ព័ត៍មានទាន់​ហេតុការណ៏
Search

ជលផល​កំពុង​ធ្វើឲ្យ​បទល្មើស​ឆ្នុក កើតមាន​ពេញ​បន្ទុក​នៅ​ឃុំ​អន្លង់​សំណរ​

​សៀមរាប ​៖ ​សេចក្ដីរាយការណ៍​ពី​មាត់​បឹង​ទន្លេសាប​បាន​ឲ្យ​ដឹង​ថា ​បទល្មើស​នេសាទ​ប្រភេទ​ឆ្នុក កំពុង​កើតមាន​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​អន្លង់​សំណរ ​ស្រុក​ជីក្រែង​ ដោយ​មិន​មាន​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ចេញមុខ​បង្ក្រាប​ឲ្យ​ថមថយ​នោះ​ទេ​ សង្ស័យ​ជំនាញ​ពាក់ព័ន្ធ​នៅ​តំបន់​ខាង​លើ​នេះ ​ទទួល​សំណែន​ពី​អ្នក​ល្មើសច្បាប់​។


តាម​ការ​អះអាង​របស់​ប្រជា​នេសាទ​បាន​ឲ្យ​ដឹង​ថា​ បទល្មើស​នេសាទ​ប្រភេទ​ឆ្នុក​នេះ ​កំពុង​ធ្វើ​ឲ្យ​ហិនហោច​ពូជ​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាង​ខ្លាំង​ ព្រោះ​ពួកគេ​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​បែប​ទំនើប​ ដោយមាន​ដាក់​មង​ក្រឡា​ញឹក​ និង ​ភ្លើង​អំពូល​ ដើម្បី​ឲ្យ​ធ្លាក់​សត្វល្អិត​មក​ត្រី​ចោមរោម​ស៊ី ហើយក៏​ចូលក្នុង​សាច់​មង​យ៉ាង​ស្រួល ​និង​ មាន​ទាំង​ប្រដាប់​ឆក់​ត្រី​ថែម​ទៀត​ផង​។

​ពលរដ្ឋ​បន្តថា មានការ​សង្ស័យថា ​រដ្ឋ​បាល​ជលផល​ខេត្តសៀមរាប ​និង ​កូនចៅ​តាម​សង្កាត់​ជាអ្នកទទួល​ផលប្រយោជន៍​ច្រើនជាងគេ ​ទាក់ទង​ទៅនឹង​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាបក្នុង​ស្រុក​ខាងលើ ​ជាពិសេស​ឧបករណ៍​ឆ្នុក​ប្រើ​ភ្លើងពណ៌​នេះតែម្តង​។​

​ប្រភពពី​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹង​ទន្លេសាប ​បាន​បន្ត​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើឧបករណ៍​ខុសច្បាប់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយមន្ត្រីរដ្ឋបាល​ជល​ផល​គ្រប់​លំដាប់ថ្នាក់​មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។

សេចក្ដីរាយការណ៍ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​ជីក្រែង​ និង ​ស្រុក​សូទ្រនិគម បានទទួល​លុយ​ពី​ក្រុម​ជនល្មើស ​ទើប​បណ្ដោយ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុងបឹង​ទន្លេសាប​យ៉ាង​គឃ្លើន​។

​អ្នកឃ្លាំមើល​បទល្មើស​នេសាទ​បាន​ឲ្យ​ដឹងថា ដោយសារ​តែមាន​មេខ្យល់​​ប្រមូល​លុយ​ពីក្រុមជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​បែបនេះហើយ​ ទើប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ឆ្នុក​នៅស្រុក​ខាងលើ​កាន់តែខ្លាំង​ឡើងៗ​ដូច​ទឹកបាក់​ទំនប់​។

​ទាក់ទិន​ករណីនេះ​ដែរ​ លោក​ យឹម ស៊ីវ័ន​ នាយ​សង្កាត់រដ្ឋបាល​ជលផល​អន្លង់​សំណរ ​មិនអាចទាក់ទង​សុំ​ការពន្យល់​បានទេ ​នៅ​ព្រឹក​ថ្ងៃទី​១០​ ខែតុលា​ នេះ ​ដោយសារ​ហៅ​ទូរស័ព្ទ​មិន​ចូល គឺ​នៅក្រៅ​តំបន់​សេវា​។​ ចំណែក​លោក ​ព្រិ​ន្ទ សា​វិ​ន នាយ​ខ​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​ ក៏មិនអាច​សុំ​ការបំភ្លឺ​បានដែរ​ ដោយសារ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​លើក​។​ ទោះជា​យ៉ាងនេះ​ក្តី​ គេទន្ទឹងរង់ចាំ​មើលថា ​តើ​លោក​ ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ​និង​ លោក ​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ព្រមទាំង​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ ​និងនេសាទ អាចមាន​វិធានការ​ដុះក្អែល​មន្ត្រីក្រោមឱវាទ​ឲ្យ​ទាន់ពេល​ផង​ ដើម្បី​ឲ្យ​ផល​ត្រី​នៅ​គង់​វង់​យូរ​អង្វែងតទៅទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114