ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ុ​ត ខ្លឹម​ខ្មៅ ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ LEO​ ទម្ងន់​ ៦៥​ គីឡូក្រាម​

អ្នក​ប្រដាល់ ​ម៉ុ​ត ខ្លឹម​ខ្មៅ ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​វាយ​ឈ្នះ​ ឆៃ សា​រ៉ា អ្នក​ប្រដាល់​សមាគមកីឡាប្រដាល់​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់ LEO កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ទី​០៨ ខែតុលា លើស​ង្វៀន​បាយ័ន​បឹង​ស្នោ ដែល​ធ្វើឱ្យ ម៉ុ​ត ខ្លឹម​ខ្មៅ ក្លាយជាម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ ៦៥ ​គីឡូក្រាម របស់ ​LEO ឆ្នាំ​២០១៧។

​ឆៃ សា​រ៉ា បាន​ចាញ់​ប្រៀប ម៉ុ​ត ខ្លឹម​ខ្មៅ ក្នុងការ​ប្រកួត​គ្នា​ប្រាំ​ទឹក ដោយ​ ខ្លឹម​ខ្មៅ គេ​ដាល់ ​និង ​ទាត់ចេញ​ចំ​គោលដៅ​ល្អ​ច្រើនជាង​ការ​វាយ​ចេញ​របស់​ ឆៃ សា​រ៉ា ដែល​វាយ​ចេញ​ច្រើន​ដែរ ប៉ុន្តែ​ខុសគោលដៅ។ កណ្តាប់ដៃ​របស់ ​ខ្លឹម​ខ្មៅ វាយ​ចេញ​លឿន​រហ័ស ដែល​ធ្វើឱ្យ ​សា​រ៉ា សឹងតែ​គ្មាន​ឱកាស​វាយ​តបត​វិញ​បាន។

តែ​យ៉ាងណា ឆៃ សា​រ៉ា វាយ​ត្រូវ ​ម៉ុ​ត ខ្លឹម​ខ្មៅ មួយ​ដៃៗ មួយ​ជើងៗ​នោះ ក៏បាន​ធ្វើឱ្យ​ ខ្លឹម​ខ្មៅ ឈឺសាច់​មិន​ស្ទើរ​ដែរ​ទេ។ ប៉ុន្តែ​យ៉ាងណា ចប់​ការប្រកួត​ ឆៃ សា​រ៉ា នៅតែ​ចាញ់​ដោយ​ពិន្ទុ ធ្វើឱ្យ ​ម៉ុ​ត ខ្លឹម​ខ្មៅ ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ ​LEO ​ទម្ងន់ ​៦៥​ គីឡូក្រាម។

​ម៉ុ​ត ខ្លឹម​ខ្មៅ ដែល​ដណ្តើមបាន​ខ្សែក្រវាត់​នេះ ទទួលបាន​ប្រាក់រង្វាន់​ចំនួន ​២៤ ​លាន​រៀល ប្រហាក់ប្រហែល​នឹង ​៦.០០០​ ដុល្លារ ឯ ឆៃ សា​រ៉ា​ ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ បាន​ប្រាក់រង្វាន់ ១២ ​លាន​រៀល ប្រហាក់ប្រហែល​នឹង​ ៣.០០០ ដុល្លារ។​

ចំពោះ​កាល​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​វិញ បាន​ទៅលើ​អ្នក​ប្រដាល់​ឡាវ​ Namphol Petchchinda ក្រោយពី​គេ​បាន​វាយ​ឈ្នះ​ ចាន់ រតនា អ្នក​ប្រដាល់​ក្លិប​ខេមរៈ​ខ្លាហោះ​ដោយ​ពិន្ទុ​នោះ។ សម្រាប់​ប្រាក់រង្វាន់​ចំណាត់ថ្នាក់​លេខ​៣​នេះ បាន​ ២.៤០០.០០០ រៀល ហើយ​លេខ​៤ បាន ១.៦០០.០០០​ រៀល។

​ដោយឡែក ការប្រកួត​មិត្តភាព​អន្តរជាតិ​អម​គូ​ខ្សែក្រវាត់​នេះ សុខ សុវណ្ណ​ អ្នក​ប្រដាល់​ក្លិប​កងពលធំអន្តរាគមន៍​លេខ​២ បាន​វាយ​ចាញ់ Champ Mor.Phuwana​ អ្នក​ប្រដាល់​ជនជាតិ​ថៃ​ ដោយ​ពិន្ទុ ក្រោយពី​ប្រកួត​គ្នា ​៥ ​ទឹក​ពេញ​នោះ។ សុខ សុវណ្ណ ប្រកួត​ពីរ​ទឹក​ដំបូង​រាង​គ្រាន់បើ តែ​ចាប់​ចុង​ទឹក​ទី៣​ទៅគេ​វាយ​លែងកើត ដែល​មើលទៅ​ហាក់ដូចជា​ចុះខ្សោយ​កម្លាំង​ស៊ុ​ហ្វ ធ្វើឱ្យ ​Champ Mor.Phuwana យក​ប្រៀប​ឈ្នះ​បាន​រហូតដល់​ចប់​ទឹក​ទី​៥។ ចប់​ការប្រកួត Champ Mor. ឈ្នះ​ សុខ សុវណ្ណ ដោយ​ពិន្ទុ។

​សេង ឆ្លូញ អ្នក​ប្រដាល់​ជើង​ថ្មី ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ចាញ់​ ចាន់ សាន់ អ្នកប្រដាល់​ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​ ៥​ ទឹក​ពេញ​នោះ។ ​សេង ឆ្លូញ ត្រូវ​ ចាន់ សាន់ ​វាយ​ឱ្យ​អាជ្ញាកណ្តាល​រាប់​៨ ​ក្នុងទឹក​ទី​៣​ម្តង​ និង ​ទឹក​ទី​៤ម្តង៕

•​ផល សោ​ភ័​ណ្ឌ និង ចាន់ ប៊ុន​លាភ ឈ្នះ​ថៃ​ដោយ​ពិន្ទុ​ដូចគ្នា

​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា គឺ​ ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​ប្រកួតឈ្នះ​អ្នក​ប្រដាល់ថៃ​ជើងចាស់​ Khlakhunserk Chompea Tour នៅក្នុង​ការជួបគ្នា​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ ក្នុង​កម្មវិធី​ប្រដាល់​ខា​រ៉ា​បាវនៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់ ថ្ងៃអាទិត្យ​ ទី​០៨ តុលា ២០១៧។

​ផល សោ​ភ័​ណ្ឌ គេ​បាន​យកឈ្នះ ​Khlakhunserk​ ដោយ​ពិន្ទុ​ទាំង​ប្រផឹតប្រផើយ​តែប៉ុណ្ណោះ ​ក្នុងការ​វាយ​គ្នា ​៥​​ ទឹក​ពេញ​នោះ។ អ្នក​ប្រដាល់​ថៃ ​ដែល​មុននេះបាន​ផ្តួល​ ឡៅ ចន្ទ្រា​ អ្នក​ប្រដាល់​ជើង​ខ្លាំងក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ឱ្យ​ខូចដៃ ​និង​ បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៣​នោះ ត្រូវ ​ផល សោ​ភ័​ណ្ឌ សងសឹក​ឱ្យបាន​វិញ​ហើយ។ ប៉ុន្តែ​យ៉ាងណា Khlakhunserk ដែល​ចាញ់​នេះ ក៏​ដោយសារតែ​គេ​វាយ​រាង​មើលងាយ​ដែរ ដោយ​វាយបើកមុខហើយ​ត្រូវ ​សោ​ភ័​ណ្ឌ ​វ៉ៃ​ចូល​ពេញៗ​កណ្តាប់ដៃ។ ចំពោះ ចាន់ ប៊ុន​លាភ​ វិញ គេ​ក៏​ឈ្នះ​អ្នក​ប្រដាល់​ថៃ Lukhin Site Lukporkhunnen ដោយ​ពិន្ទុប្រផុតប្រផើយ​ដែរ បន្ទាប់ពី​ប្រកួត​គ្នា​ ៥​ ទឹក​ពេញ​នោះ។

ដោយឡែក សម្រាប់​ការប្រកួត​គូ​ពិសេស​វិញ អ៊ូច ធា​រិ​ទ្ធ​ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បានចាញ់ ​ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​មាន​រិ​ទ្ធ ខេត្តបាត់ដំបង ក្នុង​ទឹក​ទី​៣​ ដោយសារតែទាត់​ថែម​ទៅលើ​មុខ ​ប៊ុនឆៃ ខ​ណៈដែល ​ប៊ុនឆៃ​ ដួល​អុកគូទ​លើ​រេញ​ហើយ​នោះ៕

​​ឈាន ហុង ឈ្នះ ឈិន ក្វាន់​ង៉ុ​យ ឯ វឿន សា​វិ​ន ឈ្នះ ណា​ម ម៉ូ​រ៉ា​ក់

​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​ថ្ងៃទី​០៧​ តុលា ​២០១៧​នោះ ឈាន ហុង អ្នក​ប្រដាល់​នៃក្លិប​អេ​ភូ​ថង​កីឡា បាន​វាយ​ឈ្នះ​ ឈិន ក្វាន់​ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍​ដោយ​ពិន្ទុ បន្ទាប់ពីប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។ ​ឈាន ហុង ខាន​ប្រកួត​យូរ​ឆ្នាំ​ហើយនៅតែ​វាយ​ល្អ​ដដែល ដោយ​វាយ​ ឈិន ក្វាន់​ង៉ុ​យ សឹងតែ​មិនអាច​តបត​បាន។ គេ​ទាត់ ដាល់ ទៅលើ ​ក្វាន់​ង៉ុ​យ ចំ​គោលដៅល្អ​ថែមទៀត ​ទើប​ឈ្នះ​ ឈិន ក្វាន់​ង៉ុ​យ ​ដោយ​ពិន្ទុ​នោះ។

​ចំពោះ វឿន សា​វិ​ន អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ក៏​វាយ​ឈ្នះ​ ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ​ដោយ​ពិន្ទុ​ដែរ ក្រោយពី​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។ ពីរ​នាក់នេះ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម ។

ចំណែកឯ​ការប្រកួត​រវាង​អ្នក​ប្រដាល់ លី ភា ក្លិប​សំរោង​កោង​មកពី​ខេត្តបាត់ដំបង​ដែរនោះ បាន​វាយឈ្នះ ​សួង សុវណ្ណ​ថា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ ហើយ ​បាង កា​នុន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​ អាន ទាវ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវខណ្ឌ​ច្បារអំពៅ៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114