ព័ត៍មានទាន់​ហេតុការណ៏
Search

គួរ​ចាប់ផ្ដើម សែន​ព្រះ​ខែ ល្ងាច​នេះ នៅ​ម៉ោង​ប៉ុន្មាន ដែល​ល្អ​បំផុត​

ភ្នំពេញ​៖ ពិធីបុណ្យ​សែន​ព្រះ​ខែ គឺជា​ទំនៀម​ទំលាប់មួយ របស់​ប្រជាជន​ចិន ឬ​ខ្សែស្រលាយ​កាត់​ចិន និង​មាន​អាយុកាល​ជា​ប្រវត្តិសាស្ត្រ ប្រមាណ ៣​ពាន់​ឆ្នាំ​មកហើយ តាំងតែ​ពី​ជំនាន់​រាជវង្ស​សុង​មក​ម្លេះ​។

​ប្រពៃណី​នេះ កើតឡើង​ដោយ​កាលនោះ ព្រះ​ចៅ​អធិរាជ​ចិន​ថ្វាយបង្គំ​ព្រះអាទិត្យ ​និង​ព្រះ​ច័ន្ទ​ជា​រៀងរាល់ឆ្នាំ ដើម្បី​អធិស្ឋាន​ឲ្យ​ការប្រមូល​ផល​បានល្អ​។ កាល​នោះគេ​ជឿថា ព្រះអាទិត្យ​និង​ព្រះ​ចន្ទ គឺជា​អ្នកថែរក្សា​ពិភពលោក​នេះ​។​ ព្រះ​ចៅ​អធិរាជ ក៏ដូចជា​ប្រជាជន​កាលសម័យ​បុរាណ​នោះ បាន​ជឿថា ការថ្វាយ​បង្គំ​ព្រះ​ចន្ទ ​និង​ការ​ញ៉ាំ​អាហារ​ជុំគ្នា នឹង​នាំឱ្យ​ពួកគេ​មាន​សំណាងល្អ និង​សុភមង្គល​។​

នៅក្នុង​ឆ្នាំ ២០១៧​នេះ ពិធីបុណ្យ​សែន​ព្រះ​ខែ ត្រូវ​នឹង​ថ្ងៃទី ៤ ខែតុលា​។

​តើ​នៅក្នុង​ឆ្នាំនេះ គួរ​ចាប់ផ្ដើម​រៀបចំ សែន​ព្រះ​ខែ នាពេល​ល្ងាច​នេះ នៅ​ម៉ោង​ប៉ុន្មាន ដែល​ល្អ​បំផុត​នោះ​?

​លោកតា​ងី អាយុ​ប្រហែល ៦០​ឆ្នាំ​ជាង និយាយ​ខ្មែរ​តុង​ចិន ដែលជា​អ្នកមើល​ពេលា​តាម​ក្បួន​ហោរាសាស្ត្រ​ចិន រស់នៅ​ម្ដុំ​ផ្សារ​អូ​ឬ​ស្សី បាន​ទាញ​សៀវភៅ​ប្រតិទិន ១​ពាន់​ឆ្នាំ សរសេរ​ជា​ភាសា​ចិន​មក​មើល ហើយ​ចាប់​ផ្ដើមនិយាយ​ប្រាប់ថា ជាទូទៅ​តាម​ក្បូន​ច្បាប់​របស់​ចិន គេ​ធ្វើ​ពិធី​អ្វីមួយ គេ​មាន​ពេលា​ច្បាស់លាស់ ដើម្បី​ឲ្យ​ពិធី​ដែល​គេ​ធ្វើ​នោះ ទទួលបាន​លទ្ធផល​ល្អ​បំផុត​ដែល​អាចធ្វើ​ទៅបាន​។​

​ជាក់ស្ដែង នៅ​យប់​នេះ ពិធី​សែន​ព្រះ​ខែ អ្នក​ចង់​សែន​ម៉ោង​ប៉ុន្មាន​ក៏បាន​ដែរ តាមតែ​ចិត្ត​ចង់​ប៉ុន្តែ​មាន​ពេលា​តែមួយគត់ ដែល​ល្អ​បំផុត​សម្រាប់ធ្វើ​ពិធី​នេះ ដើម្បី​ឲ្យ​ការ​បួងសួង​ទាំង​ប៉ុន្មាន ទទួលបាន​លទ្ធផល​ល្អ​បំផុត​។​

​តា​ងី បាន​ប្រាប់ថា ថ្ងៃនេះ ព្រះ​ច័ន្ទ​ចាប់ផ្ដើម​រះ នៅពេល​វេលា​ម៉ោង ៤ និង​៥៣​នាទី ហើយ​ពេលា​ល្អ គឺ​នៅ​ចន្លោះ​ពី​ម៉ោង ៥:០០ ដល់​ម៉ោង ៧:០០ មេឃ​អាចមាន​ភ្លៀង​ធ្លាក់​បន្តិច​នៅ​ម៉ោង​ប្រមាណ ៦ ល្ងាច​នេះ​។ បន្ទាប់​ម៉ោង​នេះ​ទៅ ជា​ពេលា​មិនសូវ​ល្អ​នោះទេ​។​

​តា​ងី បញ្ជាក់ទៀតថា ឆ្នាំ មមែ ធាតុដី អាយុ ៧៦ និង ៤០ ឆុង​ក្នុងថ្ងៃនេះ សូមកុំ​ចូលរួម​ក្នុង​ពិធី​នេះ​។​

សូម​ជូនពរ និង​រីករាយ ជួបជុំ​ក្រុមគ្រួសារ នៅក្នុង​ពិធីបុណ្យ​សែន​ព្រះ​ខែ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684