ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ​ស្តីពីការត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៍ទេសចរណ៍​កម្ពុជា​

​សៀមរាប ៖ កាលពី​រសៀល​ថ្ងៃទី០២ ខែតុលា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាប មាន​ធ្វើ​កិច្ចប្រជុំ ស្តីពី​ការត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៍ទេសចរណ៍​កម្ពុជា អន្តរជាតិ ឆ្នាំ​២០១៧ លើក​ទី​១ ​នៅ​ខេត្តសៀមរាប ក្រោម​កិច្ចដឹកនាំ​ប្រជុំ​របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង លោក​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកស្រី​ជា​រដ្ឋលេខាធិការ អគ្គនាយដ្ឋាន លោក លោកស្រី​ជាថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ អគ្គនាយក​ក្រុមហ៊ុន និង បងប្អូន​ជា​ប្រតិបត្តិ​ករ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ចូលរួម​ផងដែរ។

​បន្ទាប់ពី​ប្រសាសន៍​បើក​កិច្ចប្រជុំ​របស់លោក​បណ្ឌិត ថោង ​ខុន ដោយបាន​ធ្វើការ​បញ្ជាក់​អំពី​គោលបំណង​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៍​ទេសចរណ៍​កម្ពុជា អន្តរជាតិ ឆ្នាំ​២០១៧ នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រសៀមរាប​ ដែលជាខេត្ត​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក និង ធ្វើការ​បង្ហាញ​អំពី​សម​ទ្ធិ​ផលក្នុងការផលិត​ដោយ​ផ្ទាល់ដៃ​របស់​ប្រជាកសិករ និង សិប្បករ​ខ្មែរ​យើង អំពី​ភូមិ​មួយ​ផលិតផល​មួយ ជូន​ភ្ញៀវ​ទេសចរណ៍ជាតិ អន្តរជាតិ បាន​ចូលមក​ទស្សនា។ ការជួប​ជុំគ្នា​ពេលនេះ នឹងទទួលបាន​ការគាំទ្រ​យ៉ាងសំខាន់ ក្នុងការជំរុញឲ្យ​មានការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៍​ទេសចរណ៍​កម្ពុជា អន្តរជាតិ ឆ្នាំ​២០១៧។​

​ក្នុងនោះដែរ​ លោក សូ វិ​សុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ស្តីពី​វ​ឌ្ឍ​ភាព​នៃ​ដំណើរការរៀបចំ​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៍​ទេសចរណ៍​កម្ពុជា អន្តរជាតិ CTM ២០១៧ ព្រមទាំង​របាយការណ៍​របស់​អគ្គនាយក ក្រុមហ៊ុន Slick Booth Holding Co.,Ltd ដោយបាន​ធ្វើការ​បញ្ជាក់​ថា ការរៀបចំ​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​ទេសចរណ៍ កម្ពុជា អន្តរជាតិ ឆ្នាំ២០១៧ នឹងមាន​ភ្ញៀវ​មកពី​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​ចូលរួម ហើយក៏​យើង​ទាមទារដល់​សមាគមន៍ពាក់ព័ន្ធ​នានា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ។ ក្នុង​ព្រឹត្តិការណ៍​នេះ ក៏មាន​កម្មវិធី​ជាច្រើនដើម្បី​ឲ្យ​កិច្ចការ​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង អធិក​អាធ​ម​ទៀតផង។

ក្នុងនោះ​ក៏មាន​រៀបចំ​នូវ​ស្តង់​ពិ​ព័រ​ណ៍ បង្ហាញ​ពី​សម​ទ្ធិ​ផល​ទេសចរណ៍ ផ្នែក​សណ្ឋាគារ ផ្នែក​ទីភ្នាក់ងារ​ទេសចរណ៍ ភោជនីយដ្ឋាន និង សេវា​ផ្សេងៗទៀត​ដាក់​បង្ហាញជូន​ភ្ញៀវ​ទស្សនា ដោយមាន​ក្រុមហ៊ុន​ល្បីៗ​នៅលើ​ពិភពលោក ចំនួន​ ២០០​ ចូលរួម ដែលមានអ្នកលក់​ចំនួន​ស្តង់​សរុប​ ២១២ ​ស្តង់ ក្នុងការ​បង្ហាញ​ផលិតផល​ក្នុងស្រុក និង ក្នុង​តំបន់​អាស៊ាន​ចូលរួម ដែលមានទីតាំងនៅ​សណ្ឋាគារ​សុខា​សៀមរាប។

​មានប្រសាសន៍​នោះដែរ​ លោក​បណ្ឌិត ឃឹម ​ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ក៏បាន​ធ្វើការ​គូសបញ្ជាក់​ថា ដើម្បី​ឲ្យ​វិស័យ​ទេ​ចរណ៍​នៅ​កម្ពុជា សំខាន់​ខេត្តសៀមរាប មានការ​រីកចម្រើន​នោះ អាជ្ញាធរខេត្ត គ្រប់លំដាប់​ថ្នាក់បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​ការអភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍វប្បធម៌​ធម្មជាតិ ប្រវត្តិសាស្ត្រ ឲ្យ​កាន់តែ​មានការ​កែប្រែ​មុខមាត់សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា។ ក្នុងនោះ​អាជ្ញាធរខេត្តផ្តោតជាសំខាន់​លើ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ អនាម័យ និង បរិស្ថាន។ ម្យ៉ាងទៀត​ វិស័យ​ទេសចរណ៍យើង​រីកចម្រើនទៅបានក៏​អាស្រ័យ​ដោយ​កត្តា​សន្តិភាព និង សន្តិសុខ ដែល​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​ប្រកប​របរ​ទទួលទានក្នុង​វិស័យ​ទេ​ចរណ៍​មកដល់​បច្ចុប្បន្ននេះ។

ឯកឧត្តម​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រតិបត្តិ​ករ​សេវា​ទេសចរណ៍​ទាំងអស់ ដែល​តែងតែបាន​ចូលរួម​កន្លងមក ក្នុងការ​ផ្លាស់ប្តូ​រមតិ​គំនិត​នឹង​គ្នា សំដៅ​ធ្វើ​ឲ្យ​ក្រុង​ប្រវត្តិសាស្ត្រ​ទេសចរណ៍​មួយ​នេះមានការ​អភិវឌ្ឍន៍ ក្លាយជា​ក្រុង​ស្រស់ស្អាតប្រកបទៅដោយ​បរិស្ថានបៃតង។

​មានប្រសាសន៍​នោះដែរ ​លោក​បណ្ឌិត ថោង ​ខុន ក៏បាន​បញ្ជាក់ថា នេះ​គឺជា​ឱកាស​មាស​សម្រាប់​យើងទាំងអស់គ្នា សំខាន់​អស់លោក លោកស្រី​ ជា​ម្ចាស់​ក្រុមហ៊ុន​ដែល​មិនទាន់បាន​ចុះឈ្មោះ ដើម្បី​ជួប​ជាមួយ​ដៃគូ​សំខាន់ៗ​មកពី​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​ផងដែរ។

ក្នុងនោះលោក​ក៏បាន​សង្កត់ធ្ងន់ ចំពោះ​ប្រតិបត្តិ​ករ​ទាំងឡាយណាដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ភ្ញៀវទេសចរ​នោះ ក៏ដូចជា​ការ​បំបិទ​នូវ​សេដ្ឋកិច្ច​របស់ខ្លួន។ ឯកឧត្តម​ក៏បាន​លើក​ផងដែរ ចំពោះ​ការត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៍​ទេសចរណ៍​កម្ពុជា អន្តរជាតិ​ ឆ្នាំ​២០១៧​ លើក​ទី​១​ នៅ​ខេត្តសៀមរាប ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​បងប្អូន​ប្រតិបត្តិករ​លើ​វិស័យ​ទេសចរណ៍​ទាំងអស់ រួមទាំង​សហគមន៍​ទៀតផង។

ឯកឧត្តម​បណ្ឌិត ថោង ខុន ក៏បាន​ធ្វើការបក​ស្រាយនូវ​រាល់​សំណួរ​ ដែលបងប្អូន​ប្រតិបត្តិ​ករ​បានលើកឡើងក្នុង​វិស័យ​ទេសចរ​នៅ​ខេត្តសៀមរាប ដោ​យកចិត្ត​ទុកដាក់​លើ​អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ដែលជា​ភារកិច្ច​យើង​រួមសហការ​ទាំងអស់គ្នា។ ឯកឧត្តម​បន្តទៀតថា ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ យើង​ទាមទារ​ឲ្យ​មានការ​ចូលរួម​ចាំបាច់ពី​វិស័យ​ឯកជន សំខាន់​លើ​ការគាំទ្រពីអាជ្ញាធរ​ដែនដី និង​ ផ្នែក​ពាក់ព័ន្ធ​ទាំងអស់។

ឯកឧត្តម​ក៏បាន​គូសបញ្ជាក់ថា ស្តង់​ពិ​ព័រ​ណ៌​នេះ គឺ​ត្រូវ​ការដាក់បង្ហាញ​នូវ​ផលិតផល​ប្រើប្រាស់​ក្នុង​សហគមន៍ ដែល​ផលិត​ដោយ​ប្រជាកសិករ និង សិប្បករ​ខ្មែរ​យើង ប្រកបទៅដោយ​គ្មាន​សារធាតុ​គីមី​ឡើយ ក្នុង​គោលដៅ​ធានា​ដល់​សុ​សុវត្ថិភាព លើ​ចំណីអាហារ នៃ​ភ្ញៀវ​ទេសចរណ៍ និង ប្រជាពលរដ្ឋ​ផងដែរ។ ​លោក​ក៏មាន​សង្ឃឹម​ជឿជាក់ ចំពោះ​បងប្អូន​ជាប្រតិបត្តិ​ករ និង ម្ចាស់​ក្រុមហ៊ុន​ទាំងអស់ នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​ទេសចរណ៍​កម្ពុជា អន្តរជាតិ ឆ្នាំ​២០១៧ ឲ្យ​ដំណើរការ​ទៅ​ប្រកបដោយជោគជ័យ​ទៀតផង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684