ព័ត៍មានទាន់​ហេតុការណ៏
Search

មហាសេដ្ឋី​ហូលីវូដ​លោក Weinstein រង​ការចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ

អ្នក​ផលិត​ខ្សែភាពយន្ត​ហូលីវូដ​លោក Harvey Weinstein បាន​ប្រឈម​នឹង​ការ​អះអាង​កាលពី​ថ្ងៃ​អង្គារ​ថា លោក​បាន​ចាប់​រំលោភ​តារាភាពយន្ត​អ៊ីតាលី​ម្នាក់​ និង​ស្ត្រី​ពីរ​នាក់​ទៀត​នៅ​ក្នុង​រឿងអាស្រូវ​រីក​រាលដាល​មួយ​ដែល​បាន​ទាក់ទាញ​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​ទូទាំង​ឧស្សាហកម្ម​ខ្សែភាពយន្ត​ក៏ដូចជា​ពី​ឥស្សរជន​នយោបាយ​រប​ស់​សហរដ្ឋអាមេរិក​ផងដែរ​។

​ការចោទប្រកាន់​របស់​ស្ត្រី​ប្រឆាំងនឹង​មហាសេដ្ឋី​វិស័យ​ខ្សែភាពយន្ត​វ័យ​៦៥​ឆ្នាំ​រូបនេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ការ​លេច​ធ្លាយ​មួយ​ដែល​បញ្ចេញ​ដោយ​ទស្សនា​វ​ដ្តី New Yorker នៅ​ថ្ងៃ​អង្គារ​។​

យោងតាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​គាត់​គឺ​លោកស្រី Sallie Hofmeister ដែល​ត្រូវបាន​ផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​ឲ្យ​ដឹងថា លោក Weinstein បាន​បដិសេធ​ការចោទប្រកាន់​ទាំងអស់​។​

ប៉ុន្តែ​អតីត​ប្រធានាធិបតី Barack Obama និង​បេក្ខជន​ប្រធានាធិបតី​ឆ្នាំមុន​លោកស្រី Hillary Clinton បាន​ថ្លឹងថ្លែង​ចំពោះ​អ្នក​ផលិត​ដែល​ឈ្នះ​ពានរង្វាន់​អូ​ស្ការ​រូបនេះ​ដែលជា​អ្នក​បរិច្ចាគ​គណបក្ស​ប្រជាធិបតេយ្យ​ដ៏​យូរអង្វែង​ដែល​បាន​ក្លាយជា​អ្នកទទួលខុសត្រូវ​ខាង​នយោបាយ​។​

ភរិយា​របស់គាត់​ដែលជា​អ្នក​រចនា​ម៉ូដ​ជនជាតិ​អង់គ្លេស​ឈ្មោះ Georgina Chapman បាន​ប្រាប់​ទស្សនាវដ្ដី​ល្បីឈ្មោះ People ថា នាង​បាន​ចាក​ចេញពី​លោក Weinstein ជាមួយ​កូន​ពីរ​នាក់​។​

អ្នកនិពន្ធ Ronan Farrow របស់​ទស្សនា​វ​ដ្តី New Yorker បាន​ចំណាយពេល​១០​ខែ​ដើម្បី​សម្ភាស​ស្ត្រី​ចំនួន​១៣​នាក់​ដែល​បាន​រាយការណ៍​ថា ពួកគេ​ត្រូវបាន​យាយី​ឬ​រំលោភបំពាន​ដោយ​លោក Weinstein ។​

ការស៊ើបអង្កេត​នេះ​ត្រូវបាន​ចេញផ្សាយ​ខណៈ​ការចោទប្រកាន់​ពី​កំហុសឆ្គង​ថ្មីៗ​បាន​លេចឡើង​ពី​តារា​ហូលីវូដ​ជួរមុខ​ដូចជា Angelina Jolie, Rosanna Arquette និង Gwyneth Paltrow ។​

តារា​សម្តែង​អ៊ីតាលី Asia Argento ដែលជា​កូនស្រី​អាយុ​៤២​ឆ្នាំ​នៃ​អ្នកដឹកនាំ​រឿង​បែប​រន្ធត់​ឈ្មោះ Dario Argento បាន​និយាយថា Weinstein បាន​បង្ខំ​រួមភេទ​ជាមួយ​នាង​កាលពី​២០​ឆ្នាំមុន​។​

នាង​បាន​ប្រាប់​ទស្សនា​វ​ដ្តី​ថា នាង​បាន​រក្សា​ភាពស្ងប់ស្ងាត់​រហូតមក​ដល់ពេលនេះ​ដោយសារតែ​មានការ​ភ័យខ្លាច​ថា លោក Weinstein នឹង “​បំផ្លាញ​” នាង​។ នាង​បាន​បន្ថែមថា “​ខ្ញុំ​ដឹងថា​គាត់​បាន​បំផ្លាញ​មនុស្ស​ជាច្រើន​មកហើយ​កាលពីមុន​”​។​

ស្ត្រី​ម្នាក់ទៀត​ដែល​មិន​ហ៊ាន​អនុញ្ញាត​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទស្សនា​វ​ដ្តី New Yorker ថា លោក Weinstein បាន​នាំ​នាង​ទៅ​បន្ទប់​សណ្ឋាគារ​និង​បង្ខំ​ឲ្យ​នាង​រួមភេទ​ជាមួយ​គាត់​៕ AFP