ព័ត៍មានទាន់​ហេតុការណ៏
Search

​សម្តេច​តេ​ជោ ហ៊ុន សែន សម្ពោធ​សណ្ឋាគារ​ផ្កាយ​៥ ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា

​សៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៧ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​សណ្ឋាគារ​សុខា​សៀមរាប របស់​ក្រុមហ៊ុន​សុខាអូតែល ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មាន​ចំនួន​បន្ទប់​សរុប​១.២៣៦​បន្ទប់​ហើយ​ជា​សណ្ឋាគារ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សណ្ឋាគារ​នេះ​មាន​បុគ្គលិក​បម្រើការ​ងារ​សរុប ចំនួន​៦២៨​នាក់ និង​មាន​ភោជនីយដ្ឋាន​ក្នុង​សណ្ឋាគារ​ចំនួន​២ និង​ត្រូវ​បាន​សាងសង់​តាម​បែប​ស្ថាបត្យកម្ម​ខ្មែរ និង មិន​ប៉ះពាល់​ដល់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដោយ​គោរព​តាម​ក្រឹត្យក្រម និង​ការកំណត់​របស់​អង្គការ UNESCO ផងដែរ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំដែង​នូវ​ក្តី​រីករាយ និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​សណ្ឋាគារ​រប​ស់​ក្រុមហ៊ុន​សុខា​ចំនួន​២ គឺ​សណ្ឋាគារ​សុខា​លំដាប់​ផ្កាយ​៥ ដែលមាន​៧៧២​បន្ទប់ និង​សណ្ឋាគារ​សុខា​ផា​ឡែ​ស​លំដាប់​ផ្កាយ​៤ មាន​៤៤៧​បន្ទប់ នៅក្នុង​ខេត្ត​សៀមរាប​។ នេះ​គឺជា​សណ្ឋាគារ​ដែល​ធំ​ជាង​គេ​ក្នុង​ប្រទេស​ដែល​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​បម្រើ​វិស័យ​ទេសចរណ៍ និង​សម្រាប់​ការ​ទទួល​នូវ​បដិសណ្ឋារកិច្ច​នៃ​ថ្នាក់ដឹកនាំ​នានា​ក្នុង​កិច្ចប្រជុំ​កំពូល​ជា​អន្តរជាតិ​ផ្សេងៗ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ការ​ព្យាករ​ទុកជាមុន​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ២០២២ ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង កិច្ចប្រជុំ​អា​ស៊ូ​បូព៌ា គឺ​កម្ពុជា​អាច​យក​សណ្ឋាគារ​នេះ​ធ្វើជា​កន្លែង​ប្រជុំ​តែម្តង។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា វត្តមាន​សណ្ឋាគារ​នេះ​នឹង​រួមចំណែក​ផ្តល់​សេវា​បម្រើ​ដល់​ភ្ញៀវទេសចរ​កាន់តែ​ប្រសើរ​ថែមទៀត។ សម្តេច​បាន​មានប្រសាសន៍ថា​សៀមរាប​គឺជា​កំណត់​ទ្រព្យ​ដ៏​មហាសាល​ដែល​បាន​បន្សល់ទុក​ដោយ​បុព្វបុរស​ខ្មែរ និង ព្រះមហាក្សត្រ​ខ្មែរ។ សៀមរាប​គឺជា​កំណត់​ទ្រព្យ​ដែល​ពិភពលោក​កំពុង​ចង់​ដឹង និង ចង់​ឃើញ ដែល​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​គ្រប់គ្រង ឲ្យ​បាន​ល្អ ដើម្បី​កុំ​ឲ្យ​តំបន់​បេតិកភណ្ឌ​មួយ​នេះ​ត្រូវបាន​បំផ្លាញ​ដោយ​សកម្មភាព​អនាធិបតេយ្យ​ណាមួយ។

គួរ​បញ្ជាក់ថា​ ខេត្តសៀមរាប​មាន​សណ្ឋាគារ ១៩៩​កន្លែង ស្មើនឹង ១២.៧៨៩​បន្ទប់ ក្នុងនោះ​វិនិយោគ​ដោយ​ជនបរទេស​មាន ៣២​សណ្ឋាគារ​។ សណ្ឋាគារ​ផ្កាយ​៥ មាន​ចំនួន​១៥, សណ្ឋាគារ​ផ្កាយ​៤ មាន​ចំនួន​២៤, អា​ផាត​ម៉ិ​ន (Apartment) ចំនួន​៩​កន្លែង ស្មើនឹង ៤០៤​បន្ទប់ និង​មានផ្ទះ​សំណាក់​វិញ មាន​ចំនួន ៣០៧​កន្លែង ស្មើនឹង ៤.៥៤៣​បន្ទប់ ក្នុងនោះ​វិនិយោគ​ដោយ​ជនបរទេស​មាន​ចំនួន ៦០​កន្លែង​។ ទាំង​សណ្ឋាគារ និង​ផ្ទះសំណាក់ មាន​បុគ្គលិក​បម្រើការ​សរុប​ជាង ២​ម៉ឺន​នាក់​ផងដែរ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ដើម្បី​ធានា​បាន​នូវ​ភាព​រីកចម្រើន​របស់​នៃ​វិស័យ​ទេ​ចរណ៍​សម្រាប់​ប្រទេស​កម្ពុជា​និយាយ​ជារួម និង សម្រាប់​ខេត្ត​សៀមរាប​ផង​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​ឲ្យ​មាន​ប្លង់​មេ​អភិវឌ្ឍន៍​មួយ​ដ៏​ច្បាស់លាស់ ដែល​ប្លង់​មេ​នេះ​ ហើយ​បាន​រួម​ចំណែក ទាក់ទាញ​វិនិយោគទុន និង ទេសចរ​មកកាន់​ខេត្ត​សៀមរាប​កាន់​តែ​ច្រើន​ថែមទៀត​។

សម្តេច​បាន​បន្ត​ថា ​បញ្ហា​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​ការធានា​ឲ្យ​បាន​នូវ​សន្តិសុខ និង សន្តិភាព​ឲ្យ​បាន​។ បើ​គ្មាន​សន្តិសុខ និង សន្តិភាព​ទេ កុំ​សង្ឃឹមថា​ទេសចរ​មកកាន់​តំបន់​នេះ និង មកកាន់​កម្ពុជា។

សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​អនុសាសន៍​ចំនួន​២​ចំណុច​សំខាន់ ១.​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព ជាពិសេស​តំបន់​ទេសចរណ៍​ការពារ​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍​គ្រប់​ប្រភេទ ធានា​សណ្តាប់​ធ្នាប់​សង្គម ជាពិសេស​ការទប់ស្កាត់​ក្រុម​បងធំ​បង​តូច អំពើចោរកម្ម ឆក់​ប្លន់ បញ្ហា​គ្រឿងញៀន នៅ​តំបន់​ទេសចរណ៍ និង​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានា​ឲ្យ​បាន​នូវ​សេចក្តីសុខ​សុវត្ថិភាព​របស់​ភ្ញៀវទេសចរ​គ្រប់​ប្រទេស។

​ទី​២. ត្រូវ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​តាម​គោលដៅ​របស់​ក្រសួងទេសចរណ៍​ដែល​បាន​ដាក់​ចេញ​ក្នុង​ការ​ជំរុញ​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ដូចជា​ការអភិវឌ្ឍ​តំបន់​ទេសចរណ៍ ការ​ធ្វើ​បដិសណ្ឋារកិច្ច និង​ការ​ផ្តល់សេវា​ទេសចរណ៍​ល្អជា​ដើម​។ ទាក់ទង​ទៅនឹង​វិស័យ​ទេសចរណ៍​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត​ជំរុញ​ឲ្យ​មាន​ការនាំចេញ​នៅ​នឹងកន្លែង ក្នុង​គោលដៅ​ទេសចរណ៍​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ គឺ​ប្រជាពលរដ្ឋ​អាច​បម្រើ​សេវាកម្ម​ជាច្រើន​ដល់​ភ្ញៀវទេសចរ ដូចជា​សេវា​ស្នាក់នៅ ចំណីអាហារ វត្ថុ​អនុស្សាវរីយ៍ តាមរយៈ​ការផលិត និង​ផ្តល់​ចេញពី​តំបន់​ទេចរណ៍​ផ្ទាល់​តែ​ម្តង ដោយ​បាន​ស្នើ​ឲ្យ​ក្រសួងកសិកម្ម​បង្កើត​តំបន់​បៃតង​នៅ​ជុំវិញ​ក្រុង​សៀមរាប​ឲ្យ​បាន​ច្រើន​។ ជា​មួយ​នេះ​សម្តេច​បាន​ស្នើ​ឲ្យ​មានការ​ពង្រឹង​នូវ​គុណភាព​ទាំង​ផ្នែក​សេវា និង ការដាំដុះ​ដំណាំ​សម្រាប់​ផ្គត់ផ្គង់​ដល់​ភោជនីយដ្ឋាន​និង សណ្ឋាគារ​។ ទន្ទឹម​នឹង​នោះ​សម្តេច​តេ​ជោ​បាន​ជំរុញ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ខិតខំ​សម្រួល​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​នៅពេល​មកដល់​កម្ពុជា ដែល​នេះ​ជា​ផ្នែក​មួយ​បង្ក​ការ​ងាយស្រួល​សម្រាប់​ភ្ញៀវ​ដែល​ចង់​មក​កម្ពុជា​។

សម្តេច​បាន​បន្ត​ថា ការ​បើក​ទូលាយ​ឲ្យ​មានការ​ចរាចរ​រូបិយវត្ថុ​បរទេស​នៅលើ​ទីផ្សារ​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​ទេសចរ និង បង្ក​ការងាយស្រួល​ដល់​ទេសចរ​ផង​ដែរ​។ សម្តេច​តេ​ជោ ក៏បាន​លើកទឹកចិត្ត​ឲ្យ​គិតគូរ​ដល់​ការ​វិនិយោគ​ព្រលានយន្តហោះ​ថ្មីៗ​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​រថយន្ត​ធុន​ធំ​អាច​ចុះចត​នៅ​កម្ពុជា​បាន ទាំង​នៅក្នុង​ខេត្តសៀមរាប និង នៅ​រាជធានី​ភ្នំពេញ​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​សុខាអូតែល និង អាជ្ញាធរខេត្ត ដែល​បាន​វិនិយោគ​លើ​សណ្ឋាគារ​នេះ​ឡើង​ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍​និង​អរគុណ​ដល់​ក្រសួងទេសចរណ៍ អាជ្ញាធរ និង​ក្រសួង​វប្បធម៌ ដែល​បាន​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​វប្បធម៌​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ខ្ពស់​ឡើង។

​សណ្ឋាគារ​សុខា​សៀមរាប ដែល​ដាក់​សម្ពោធ​ស្អែក​នេះ ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ដែល​មាន​ចំនួន​បន្ទប់​សរុប​១២៣៦​បន្ទប់ មាន​បុគ្គលិក​បម្រើការ​ងារ​សរុប ចំនួន​៦២៨​នាក់ និង​មាន​ភោជនីយដ្ឋាន​ក្នុង​សណ្ឋាគារ​ចំនួន​២​។ មាន​ទីតាំង​សេវាកម្ម​ម៉ាស្សា និង​ស្ប៉ា ចំនួន​២​កន្លែង មាន​សាលសន្និសីទ​ធំ​មួយ ដែល​អាច​ផ្ទុក​ចំណុះ​ជាង​៣០០០​នាក់។

របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា រយៈពេល ៧​ខែ​ឆ្នាំ​២០១៧ នេះ ភ្ញៀវទេសចរ​ចូល​មកលេង​កម្សាន្ត​ក្នុង​ខេត្តសៀមរាប មាន​ជិត ៤​លាន​នាក់ កើន​ប្រមាណ ១១.៩៤​ភាគរយ បើ​ធៀប​ឆ្នាំ​២០១៦​។ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ជាង ២​លាន​នាក់ កើន ៣.៧៨​ភាគរយ ខណៈ​ភ្ញៀវ​ជាតិ​មាន​ជិត ៣​លាន​នាក់ ថយចុះ ១.៧០​ភាគរយ។

ខេត្តសៀមរាប មាន​សណ្ឋាគារ ១៩៩​កន្លែង ស្មើនឹង ១២,៧៨៩​បន្ទប់ ក្នុង​នោះ​វិនិយោគ​ដោយ​ជនបរទេស​មាន ៣២​សណ្ឋាគារ​។ សណ្ឋាគារ​ផ្កាយ​៥ មាន​ចំនួន​១៥, សណ្ឋាគារ​ផ្កាយ​៤ មាន​ចំនួន​២៤, សណ្ឋាគារ​ផ្កាយ​៣ មាន​ចំនួន​៦, សណ្ឋាគារ​ផ្កាយ​២ មាន​ចំនួន​១ និង​សណ្ឋាគារ​បៃតង មាន​ចំនួន​២២​។

​ខេត្តសៀមរាប មាន​អា​ផាត​ម៉ិ​ន ចំនួន​៩​កន្លែង ស្មើនឹង ៤០៤​បន្ទប់ និង​មាន​ផ្ទះ​សំណាក់​វិញ មាន​ចំនួន ៣០៧​កន្លែង ស្មើនឹង ៤,៥៤៣​បន្ទប់ ក្នុងនោះ​វិនិយោគ​ដោយ​ជនបរទេស​មាន​ចំនួន ៦០​កន្លែង​។ ទាំង​សណ្ឋាគារ និង​ផ្ទះសំណាក់ មាន​បុគ្គលិក​បម្រើការ​សរុប​ជាង ២​ម៉ឺន​នាក់​។

របាយការណ៍​បានបង្ហាញ​ដែរ​ថា ក្នុង​ខេត្តសៀមរាប​នេះ មាន​ភោជនីយដ្ឋាន ១៨១​កន្លែង​, កន្លែង​ម៉ាស្សា​ចំនួន ៥៤​កន្លែង​, ខារ៉ាអូខេ​ចំនួន ១៨​កន្លែង និង​ឌី​ស្កូ​តែ​ត​ចំនួន ៣​កន្លែង​។ សេវាកម្ម​ទាំងអស់នេះ មាន​បុគ្គលិក​បម្រើសេវា​ជិត ៦​ពាន់​នាក់​៕

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114