ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេចនាយក​រដ្ឋមន្ត្រី​ផ្តល់​អនុសាសន៍ ពី​ការអនុវត្ត​គោលនយោបាយ​ជាតិ ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង វិជ្ជាជីវៈ​

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ដល់​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ ពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង វិជ្ជាជីវៈ​ឆ្នាំ (២០១៧ -២០២៥) ឲ្យ​កាន់តែ​សកម្ម​មាន​ប្រសិទ្ធភាព និង ជោគជ័យ ឈានទៅ​សម្រេច​គោលដៅ​កំណើនសេដ្ឋកិច្ច និង​ស្ថិរភាព សង្គម​ប្រកបដោយ​ចីរភាព។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​សំ​ខាន់ៗ នោះ នៅក្នុង​ពិធី​ផ្ស​ព្វ​ផ្សាយ​និង​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ​ឆ្នាំ (២០១៧ -២០២៥) នា​ព្រឹក​ថ្ងៃទី ១០ ខែ តុលា នៅ​វិមាន​សន្តិភាព​ទីស្តីការគណៈរដ្ឋមន្ត្រី។

អនុសាសន៍​ទី​១-​ត្រូវ​ពង្រឹង​គុណភាព​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ ដោយ​បន្ត​អនុវត្ត​ប្រព័ន្ធ​ធានា​គុណភាព ,​ពង្រឹង​គរុកោសល្យ និង គ្រូ​បណ្តុះបណ្តាល​,​ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​ធនធាន​មូលដ្ឋាន​សម្រាប់​រៀន សម្រាប់​បង្រៀន​ឲ្យ​ឆ្លើយតប​តាម​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី និង តម្រូវការ​ទីផ្សារការងារ​ផងដែរ។

ទី​២-​ត្រូវ​បន្ត​កែលម្អ​ប្រព័ន្ធ​គ្រប់គ្រង​ព័​ត៌​មាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ និង ប្រព័ន្ធ​ព័ត៌មាន ទីផ្សារការងារ ព្រមទាំង​ពង្រឹង​ការវិភាគ​,​ការ​ព្យាករណ៍​ទីផ្សារ​ការងារ និង ការស្ទង់មតិ​លើ​តម្រូវ​ការជំនាញ។

ទី​៣-​ត្រូវ​បន្ត​ពង្រឹង និង ពង្រីក​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង ការងារ ,​មជ្ឈមណ្ឌល​ការងារ​,​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​, ទីផ្សារ​ការងារ​,​វេទិកា​ការងារ​និង​មុខរបរ ,​វេទិកា​ជាតិ​ពិព័រណ៍​ការងារ ដើម្បី​ផ្តល់​សេវា​ការងារ​ឲ្យ​កាន់តែ​ទូលំទូលាយ។

​ទី​៤-​ត្រូវ​បង្កើន​ឳ​កាស​ថែមទៀត​សម្រាប់​ប្រជាជន ដើម្បី​ទទួលបាន​នូវ​ជំនាញ សម្រាប់​ជីវិត​ដោយ​យកចិត្តទុកដាក់ ពិសេស​លើ​តម្រូវការ​រ​បស់​ស្ត្រី ,​ជន​ងាយ​រងគ្រោះ​,​យុវជន​ទីទាល់ក្រ ,​សិស្ស​ដែល​បាន​បោះបង់​ការសិក្សា ,​ពលករ​ចំណាកស្រុក និង ជនជាតិភាគតិច តាមរយៈ​នៃ​ការ​ផ្តល់នូវ​ជម្រើស​សិក្សា​ផ្សេងៗ​ដែលមាន​ភាពបត់បែន។

ទី​៥-​ត្រូវ​បង្ក​ភាព​ងាយស្រួល​ក្នុងការ​ឆ្លង​ទៅ​ឆ្លង​មក​របស់​សិស្ស និស្សិត រវាង​ប្រព័ន្ធ​អប់រំ​ទូទៅ និង ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ។ ក្នុងនោះ ត្រូវ​ផ្តល់​អាហារូបករណ៍​,​ប្រាក់ឧបត្ថម្ភ និង អន្តេវាសិកដ្ឋាន​ឲ្យ​បាន​គ្រប់គ្រាន់។

​ទី​៦-​ត្រូវ​លើកទឹកចិត្ត​ភាពជា​ដៃគូ​រវាង​រដ្ឋ និង វិស័យ​ឯកជន ឲ្យ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ។

ទី​៧-​ត្រូវ​បំផុស​នូវ​យុទ្ធនា​ការបង្កើន​ផលិតភាព​,​បង្កើន​ទិន្នផល​,​បង្កើន​ប្រសិទ្ធភាព​ការងារ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រកួតប្រជែង​ក្នុងការ​ទាក់ទាញ​វិនិយោគ និង ការកើនឡើង​នៃ​ប្រាក់​ឈ្នួល​អប្បបរិមា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការប្រកាស​ដាក់​ឲ្យ​អនុវត្ដ​នូវ “​គោលនយោបាយ​ជាតិ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង វិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥” នេះ​ពិត​ជាមាន​ភាពចាំបាច់​បំផុត​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដែល​កំណត់​ជា​អាទិភាព​ការ​សម្រេចបាន​នូវ​កំណើន​ប្រកបដោយ​ចីរភាព និង បរិ​យា​ប័ន្ន ការ​អភិវឌ្ឍ​ធនធានមនុស្ស​លើ​ផ្នែក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ ការបង្កើត​ឱកាស​ការងារ​សមរម្យ និង ប្រកបដោយ​ផលិតភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ដោយ​សមធម៌​ដើម្បី​លើកកម្ពស់​ជីវភាព ភាពថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ និង ភាពសុខដុមរមនា​ស​ង្គ​ម។

យោង​តាម​របាយការណ៍​របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​រៀបចំ​និង​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​ការអបរំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ បានបញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការបង្កើត​យុទ្ធសាស្ត្រ​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ដល់​កម្លាំង​ពលកម្ម​ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ ជាពិសេស​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​បង្កើត​ការងារ​សមរម្យ ព្រមទាំង​ធានា​គុណភាព​និង​ផលិតភាព​ខ្ពស់​របស់​កម្លាំង​ពលកម្ម ដែល​អាច​ប្រកួតប្រជែង​ប្រសើរ​ជាង​មុន​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់។

ទន្ទឹមនេះ រាជរដ្ឋាភិបាល​ក៏បាន​នូវ​គោលនយោបាយ​និង​ផែនការ​សកម្មភាព​មួយ​ចំនួនទៀត​ផងដែរ ក្នុង​ការ​ដឹកនាំ​ប្រទេស​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ និង​បាន​ប្រែក្លាយ​ពី​ប្រទេស​ដែលមាន​ស្ថាន​ភាព​អន់ថយ​ខាង​សេដ្ឋកិច្ច និង​មាន​អត្រា​ភាព​ក្រីក្រ​ខ្ពស់ មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។ ក្នុង​រយៈ​ពេល​ជាង​មួយ​ទសវត្ស​កន្លងមកនេះ​កម្ពុជា សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ហើយ​វា​នៅតែ​បន្ត​កើន​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ចុងក្រោយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​ចាត់ទុកថា​ជា​សេដ្ឋកិច្ច​ខ្លា​មួយ​ថ្មី​នៅ​តំប​ន់​អាស៊ី។

ក្នុង​បរិបទ​សកលភាវូបនីយកម្ម ការ​រីកចម្រើន​លូតលាស់​ឥត​ឈប់ឈរ​និង​ការប្រកួតប្រជែង ដើម្បី​ស្វែងរក​ឧត្តមភាព គឺ​ទាមទារ​ឲ្យ​ប្រទេសជាតិ​ខិតខំ​បង្កើន​គុណភាព​ផ​លិត​ផល​និង​សេវាកម្ម​របស់ខ្លួន​ឲ្យ​បាន​កម្រិត​អតិបរមា​។

សមាហរណកម្ម​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន តម្រូវ​ឲ្យ​កម្ពុជា​ចូលរួម​ក្នុង​កិច្ចសហការ​ជាមួយ​ប្រទេសជិតខាង​លើ​វិស័យ​អាទិភាព​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​រួម​របស់​អាស៊ាន​។ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច រាជរដ្ឋាភិបាល​យល់ឃើញ​ថា ការ​កសាង​កម្លាំង​ពលកម្ម​ឲ្យ​មាន​សមត្ថភាព​ និង ​អាច​មាន​លទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ គឺជា​កាតព្វកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​កំណើនសេដ្ឋកិច្ច​និង​ស្ថិរភាព​សង្គម​ប្រកបដោយ​ចីរភាព។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ដឹកនាំ​សម្របសម្រួល​រៀបចំ​គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ ដ៏​មាន​សារៈសំខាន់​នេះ​ឡើង​និង​វាយតម្លៃ​ខ្ពស់​លើ​ការចូលរួម​ពី​គ្រប់​ក្រសួង ស្ថាប័ន ព្រមទាំង​ដៃគូ​អភិវឌ្ឍ ជាពិសេស​ធនាគារ​អភិវឌ្ឍ​អាស៊ី ដែល​បាន​គាំទ្រ​និង​ផ្តល់​កិច្ចសហការ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា រៀបចំ​គោលនយោបាយ​ជាតិ​នេះ​ឡើង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684