ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កា​រិ​នី​ប្រមាណ​២ម៉ឺន​នាក់ ​នៅ​តំបន់​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង

​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅវេលា​ម៉ោង​៧ និង ៣០នាទី​ព្រឹក​ ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ប្រមាណ​ជា ២​ ម៉ឺន​នាក់ មកពី​រោងចក្រ​ចំនួន​ ១១ នៅតាម​បណ្តោយ​ផ្លូវ​វេងស្រេង ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ចុះ​ជួប​សំណេះសំណាលដោយផ្ទាល់​ជាមួយ​តំណាង​កម្មករ កម្មការិនី ព្រមទាំង​ចុះ​ជួប​ដោយផ្ទាល់​ជាមួយកម្មករ កម្មការិនី ​នៅតាម​បណ្តា​រោងចក្រ​នានា​។ ការចុះ​ជួប​ដោយផ្ទាល់​នេះ ដើម្បី​ស្វែងយល់ពី​សុខទុក្ខ​របស់​កម្មករ កម្មការិនី និង​ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​របស់កម្មក​រ កម្មការិនី​ផងដែរ​។ ជាពិសេស​ដំណើរ​ចុះ​ជួប​កម្មករ កម្មការិនី​នេះ ដើម្បី​ជំរុញ​នូវ​គោ​លនយោ​បា​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​រហូតមកដល់​ពេលនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​តំណាង និង កម្មករ កម្មការិនី​ ចំនួន ១១ ​លើក​រួចហើយ​។ ក្នុងនោះ​សម្តេច​បាន​ជួប​សំណេះសំណាល​ជាមួយកម្មករនិយោជិត​ជា​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម ជំនួយការ​នៃ​បណ្តា​រោងចក្រនានា​ក្នុង​រាជធានី​ភ្នំពេញ​ ជាង ៤០០ រោងចក្រ​ហើយ ស្មើ​នឹង ២២,៣៩១​ នាក់ និង​ បាន​ជួបកម្មករនិយោជិត​ប្រមាណ ១៥០​ រោងចក្រ​ហើយ មាន​កម្មករនិយោជិត​ចូលរួម​ជិត ១០ ​ម៉ឺន​នាក់​។​

​តាមរយៈកម្មវិធី​សំណេះសំណាល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តល់នូវ​កញ្ចប់​អត្ថប្រយោជន៍ជា​បន្តបន្ទាប់​ដល់​បងប្អូន​កម្មករ កម្មការិនី ដើម្បី​ពង្រឹង​សន្តិភាព ស្ថិរភាព ការរក្សា ​និង បង្កើត​ការងារ​ជូន​កម្មករ និយោជិត ការសម្រួល​ដល់​ការវិនិយោគ ការលើកកម្ពស់​ជីវភាព​របស់​កម្មករនិយោជិត និង ​និយោជក​។​

​កញ្ចប់​អត្ថប្រយោជន៍​ដែល​សម្តេច​បាន​ផ្តល់ជូន​កម្មករ និយោជិត​ រួមមាន៖

​-អនុញ្ញាត​ឲ្យ​កម្មករ និយោជិត មកពី​គ្រប់​វិស័យ​ជិះ​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​ឥតគិតថ្លៃ​រយៈពេល២​ឆ្នាំ ចាប់ពី​ថ្ងៃទី​២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩​។​

-​ចាប់ពី​ខែមករា ឆ្នាំ​២០១៨ ថៅកែ​រោងចក្រ សហគ្រាស ដែលជា​សមាជិក​របស់​បេឡា​ជាតិ​របបសន្តិសុខ​សង្គម ត្រូវ​ទទួល​រ៉ាប់រង​រាល់​សេវា​គាំពារ​សុខភាព​របស់​ក​ម្មករ និយោជិត​។ ការសម្រេចថ្មី​នេះ ធ្វើ​ឲ្យ​កម្មករ និយោជិត​ ចំណេញ​ប្រាក់​ប្រមាណ ៨,០០០​ រៀល ទៅ​ ១៣,០០០ រៀល​ ក្នុង​មួយខែ​។​

-​ចាប់ពី​ឆ្នាំ ​២០១៩ កម្មករ និយោជិត មាន​ប្រាក់​សោធន​និវត្តន៍​ដូច​មន្ត្រីរាជការ​។ ប្រាក់​នេះ​សម្រាប់ជួយ​ដោះស្រាយ​ជីវភាព​កម្មករ និយោជិត នៅពេល​ពួកគេ​ចាស់​បម្រើ​ការងារ​លែងកើត​។​

-​កម្មករ និយោជិត មកពី​គ្រប់​វិស័យ​ទាំងអស់​អាច​ចូល​ពិនិត្យ និង​ ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

-ចាប់ពី​ឆ្នាំ​ ២០១៨​ តទៅ រាជរដ្ឋាភិបាល ក៏​នឹង​ឧបត្ថម្ភ​ថវិកា​ដល់​កម្មការិនី​នៅពេល​ពួកគេសម្រាលកូន​ផងដែរ​។ ក្នុងនោះ​អ្នក​សម្រាលកូន​១ ទទួលបាន​ប្រាក់ឧបត្ថម្ភ ៤០ ​ម៉ឺន​រៀល សម្រាលកូន​ភ្លោះ​២ទទួលបាន​ប្រាក់ឧបត្ថម្ភ ៨០ ​ម៉ឺន​រៀល ហើយ​អ្នក​សម្រាល​បានកូន​ភ្លោះ​៣ ទទួលបាន​ប្រាក់ឧបត្ថម្ភ ១​លាន ២០​ម៉ឺន​រៀល​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684