ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​ជិត​១៥០​នាក់​ត្រូវ​ជំនុំ​ជម្រះ​ក្តី​ពាក់ព័ន្ធ​ការ​សម្លាប់​រង្គាល​លើ​ស្ពាន​ទួរគី​អំឡុង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ

អតីត​ទាហាន​ទួរគី​ជិត​១៥០​នាក់ ​ត្រូវ​ធ្វើ​ការ​ជំនុំជម្រះ​ក្តី​នៅ​ថ្ងៃ​ចន្ទ​ពាក់ព័ន្ធ​ការ​ប៉ះទង្គិច​នៅ​លើ​ស្ពាន​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​មួយ​ក្នុងអំឡុងពេល​រដ្ឋ​ប្រហារ​​បរាជ័យ​កាលពី​ឆ្នាំមុន​ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​រាប់​សិប​នាក់​រួម​ទាំង​ជំនួយការ​សំខាន់​របស់​លោក​ប្រធានាធិបតី Recep Tayyip Erdogan ផងដែរ​។

ស្ពាន​ឆ្លងកាត់​ច្រក​សមុទ្រ Bosphorus ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​គឺជា​កន្លែង​នៃ​ការប្រយុទ្ធ​បង្ហូរឈាម​រវាង​ក្រុម​អ្នកគាំទ្រ​លោក Erdogan និង​ទាហាន​ដែល​លះបង់​ដើម្បី​បង្ក្រាប​រដ្ឋាភិបាល​ជាប់ឆ្នោត​នៅ​យប់​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៦​។​

ក្រោយមក ស្ពាន​នេះ​ត្រូវបាន​ប្តូរ​ឈ្មោះ​ដោយ​រដ្ឋាភិបាល​ថា​ជា ស្ពាន​ទុក្ករបុគ្គល​១៥​កក្កដា​។​
​អ្នកស្លាប់​ក៏​រួមមាន​ទាំង​អ្នកគ្រប់គ្រង​យុទ្ធនាការ​របស់លោក Erdogan ឈ្មោះ Erol Olcok និង​កូនប្រុស​អាយុ​១៦​ឆ្នាំ​របស់គាត់​ឈ្មោះ Abdullah Tayyip ផងដែរ​ដែល​ត្រូវបាន​សម្លាប់​នៅពេល​ទាហាន​បើក​ការបាញ់ប្រហារ​ទៅលើ​បាតុករ​នៅលើ​ស្ពាន​ដែល​ត​ភ្ជាប់​ទ្វីបអាស៊ី​និង​អឺរ៉ុប​មួយ​នេះ​។​

ជនសង្ស័យ​សរុប​ចំនួន​១៤៣​នាក់​រួមទាំង​មន្ត្រី​៣០​នាក់​ផងដែរ​បានបង្ហាញ​ខ្លួន​នៅក្នុង​តុលាការ​។ ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​កម្មរាប់​ចាប់ពី​ឃាតកម្ម​រហូតដល់​ការព្យាយាម​ផ្តួលរំលំ​សភា​និង​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម​ដីកា​ចោទប្រកាន់​ដែលមាន​១,០៥២​ទំព័រ​។​

យោងតាម​ភ្នាក់ងារ​ព័ត៌មាន Anadolu ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​និយាយថា ប្រសិនបើ​ជនជាប់ចោទ​ត្រូវបាន​ផ្តន្ទាទោស​មែន​នោះ ជនជាប់ចោទ​នីមួយៗ​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​មួយជីវិត​។​

ការជំនុំជម្រះ​ក្តី​ថ្ងៃ​ចន្ទ​គឺជា​ដំណើរការ​មួយ​ក្នុងចំណោម​នីតិវិធី​ច្បាប់​ជាច្រើន​ដែល​កំពុង​ស្វែងរក​ការកាត់ទោស​អ្នក​ដែល​ត្រូវបាន​គេ​ជឿថា​បាន​ដើរតួ​នៅក្នុង​ការធ្វើ​រដ្ឋប្រហារ​ដែល​បានធ្វើ​ឲ្យ​មនុស្ស​ចំនួន​២៤៩​នាក់​ស្លាប់​។​

គួរ​បញ្ជាក់ថា កាលពី​សប្ដាហ៍​មុន តុលាការ​មួយ​នៅ​ភាគ​និរតី​នៃ​ប្រទេស​ទួរគី​បាន​កាត់ទោស​ដាក់ពន្ធនាគា​រ​មួយជីវិត​ដល់​មនុស្ស​ចំនួន​៤០​នាក់​ពីបទ​ឃុបឃិត​ធ្វើឃាត​លោក Erdogan នៅ​សណ្ឋាគារ Aegean ៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114