ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​ខ្សែក្រវាត់ ​Carrley Black ជុំ​ទី​១ ៖ ជឹម ចិ​ត្រា ជួប Kong Kangvan ឯ​ ជា ​សំនៀង ជួប Phlay Noy

​ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក ​Carrley Black ទម្ងន់​ ៦៥ ​គីឡូក្រាម នៅ​សង្វៀនទូរទស្សន៍ ​SEA TV នៅ​រសៀល​ថ្ងៃអាទិត្យ ​ទី​០៨ ​ខែតុលា ​ឆ្នាំ២០១៧​នេះ ជាការ​ប្រកួត​ជុំ​ទី​១ របស់អ្នក​ប្រដាល់​កម្ពុជា គឺ​ ជឹម ចិ​ត្រា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង ជា សំនៀង ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រយោង ​៩១១ ហើយ​អ្នក​ប្រដាល់​ថៃ គឺ Kong Kangvan និង Phlay Noy។

​​សម្រាប់​ជំនួប​ក្នុង​ជុំ​ទី​១​នេះ គឺ​ ជឹម ចិ​ត្រា ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Kong Kangvan ហើយមួយគូ​ទៀត​នោះគឺ ជា សំនៀង ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phlay Noy។​ ជឹម ចិ​ត្រា និង Kong Kangvan ពួកគេ​ទាំងពីរ​នាក់​នេះមិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ព្រោះ ​ជឹម ចិ​ត្រា គេ​ទើបតែ​ត្រូវបានដាក់ឱ្យ​ប្រកួត​ជាមួយ​ថៃ ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​នេះ​ប៉ុណ្ណោះ។ ចិ​ត្រា និង Kong Kangvan នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ ហើយ​មាឌក៏​ប្រហែល​គ្នា​ដែរ ប៉ុន្តែ​ ចិ​ត្រា ចាញ់​កម្ពស់​ថៃ ដោយ​គេ​មាន​កម្ពស់​ ១,៦៨ ​ម៉ែត្រ ខ​ណៈ Kong Kangvan គេ​ ១,៧០ ​ម៉ែត្រ។

​​Kong Kangvan គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៧៨​លើក ឈ្នះ​៦២​លើក ចាញ់​១៥លើក និង​ ស្មើ​០១លើក។​ ចំណែក​ ជឹម ចិ​ត្រា គេ​មាន​កំណត់ត្រា​ប្រកួត​៦៦​លើក ឈ្នះ​៥៦​លើក ចាញ់​០៩​លើក និង ស្មើ​០១​លើក។ ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះពុំ​អាច​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ​ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។

​ចំពោះ​ការជួបគ្នា​រវាង​ ជា សំនៀង និង Phlay Noy ​វិញ ប្រហែលជា​មិន​ពិបាក​ទស្សន៍ទាយ​នោះទេ ត្បិត​ថាអ្នក​ប្រដាល់ ​Phlay Noy ល្អ​ និង​ ខ្លាំង​ជាង​ ជា សំនៀង បើ​មើល​ការប្រកួត​របស់​ពួកគេ​កាលពីជួបគ្នា​កន្លងមក​នោះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ហើយដែរ ក្នុងនោះគេ​ធ្លាប់​ទាំង​ឈ្នះ​ ជា សំនៀង ​ដោយ​ពិន្ទុ​ចំនួន​ ២ ​លើក​ទៀតផង។

​ជា សំនៀង អ្នក​ប្រដាល់​កម្ពុជា​យើង​នេះ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៣​លើក ដោយ​វាយ​ឈ្នះ​៦៧លើក ចាញ់​១៣​លើក និង ​ស្មើ​០៣​លើក ឯ Phlay Noy គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​លើក ឈ្នះ៦១​លើក ចាញ់​១៣​លើក និង ​ស្មើ​០១​លើក។ សម្រាប់​ការប្រកួត​ជុំ​ទី​១​នេះ គេ​មានជំនឿថា ជា សំនៀង នឹង​រកបាន​៣​ពិន្ទុ​ក្នុង​ការជួប​ Phlay Noy នេះ។ ​ចាំមើល ការប្រកួត​ក្នុង​ជុំ​ទី​១​នេះ តើន​រណារកបាន​ ៣​ ពិន្ទុ​បន្ថែម​នោះ?។

​ចំពោះ​ការ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ធី តុង​ហ៊ី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ នឹង​ឡើងសងសឹក​ ធន់ ដា​រ៉ា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួង​ការ​ជាតិ។ សម្រាប់​ការជួបគ្នារវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គេ​មិន​រំពឹងថា ធី តុង​ហ៊ី​ អាច​សងសឹក ដា​រ៉ា បានសម្រេចនោះឡើយ?។ ​ធន់ ដា​រ៉ា គេ​ទើប​វាយ​ចាញ់​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់ ​មួន មូល ក្លិបកងពលតូច​ទ័ព​ឆ័​ត្រ​យោង​ ៩១១ កាលពី​ថ្ងៃទី​១៦ កញ្ញា ​២០១៧។ ​ចំណែក​ការប្រកួត​ចុងក្រោយរបស់ ​ធី តុ​ហ៊ី វិញ គឺ​វាយ​ចាញ់​ ម៉ុ​ត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ដោយ​ពិន្ទុ។

​​ង៉ែត វុ​ធ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​ ៩១១ ​នឹង​ជួប​ប្រកួត​ជាមួយ ​ងួន គា អ្នក​ប្រដាល់ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ។ ​ពួកគេ​ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក។ ងួន គា ត្បិត​តែមានកម្លាំង​ស៊ុ​ហ្វ​មិនសូវ​រឹងមាំ ប៉ុន្តែ​គេ​វាយ​នៅតែមាន​ផ្លែ​ល្អ​។​ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ពីរនាក់​នេះ​ជួបគ្នាពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ?​។ ការប្រកួត​ចុងក្រោយ​របស់​អ្នក​ទាំងពីរ គឺ ​ង៉ែត វុ​ធ​ ប្រកួត​ឈ្នះ​ យ៉ុ​ន ដា​រ័ត្ន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយពិន្ទុ ឯ ងួន គា គេ​វាយ​ចាញ់​ សង់ គង់ ដោយ​ពិន្ទុ។​ ចាំមើលរវាង ង៉ែត វុ​ធ និង ងួន គា នេះនរណា​ឈ្នះ ? ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114