ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប Fujieda MYFC ប្រកួត​ស្មើ​ក្រុម​លេខ​២​កំពូល​តារាង ខណៈ​កីឡាករ ចាន់ វឌ្ឍនាកា បាន​ត្រឹមគាំទ្រ​ពី​ចម្ងាយ​

ក្លិប​បាល់ទាត់ Fujieda MYFC សមាជិក​ក្នុង​ពានរង្វាន់​លី​គ​លំដាប់​ទី​៣ ​របស់​ប្រទេស​ជប៉ុន (J3 League) បាន​ប្រកួត​សប្តាហ៍​ទី ​២៤ ​របស់ខ្លួន ស្មើគ្នា​ជាមួយ​ក្រុម​ចំណាត់ថ្នាក់​លេខ ​២ ​កំពូល​តារាង ស្របពេល​កីឡាករ ចាន់ វឌ្ឍនាកា របស់​កម្ពុជា ដែល​កំពុង​ប្រកប​អាជីព​នៅ​ទី​នោះ បាន​ត្រឡប់មកចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាម​ការកោះហៅ​របស់​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា​។​

​ក្រុម Fujieda MYFC បាន​ប្រកួត​ស្មើ​ជាមួយ​ក្រុម Azul Claro Numazu ២​ទល់​២ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៨ ខែតុលា ឆ្នាំ​២០១៧ ថ្មីៗ​នេះ​ លើ​ទីលាន​កីឡដ្ឋាន Fujieda Citizen Ground​។ កាលពី​ជើង​ទី​១ ក្រុម Azul Claro Numazu បាន​យកឈ្នះ​ក្រុម Fujieda MYFC ម្តង​ហើយ ដោយ​លទ្ធផល ​៤​ទល់​១​។ ក្រោយ​ដំណើរការ ​២៤ ​ប្រកួត​មកនេះ ​ក្រុម Fujieda MYFC រកបាន​ជ័យជម្នះ​ ១០​លើក ហើយ​ស្មើគ្នា​ ៧​លើក តែ​បរាជ័យ ​៧​លើក ឈរ​ចំណាត់ថ្នាក់​លេខ​៨ ប្រចាំ​តារាង​រួម​បណ្ដោះអាសន្ន​ដែលមាន​ ១៧ ក្រុម​ជាសមាជិក​ ក្រោយ​រកបាន​ ៣៧​ ពិន្ទុ​ក្នុង​ដៃ​។

​ពានរង្វាន់​ប្រចាំ​លី​គ​លំដាប់​ទី​៣ របស់​ជប៉ុន មាន​ក្រុម​ចូលរួម​ចំនួន​១៧​ក្រុម ហើយ​ក្រុម​ដែល​បញ្ចប់រដូវ​កាល​របស់ខ្លួន​មាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​ចំនួន​២ក្រុម​ ត្រូវ​ឡើង​ទៅលេង​ពានរង្វាន់លំដាប់​ទី​២ នៅ​ឆ្នាំ​បន្ទាប់​។ សម្រាប់​ប្រកួត​ជា​បន្ត​ក្នុង​សប្ដាហ៍​ទី​២៥ ​របស់​ក្លិប Fujieda MYFC នឹងត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ Kataller Toyama FC នៅវេលា​ម៉ោង​១១​ព្រឹក ​ថ្ងៃអាទិត្យ​ ទី​១៥ ខែតុលា ឆ្នាំ​២០១៧ លើ​ទីលាន​កីឡដ្ឋាន Toyama Athletic Recreation Park Stadium​។

​ចំណែក​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា គឺជា​កីឡាករ​ដំបូង​របស់​កម្ពុជា ដែលមាន​ឈ្មោះ​ផ្ទេរ​ទៅលេង​នៅប្រទេស​ជប៉ុន ផងដែរ ក្នុង​លក្ខខណ្ឌ​ខ្ចីជើង​មួយ​រដូវ​កាល ពី​ក្លឹប​បឹងកេត​អង្គរ របស់​កម្ពុជា​។ កីឡាករ​រូបនេះ​បានធ្វើ​ដំណើរ​ត្រឡប់មក​មាតុភូមិ​វិញ​ នៅ​ល្ងាច​ថ្ងៃអាទិត្យ សប្ដាហ៍​មុន​ ដើម្បី​ចូលរួមក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​មិត្តភាព​អន្តរជាតិ ចាញ់ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ៣​ទល់​១ កាលពី​ថ្ងៃទី​៤​ ខែតុលា ឆ្នាំ​២០១៧​។ កីឡាករ ចាន់ វឌ្ឍនាកា ក៏បាន​រក​គ្រាប់​បាល់ប​ញ្ជូ​លទី​ឱ្យ​កម្ពុជា ផងដែរ​។​

​កីឡាករ​វ័យ ​២៣​ ឆ្នាំ​រូបនេះ​ នឹងចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រកួត​ជាមួយ​ម្ចាស់ផ្ទះវៀតណាម នៅវេលា​ម៉ោង​៧​យប់​ នៅ​ថ្ងៃ​អង្គារ ទី​១០ ខែតុលា ឆ្នាំ​២០១៧ លើ​ទីលានកីឡដ្ឋាន​ My Dinh Stadium ក្នុង​ទីក្រុង​ហាណូយ ក្នុង​វគ្គ​ជម្រុះ​ជុំ​ផ្ដាច់ព្រ័ត្រ​ប្រចាំ​ពូ​ល C នៃពានរង្វាន់ 2019 AFC Asian Cup UAE៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684