ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​កាតា​ឡាន​ ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ឯករាជ្យភាព ​ប៉ុន្តែ​ពន្យារពេល​សិន

មេដឹកនាំ​កាតា​ឡាន ​បាន​ចុះហត្ថលេខា​លើ​សេចក្ដី​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​អេ​ស្ប៉ា​ញ​ មួយ​កាលពី​ថ្ងៃ​អង្គារ​ ប៉ុន្តែ​ភ្លាមៗ​នោះ បាន​ពន្យារពេល​វា​សិន​ និង​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ម៉ា​ឌ្រី​ដ​លើ​វិបត្តិ​នយោបាយ​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​នេះ ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ចុងក្រោយ​នេះ។

ខណៈដែល​ប្រទេស​អេ​ស្ប៉ា​ញ​កំពុងធ្វើដំណើរ​ទៅកាន់​ភាពមិនប្រាកដប្រជា​នោះ លោកនាយក​រដ្ឋមន្ត្រី Mariano Rajoy នឹង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ជាបន្ទាន់​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ដើម្បី​ពិភាក្សា​អំពី​ការឆ្លើយតប​របស់​រដ្ឋា​ភិ​បាល​កណ្តាល​។​



នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​សមាជិកសភា​ក្នុង​តំបន់​នេះ​នៅក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​ដែល​បាន​ទាក់ទាញ​ការកោតសរសើរ​និង​ការរិះគន់​ពី​ក្រុម​បំបែក​ខ្លួន​, លោក Carles Puigdemont ប្រធានាធិបតី​កាតា​ឡាន​បាន​និយាយថា លោក​បាន​ទទួលយក​អាណត្តិ​របស់​ប្រជាជន​ដែល​ឲ្យ​កាតា​ឡាន​ក្លាយទៅជា​សាធារណរដ្ឋ​ឯករាជ្យ​មួយ​បន្ទាប់ពី​ការធ្វើប្រជាមតិ​ដែល​ត្រូវបាន​ហាមឃាត់​មួយ​កាលពី​ថ្ងៃទី​១​ខែតុលា​។​

ប៉ុន្តែ​បុរស​វ័យ​៥៤​ឆ្នាំ​រូបនេះ​បាន​សុំ​ឲ្យ​សភា​កាតា​ឡាន​ផ្អាក​ការចូល​ជាធរ​មាននៃ​សេចក្តីប្រកាស​ឯករាជ្យ​នេះ​ដើម្បី​ចាប់ផ្តើម​កិច្ចពិភាក្សា​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​

លោក Rajoy បាន​ប្តេជ្ញា​ថា​នឹង​ប្រើ​អ្វីៗ​គ្រប់យ៉ាង​នៅក្នុង​អំណាច​របស់គាត់​ដើម្បី​ទប់ស្កាត់​ឯករាជ្យភាព​និង​បាន​បដិសេធ​ទម្លាក់​ការគ្រប់គ្រង​ដោយផ្ទាល់​ទៅលើ​តំបន់​ពាក់កណ្តាល​ស្វយ័ត​មួយ​នេះ​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​ប្រចាំ​តំបន់​បាន​ប្រាប់ AFP ថា លោក Puigdemont និង​សម្ព័ន្ធមិត្ត​របស់គាត់​បា​ន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ឯករាជ្យ​មួយ​នៅ​ខាងក្រៅ​សភា​ប៉ុន្តែ​ក្រោយមក​គាត់​បាន​ផ្អាក​ហើយ​បាន​អំពាវនាវ​ម្តងទៀត​សម្រាប់​កិច្ចពិភាក្សា​។​

សហភាព​អឺរ៉ុប​កំពុង​សម្លឹងមើល​ការវិវត្ត​យ៉ាង​ជិតស្និទ្ធ​ចំពេល​មាន​ក្តី​ព្រួយបារម្ភ​ថា សកម្មភាព​ណាមួយ​របស់​កាតា​ឡាន​ដើម្បី​បំបែក​ចេញពី​រដ្ឋាភិបាល​ទីក្រុង​ម៉ា​ឌ្រី​ត​អាចដាក់​សម្ពាធ​បន្ថែមទៀត​ទៅលើ​ប្លុក​នេះ​ដែល​នៅតែ​កំពុង​ដោះស្រាយ​ជាមួយនឹង​វិបត្តិ​ពី​ការសម្រេចចិត្ត​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​របស់​អង់គ្លេស​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114