ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ុ​ត ខ្លឹម​ខ្មៅ និង ឆៃ សា​រ៉ា នរណា​ជា​ម្ចាស់​ខ្សែក្រវាត់ ​LEO​ ទម្ងន់ ​៦៥​ គីឡូក្រាម​?

​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់ LEO រដូវ​កាល​ទី​៦ ទម្ងន់​ ៦៥​ គីឡូក្រាម បាន​ឈាន​មកដល់​ហើយ នា​ល្ងាច​ថ្ងៃអាទិត្យ ទី​០៨ ខែតុលា ឆ្នាំ២០១៧​នេះ នៅលើ​សង្វៀន​បាយ័ន​បឹង​ស្នោ។​ អ្នក​ប្រដាល់​ពីរ​នាក់ដែល​នឹងត្រូវ​ជួបគ្នាវាយ​ដណ្តើមយក​ខ្សែក្រវាត់​នេះ គឺ ​ម៉ុ​ត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ក្លិប​អាណាចក្រគុន​ខ្មែរ និង ឆៃ សា​រ៉ា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ។ ពីរ​នាក់នេះបានឈ្នះ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រតាំងពី​ថ្ងៃទី​២៤​ កញ្ញា​ មកម្ល៉េះ។

​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ បាន​ឆ្លងកាត់​ការប្រកួត​ជម្រុះ​អស់​ចំនួន​ ៥ ​ប្រកួត​ម្នាក់ ទម្រាំ​បានមកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ។ ក្នុង​ការប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ម៉ុ​ត ខ្លឹម​ខ្មៅ គេ​បាន​វាយ​ឈ្នះអ្នក​ប្រដាល់​ឡាវ​ Namphol Petchchinda ដោយ​ពិន្ទុ​។ ចំណែក ឆៃ សា​រ៉ា គេ​វាយ​ឈ្នះ​ ចាន់ រតនា អ្នក​ប្រដាល់​ក្លិប​ខេមរៈ​ខ្លាហោះ ដោយ​ពិន្ទុ​ដូចគ្នា។

​ម៉ុ​ត ខ្លឹម​ខ្មៅ និង ឆៃ សា​រ៉ា ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​កន្លងមក គឺ​ពុំបាន​ជួបគ្នា​ទេ ដោយ​រូបមន្ត​ប្រកួត​មិនតម្រូវឱ្យ​អ្នក​ប្រដាល់​ក្នុង​ពូ​ល​ខ្មែរ​ជាមួយគ្នា​ជួបគ្នា​ឡើយ។ ទោះជា​យ៉ាងណា សម្រាប់​ការប្រកួតផ្តាច់ព្រ័ត្រ​លើក​នេះ ម៉ុ​ត ខ្លឹម​ខ្មៅ គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អដើម្បី​យកឈ្នះ​ ឆៃ សា​រ៉ា។ តែ​យ៉ាងណា ឆៃ សា​រ៉ា មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះទេ​ ព្រោះគេ​មាន​កណ្តាប់ដៃ​ល្អ ស្នៀត​ទាត់​ក៏​ល្អដែរ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែមទៀត ពិសេស​ សា​រ៉ា​ ប្រកួត​ជាមួយ​ខ្មែរ​គ្នាឯង​ដូច្នេះ គឺ​គេ​វាយ​ល្អ និង ​ខ្លាំងណាស់ ខុសពី​ពេល​ប្រកួត​ជាមួយ​ថៃ គឺ​មិនសូវ​ជា​ល្អ​ និង ​ខ្លាំង​នោះឡើយ។

ជាក់ស្តែង ពេល​គេ​ប្រកួត​ក្នុង​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ ចាន់ រតនា ដែល​នរណា​ក៏​រំពឹងថា រតនា នឹង​ឈ្នះដែរនោះ តែបែរជា​ចាញ់​ ឆៃ សា​រ៉ា ​ទៅវិញ ដោយសារ​ សា​រ៉ា បាន​វាយ​បុក​ទៅលើ ​រតនា ស្រោចដូច​ទឹកភ្លៀង ធ្វើឱ្យ ​រតនា​ ពុំមាន​ឱកាស​វាយ​តបត​បាន​នោះទេ។ ប៉ុន្តែ​ការប្រកួត​លើក​នេះ ឆៃ សា​រ៉ា ក៏ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដែរ​ទើបបាន ពិសេស​បើ​អាច​ទប់​កណ្តាប់ដៃ កែង និង ​ជង្គង់របស់ ​ម៉ុ​ត ខ្លឹម​ខ្មៅ​ បានទើប​មានសង្ឃឹម​ឈ្នះ បើ​មិន​ដូច្នោះ​ទេ គឺ​ពិបាក​ហើយ ព្រោះ ​ខ្លឹម​ខ្មៅ ខ្លាំង​នឹង​ស្នៀត​ទាំងអស់នេះ។​ ដូច្នេះ​ ចាំមើល​រវាង ​ម៉ុ​ត ខ្លឹម​ខ្មៅ និង ឆៃ សា​រ៉ា ក្នុង​ការប្រកួតផ្តាច់ព្រ័ត្រ​នេះ តើន​រណា​ឈ្នះក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់ ​LEO ទម្ងន់ ​៦៥​ គីឡូក្រាម​នោះ?។

​គួរ​បញ្ជាក់ថា អ្នក​ដែល​ឈ្នះ​បាន​ខ្សែក្រវាត់​នេះ នឹង​ទទួលបាន​ប្រាក់រង្វាន់​លុយ​សុទ្ធ​ ២.៥០០​ ដុល្លារអាមេរិក ឯ​អ្នកចាញ់​ដែល​បាន​លេខ​២​នោះ ទទួលបាន​ ១.៥០០ ​ដុល្លារ​អាមេរិក។​ ចំពោះការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​វិញ​នោះ គឺ ចាន់ រតនា អ្នក​ប្រដាល់​ក្លិប​ខេមរៈ​ខ្លាហោះ និង Namphol Petchchinda អ្នក​ប្រដាល់​ឡាវ។ ពីរ​នាក់​នេះកាលពី​ជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​នោះ ចាន់ រតនា ឈ្នះដោយ​វាយ Namphol Petchchinda ឱ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៥។​ សម្រាប់​ការជួបគ្នា​លើកនេះ ពុំមាន​នរណា​ហ៊ាន​អះអាងថា ចាន់ រតនា ឈ្នះ Namphol ទៀត​នោះឡើយ។ ចាំមើល តើចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ ​ចាន់ រតនា ឬក៏ Namphol Petchchinda?។ ចំណាត់ថ្នាក់​លេខ​៣ នេះនឹង​ទទួលបាន​ ១.០០០ ​ដុល្លារ​អាមេរិក ហើយ​លេខ​៤​ បាន ​៦០០​ ដុល្លារ​អាមេរិក។

​សុខ សុវណ្ណ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​ភ្នំ ត្រូវគេ​ផ្គូ​ផ្គងឱ្យ​ជួប​ប្រកួតជាមួយ​ថៃ ​Champ Mor. Phuwana ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៦០​ គីឡូក្រាម។ ​សុខ សុវណ្ណ គេជា​ជើង​ខ្លាំង​មួយរូប​ដែរក្នុង​ប្រភេទ​ទម្ងន់ ​៦០ គីឡូក្រាម​នេះ ហើយ​គេ​ក៏​ជា​អតីត​ម្ចាស់​ខ្សែក្រវាត់​ដែរ។ ទន្ទឹមនេះ គេ​ធ្លាប់​ផ្តួល​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ​ដែរ​កន្លងមក។ តែ​សម្រាប់​លើក​នេះពុំ​ដឹងថា​ សុខ សុវណ្ណ អាច​វាយ​ឈ្នះ ​ឬ​ ចាញ់ Champ Mor. Phuwana នោះទេ​? ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114