ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទស្សនា​រោងចក្រ​កាត់ដេរ QUANTUM APPAREL (Cambodia)

​ភ្នំពេញ ៖ នៅ​ព្រឹក​ទី ១១ ខែ តុលា​នេះ បន្ទាប់ពី​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ប្រមាណ​ជាង​១​ម៉ឺន​នាក់ រួចមក​នោះ​, សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ចុះ​មក​សួរសុខទុក្ខ​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ នៃ​ក្រុមហ៊ុន QUANTUM APPAREL (Cambodia). (​ខ្វាង​ទុម អឹ​ភែ​រឹល ខេ​ម​បូ​ឌា លី​មី​ធី​ត​) ដែលមាន​ម្ចាស់​ជា​ជនជាតិ​អង់គ្លេស ដែល​ស្ថិត​សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​រោងចក្រ​នេះ​បាន​នឹង​កំពុង​ទទួល​កម្មករ កម្មការិនី​កម្ពុជា​ធ្វើការ​ជាង ១.៦០០​នាក់ លើ​ផ្នែក​កាត់ដេរ​សំលៀកបំពាក់ ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប។

នៅ​ទីនោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ពិនិត្យមើល​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​រោងចក្រ និង បាន​អញ្ជើញ​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​កម្មការិនី​ដែល​កំពុង​ធ្វើការ​ងារ​នៅក្នុង​រោង ដើម្បី​បាន​ដឹង​ពី​ការងារ និង​ជីវភាព​របស់​កម្មករ​កម្មការិនី ព្រមទាំង​បាន​ថត Selfie ក្នុង​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល​បំផុត​។

គួរ​បញ្ជាក់​ថា ​រហូត​មក​ដល់​ពេល​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​តំណាង​និង​កម្មករ កម្មការិនី​ចំនួន ១២​លើក​រួចហើយ​។ ក្នុង​នោះ​សម្តេច​បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត​ជា​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម ជំនួយការ​នៃ​បណ្តា​រោងចក្រ​នានា ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៥ លើក មកពី​ជាង ៤០០​រោងចក្រ​ហើយ ស្មើនឹង ២២.៣៩១​នាក់ និង​បាន​ជួប​កម្មករ កម្មការិនី​នៅតាម​តំបន់​រោងចក្រ​ចំនួន ៧ លើក ស្មើ​ប្រមាណ ១៥០​រោងចក្រ​ហើយ​មាន​កម្មករនិយោជិត​ចូលរួម​ជិត ១០​ម៉ឺន​នាក់​។

តាម​រយៈ​កម្មវិធី​សំណេះសំណាល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តល់នូវ​កញ្ចប់​អត្ថប្រយោជន៍​ជា​បន្តបន្ទាប់​ដល់​បងប្អូន​កម្មករ កម្មការិនី ដើម្បី​ពង្រឹង​សន្តិភាព ស្ថិរភាព ការរក្សា​និង​បង្កើត​ការងារ​ជូន​កម្មករ និយោជិត ការសម្រួល​ដល់​ការ​វិនិយោគ ការលើកកម្ពស់​ជីវភាព​របស់​កម្មករ និយោជិត និង​និយោជក ជាច្រើន​រួច​មក​ហើយ​ដែល​រួមមាន ការអនុញ្ញាត​ឲ្យ​កម្មករ និយោជិត មកពី​គ្រប់​វិស័យ​ជិះ​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​រយៈពេល ២​ឆ្នាំ​។ ចាប់ពី​ខែមករា ឆ្នាំ​២០១៨ ថៅកែ​រោងចក្រ សហគ្រាស ដែល​ជា​សមាជិក​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ត្រូវ​ទទួល​រ៉ាប់រង​រាល់​សេវា​គាំពារ​សុខភាព​របស់​ក​ម្មករ និយោជិត​។ ការសម្រេច​ថ្មី​នេះ ធ្វើ​ឲ្យ​កម្មករ និយោជិត​ចំណេញ​ប្រាក់​ប្រមាណ ៨.០០០​រៀល ទៅ​១២.០០០​រៀល​ក្នុង​មួយខែ​។ ចាប់ពី​ឆ្នាំ២០១៩ កម្មករ និយោជិត មាន​ប្រាក់​សោធន​និវត្តន៍​ដូច​មន្ត្រី​រា​ជការ​។ កម្មករ និយោជិត មកពី​គ្រប់​វិស័យ​ទាំងអស់​អាច​ចូល​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥតគិតថ្លៃ​។ ការ​ខិតខំ​បញ្ចុះតម្លៃ​ទឹក ភ្លើង និង ផ្ទះ​ស្នាក់នៅ។ កម្មការិនី​មាន​ផ្ទៃពោះ​អាច​ចេញ​មុន​ម៉ោង ១៥ នាទី។ ពេល​សម្រាលកូន​មួយ​ទទួល​បាន​ទឹក ៤០០.០០០​រៀល និង សម្រាលកូន​ភ្លោះ​ពីរ ទទួល​បាន​ប្រាក់ឧបត្ថម្ភ ៨០​ម៉ឺន​រៀល ហើយ​អ្នក​សម្រាល​បាន​កូន​ភ្លោះ​៣ ទទួលបាន​ប្រាក់ឧបត្ថម្ភ ១​លាន ២០​ម៉ឺន​រៀល និង ទទួលបាន​ច្បាប់​ឈប់សម្រាក​៣ខែ ដោយមាន​ប្រាក់ខែ​ស្មើនឹង ១២០ ភាគរយ​នៃ​ប្រាក់ខែ​។

រាជរដ្ឋាភិបាល​ក៏​កំពុង​ជំរុញ​ឲ្យ​មានការ​ត្រួតពិនិត្យ​ផង​ដែរ​អំពី​កិច្ចសន្យាការងារ។ ជា​មួយ​នេះ​រាជរដ្ឋាភិបាល​ក៏បាន​ខិតខំ​បង្កើន​ប្រាក់ខែ​អប្បបរមា​ដល់​កម្មករ កម្មការិនី ដល់ ១៧០​ដុល្លារ ​នៅ​ឆ្នាំ ២០១៨៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684