ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ Suzuki Nex​ បើក​បុក​រថយន្ត​ម៉ាក HYUNDAI​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នា​ក់

​ភ្នំពេញ ៖ ម៉ូតូ Suzuki Nex បើកបរ​យ៉ាងលឿន​លើ​ផ្លូវកែង ​មិនប្រ​យ័​ត្នក៏ជ្រុល​ទៅបុក​រថយន្ត​ម៉ាក HYUNDAI បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ​និង ​របួសធ្ងន់​ម្នាក់។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើងកាលពី​វេលា​ម៉ោង​៤ និង​ ០៥​នាទី​ល្ងាច ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ ត្រង់ចំណុច​ផ្លូវកែងលើផ្លូវ​ជាតិ​លេខ​៥​ កែង​ផ្លូវ​លេខ​១៥១ ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ភ្នំពេញ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​ម៉ូតូ​ម៉ាក Suzuki Nex ព​ណ៌ស ពាក់​ស្លាក​លេខ ​កំពង់ឆ្នាំង​ 1G 4596 (​មិនទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ និង អ្នករួមដំណើរ​) ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់ចំណុចកើតហេតុបាន​បុក​ជាមួយ​រថយន្តមួយគ្រឿង​ ម៉ាក ​HYUNDAI ដែល​ធ្វើដំណើរច្រាសទិស​គ្នា​ រួចបាន​បត់​ឆ្វេង​ចូល​ផ្លូវ​លេខ​១៥១​ ចូល​ផ្សារ​ព្រែក​ព្នៅ ពណ៌​ស្លា​ទុំ ពាក់​ស្លាកលេខ ភ្នំពេញ 3D-4607 (មិនទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ) ក្រោយ​កើតហេតុ​បានគេចខ្លួន​បាត់ស្រមោល​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាលឱ្យរថយន្ត​ខូចខាត​ស្រាល​០១គ្រឿង ម៉ូតូ​ខូចខាត​ធ្ងន់​០១​គ្រឿង អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់ និង​ អ្នករួមដំណើរបាន​ស្លាប់​នៅកន្លែងកើតហេតុ​។។​

​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រងគ្រោះ ម៉ាក​Suzuki Nex ជិះ​គ្នា​២​នាក់ ​បើកបរ​យ៉ាង​លឿនក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ​ក៏បាន​វ៉ាក់អើនឹង​រថយន្ត​ម៉ាក HYUNDAI ​ដែល​ធ្វើដំណើរ​ច្រាសទិស​គ្នា​ បាន​បត់ឆ្វេង​ចូល​ផ្លូវ​លេខ​១៥១​ ចូល​ផ្សារ​ព្រែក​ព្នៅ​នោះ ហើយក៏បាន​បុក​រថយន្ត​ពី​ចំហៀង​ខាងក្រោយពេញ​មួយ​ទំហឹង​ បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ពីក្រោយ​ស្លាប់​ និង​ អ្នកបើក​រងរបួស​ជា​ទម្ងន់តែម្តង ចំណែក​អ្នកបើកបររថយន្ត​ក្រោយ​កើតហេតុ​បាន​ចុះ​គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​ ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ ចំណែក​សាកសព​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត និង​ ម៉ូតូ​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ខណ្ឌព្រែក​ព្នៅ ​ប្រគល់ជូន​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​បន្តនៅពេល​ក្រោយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114