ព័ត៍មានទាន់​ហេតុការណ៏
Search

បណ្ដាំ​ចុងក្រោយ របស់ លោកតា វណ្ណ ម៉ូលីវណ្ណ មុនពេល​លាចាក​លោក​នេះ​

​ភ្នំពេញ​៖ ពាក្យចាស់​លោក​ថា “​ទូក​ទៅ កំពង់​នៅ​” គឺ​ពិត​ជាមាន​អត្ថន័យ​ជ្រៀលជ្រៅ​ណាស់ តួយ៉ាង​លោកតា វណ្ណ ម៉ូលីវណ្ណ បាន​ឃ្លាតឆ្ងាយ​ពី​យើង​គ្មាន​ថ្ងៃ​វិល​ត្រលប់​មកវិញ​ឡើយ តែ​កេរ្តិ៍ដំណែល​របស់​លោកតា ដែល​បន្សល់​ទុកជា​ស្នាដៃ​ស្ថាបត្យកម្ម មាន​វត្តមាន និង​ឈរ​ត្រដែតត្រដឹម នៅ​ចំពោះមុខ​យើង​រាល់គ្នា មានដូចជា វិមានឯករាជ្យ សាល​មហោស្រប​ចតុមុខ ជាដើម​។​

​មុនពេល​លោកតា វណ្ណ ម៉ូលីវណ្ណ ទទួលមរណៈភាព លោក​បាន​ផ្ដាំ​ទៅ​កូន​របស់លោក និង​ផ្ដល់​កិច្ចសម្ភាសន៍ ជាមួយ​សារព័ត៌មាន​មួយ​កាលពីដើមឆ្នាំ​២០១៥ ដែល​យើង​អាច​ចាត់ទុកថា ជាការ​ផ្ដែរ​ផ្ដាំ​ចុងក្រោយ​របស់​លោកតា ដល់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ផងដែរ​។​

បណ្ដាំ​របស់​លោកតា វណ្ណ ម៉ូលីវណ្ណ ចំពោះ​កូន​របស់លោក​

​រូប​កាយ​របស់​លោកតា វណ្ណ ម៉ូ​លិ​វណ្ណ ត្រូវបាន​ព្រះ​អគ្គី​ឆាបឆេះ​ឲ្យ​ប្រែ​ក្លាយទៅជា ទឹក ដី ភ្លើង ខ្យល់ ពីលើ​លោក​នេះហើយ កាលពី​ថ្ងៃអាទិត្យ​ទី ០១ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅនេះ បន្ទាប់ពី​លោកតា បានទទួល​មរណៈភាព​កាលពី​ថ្ងៃ ២៨ ខែកញ្ញា ឆ្នាំ​២០១៧ ក្នុង​ជន្មាយុ ៩១​ឆ្នាំ​។ នៅលើ​លោក​នេះ ពុំមាន​អ្វី​អាចមក​រារាំង ការកើត ចាស់ ឈឺ ស្លាប់ នោះទេ សូម្បីតែ​ព្រះពុទ្ធ ក៏​ព្រះអង្គ​ទ្រង់​បរិ​និ​ញ្វ​ន ក្នុង​ព្រះ​ជន្មាយុ ត្រឹមតែ​៨០ ព្រះវស្សា​តែប៉ុណ្ណោះ​។​​

លោកតា វណ្ណ ម៉ូ​លិ​វណ្ណ បាន​និយាយ​ផ្ដែរ​ផ្ដាំ ទុកជា​បណ្ដាំ​ប្រាប់​ទៅ​កូនៗ​របស់លោក សូម​ឲ្យ​រៀបចំ​ពិធី​បុណ្យសព និង​បូជាសព​របស់លោក តាម​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ ហើយ​បែងចែក ផេះផង់ ដែលជា​អដ្ឋិធាតុ​របស់លោក ជា​៣​ចំណែក​ផ្សេងគ្នា​។ ​

ចំណែក​ទី​១ ត្រូវ​យកទៅ​បាច​នៅក្នុង​ស្ទឹង​សៀម​រាម​។ ចំណែក​ទី​២ យកទៅ​ត​ម្ត​ល់​នៅក្នុង​ចេតិយ ដែល​បាន​សាងសង់​រួចរាល់​តាម​លំនាំ​រចនាប័ទ្ម ប្រាសាទបាគង នៅក្នុង​វត្ត​ឥន្ទ្រ​កោ​សី ស្ថិតនៅ​សង្កាត់​ស្លក្រាម ខេត្ត​សៀម​រាម និង​ចំណែក​ទី ៣ យកទៅ​ត​ម្ដ​ល់​នៅក្បែរ​ធាតុ កូនច្បង​របស់​លោកតា ដែល​ស្ថិត​នៅក្រោយ​ប្រាសាទអង្គរវត្ត​។ នេះ​បើតាម​ការរៀបរាប់​ឲ្យ​ដឹង​ពី​លោកស្រី វណ្ណ ប៊ែ​ណង់​ការ៉ូ​ល​ដេ​វី ដែលជា​កូនស្រី​របស់​លោកតា វណ្ណ ម៉ូលីវណ្ណ ប្រាប់​ទៅ​សារព័ត៌មាន​ក្នុងស្រុក​មួយ នៅក្នុង​ពិធី​បុណ្យសព​របស់លោក​តា វណ្ណ ម៉ូ​លិ​វណ្ណ ។​​

បណ្ដាំ​របស់​លោកតា វណ្ណ ម៉ូលីវណ្ណ ចំពោះ​កូន​ខ្មែរ​ជំនាន់​ក្រោយ​​

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ កាលពី​ឆ្នាំ​២០១៥ លោកតា វណ្ណ ម៉ូលីវណ្ណ នៅពេលនោះ ស្ថិតនៅក្នុង​វ័យ ៨៩​ឆ្នាំ បាន​និយាយថា​៖ “​ខ្ញុំ​សង្ឃឹមថា កូនចៅ​ជំនាន់​ក្រោយ​នឹង​ខិតខំ​រក​គំនិត​ថ្មី ការឆ្នៃប្រឌិត​ថ្មី និង​បន្ថែម​លើ​សម័យបុរាណ​”​។​
​លោកតា បាន​បន្តទៀតថា​៖ “​ស្ថាបត្យកម្ម​នៅ​កម្ពុជា ដែល​សាងសង់​ដោយ​ជនបរទេស មិន​ប្រាកដថា​ត្រឹមត្រូវ​ទេ​។ ខ្មែរ​គួរ​ខិតខំ​បង្កើត​ដោយ​ខ្លួនឯង នូវ​អ្វីដែល​សម័យអង្គរ បាន​បន្សល់ទុក​”​។​

​កិច្ចសម្ភាសន៍​នេះ​ធ្វើឡើង​នៅក្នុង​ខេត្តសៀមរាប នៅពេលដែល​លោកតា បាន​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ទីក្រុង​ភ្នំពេញ មក​ខេត្តសៀមរាប ដែលជា​ទីកន្លែង​ដែល​លោកតា ប្រាថ្នា​ចង់​ចំណាយ​ពេលវេលា និង​ដង្ហើមចុងក្រោយ​របស់ខ្លួន​នៅទីនេះ កាលពី​ឆ្នាំ​២០១៤​។​

​លោកតា វណ្ណ ម៉ូលីវណ្ណ និយាយ​យ៉ាង​ម៉ឺងម៉ាត់​ថា​៖ “​ខ្ញុំ​ខ្មែរ ខ្ញុំ​ធ្លាប់​រស់នៅ​ក្នុងផ្ទះ​ឈើ ប្រក់​ក្បឿង ដូច្នេះ ខ្ញុំ​ត្រូវតែ​ស្រឡាញ់​របស់​ហ្នឹង​។ ខ្ញុំ​កើត​ក្នុង​អត្តសញ្ញាណ​ខ្មែរ ដូច្នេះ ខ្ញុំ​ត្រូវតែ​រក្សា​អត្តសញ្ញាណ​របស់​ខ្មែរ​ក្នុង​ស្ថាបត្យកម្ម​រហូតដល់​ជីវិតចុងក្រោយ​របស់ខ្ញុំ​”​។​

​ទន្ទឹមនឹង​នេះដែរ លោកតា ក៏បាន​ចងក្រង​សៀវភៅ ជាច្រើន​ក្បាល​និយាយ​ទាក់ទង​ទៅនឹង​ផ្នែក​ស្ថាបត្យកម្ម​ទំនើប និង​បានធ្វើ​អត្ថាធិប្បាយ នៅក្នុង​សៀវភៅ និង​ទស្សនា​វ​ដ្តី​អន្តរជាតិ ជាច្រើន​ផងដែរ​។ ក្នុងនោះ សៀវភៅ​ដែលមាន​ចំណងជើង​ថា ”​ស្នាដៃ​ស្ថាបនិក​សតវត្សរ៍​ទី​២០” លោកតា វណ្ណ ម៉ូលីវណ្ណ បានស្នើ​សុំ​ថា​៖ “​ត្រូវ​ថែរក្សា​សំណង់​បុរាណ​អោយបាន​គង់វង្ស និង​សង់​ថ្មី​បន្ថែម​អោយបាន​ច្រើន​ទៀត​”​។​

“​ត្រូវ​រក្សា​អត្តសញ្ញាណ​ខ្មែរ នៅក្នុង​សំណង់​ទាំងអស់​”

គឺជា​បណ្ដាំ​ចុងក្រោយ របស់ លោកតា វណ្ណ ម៉ូលីវណ្ណ ចំពោះ​កូន​ខ្មែរ​ទាំង ដែល​សិក្សា និង​កំពុងធ្វើការ​នៅក្នុង​វិស័យ​ស្ថាបត្យកម្ម​ទាំងអស់​៕

(រូបភាព៖ ប្រពន្ធលោកតា វណ្ណ ម៉ូលីវណ្ណ និងកូនប្រុសស្រី)

(រូបភាព៖ ភរិយាលោកតា វណ្ណ ម៉ូលីវណ្ណ, លោកតា វណ្ណ ម៉ូលីវណ្ណ, សម្ដេចតា នរោត្តម សីហនុ)