​ទីលាន​កីឡដ្ឋាន MFF Football Centre ក្នុង​ទីក្រុង Ulaabaatar ប្រទេស​ម៉ុង​ហ្គោ​លី ក្រុម​កម្ពុជា បាន​ចាញ់​វៀតណាម ៥​ទល់​២ ហើយ​ចាញ់​អូស្ត្រាលី ៥​ទល់​០ និង​ ឈ្នះ​ម៉ុង​ហ្គោ​លី​។ សរុប​ចំណាត់ថ្នាក់​ប្រចាំ​ពូ​លគឺ​ អូស្ត្រាលី ឈរ​លេខ​១ មាន​៩​ពិន្ទុ ហើយវៀតណាម ឈរ​លេខ​២​ មាន​៦​ពិន្ទុ កម្ពុជា ឈរ​លេខ​៣​ មាន​៣​ពិន្ទុ និង ​ម៉ុង​ហ្គោ​លី នៅ​បាតតារាង​គ្មាន​ពិន្ទុ​។​

​ក្រោយ​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា វិញ​លោក Lee Tae Hoon បានបង្ហាញ​ «​យើង​ត្រូវការការប្រកួតប្រជែង​កម្រិត​អន្ដរជាតិ​ឲ្យ​បាន​ច្រើន យ៉ាងហោចណាស់​ក៏៣​ឆ្នាំ​ទៀត​ដែរ ដើម្បីបទពិសោធន៍​របស់​ពួកគេ បង្កើន​នូវ​គំនិត​មួយ​ក្នុងការ​ប្រកួតប្រជែង​ជាមួយនឹង​ការ​គ្មានភាពភ័យខ្លាច សម្រាប់​ការប្រកួត​ផ្លូវការ​លក្ខណៈ​អន្ដរជាតិ​»​។ ក្នុងន័យនេះ​លោក​ចង់​សំដៅ​ថា ការប្រកួត​ឲ្យ​បាន​ច្រើន គឺជា​រឿង​ដ៏​ល្អ ដែល​ជំរុញ​ឲ្យ​ក្មេងៗ​មាន​ស្មារតី​រឹងមាំ​ក្នុងការ​ប្រកួត​លើ​ទីលាន តែ​ចំពោះ​ក្រុមយុវជន​កម្ពុជា គឺ​មិនមែន​ត្រូវការ​ពេលវេលា​តិចជាង ៣​ឆ្នាំ​នោះទេ​។​

​លោក​បញ្ជាក់ថា​ «​បាល់ទាត់​មិនអាច​អភិវឌ្ឍ​មួយ​ភ្លែត​បានទេ ហើយក៏​គ្មាន​វិធីសាស្ដ្រ​ធ្វើ​កាត់ៗបានដែរ អីចឹង​យើង​ត្រូវការ​ពេលវេលា​បន្ថែមទៀត​។ យើង​កំពុង​អនុវត្តតាម​ផែនការ​របស់​យើង ដោយ​ផ្តោតលើ​ការលេង​ឲ្យ​បាន៩០​នាទី ព្រោះ​បើ​មើល​តាម​ការប្រកួត​នាពេល​ថ្មីៗ​នេះ កីឡាករមួយចំនួន​បានបង្ហាញ​នូវ​ការបោះបង់ ដែល​ធ្វើ​ឲ្យ​យើង​របូត​គ្រាប់​បាល់​ដ៏​ច្រើន​»​។​

​ក្រុម​ U16 កម្ពុជា ដែល​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​លើក​នេះ​មាន គី រី​ណា​, ប៊ុនធឿន ប៊ុន​ណា​រ៉ុង​, ប៉ែន សាន់​តា​ណា​, ជា សុខ​ម៉េង​, ផែ ម៉េង​ឆឹង​, តាំង ប៊ុនឆៃ​, ថង លី​ម៉ិ​ញ​, ជូ ស៊ិន​ទី​, រី លាភ​ផេង​, ធី លាង​, ស្រ៊ី ពិសិដ្ឋ​, លីន ដា​រ៉ា​ដេ​វិ​ទ្យ​, រ៉​ន សុ​ខៃ​តុ​, អ៊ា​ន ពិសី​, សួង ដា​វីដ​, គង់ ភ​ត្រា​, លី ម៉ា​ឯល​, សេង សម្បត្តិ​, ចាន់ ហួង​, ជឹម ណារិន​, មិ​ត សា​មើល​, រស់ ដា​រ៉ា​ពេជ្រ​, រឿន ដា​វីត​, តួ​ត ស​រ៉ូ​ត និង​ចាន់ សា​រ៉ា​ពេជ្រ​។​

​សូម​រំលឹកថា ​ការប្រកួត​ក្នុង​ពានរង្វាន់ AFC U16 Championship 2018 ប្រចាំ​វគ្គ​ជម្រុះ​ពូ​ល ​I នេះ​ ចាប់​ប្រកួត​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅ​ប្រទេស​ម៉ុង​ហ្គោ​លី ដែល​កម្ពុជាស្ថិតក្នុងពូ​ល​ជាមួយ​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី អូស្ត្រាលី និង ​វៀតណាម ខណៈ​ក្រុម​ដែលមានចំណាត់ថ្នាក់​ល្អ​ជាងគេ​ប្រចាំ​ពូ​ល​ចំនួន​២​ក្រុម​ បូក​ជាមួយ​ក្រុម​មកពី​ពូ​ល​៩​ផ្សេងទៀតក្នុងវគ្គ​ជម្រុះ​ដូចគ្នា ​ឡើងទៅ​លេង​វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រ​១៦​ក្រុម​ចុងក្រោយ នៅ​ប្រទេសម៉ាឡេស៊ី ក្នុង​ឆ្នាំ​ ២០១៨៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114