ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ជួប​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​ផ្លូវ​វ៉េងស្រេង

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧​នេះ​ បាន​អញ្ជើញ​បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ចំនួន​១៤.៤០០​នាក់ មកពី​រោងចក្រ​ចំនួន​១១ ដែល​ស្ថិតនៅ​តំបន់​ផ្លូវ​វ៉េងស្រេង​(​រោងចក្រ ISI ) ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សរុប​មក​ដល់​ពេល​នេះ​ សម្តេច​តេ​ជោ​បាន​ជួប​ជាមួយ​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម​ជំនួយការ​នៃ​បណ្តា​រោងចក្រ​នានា​ចំនួន​៥​លើក ចំនួន​២២.៣៩១​នាក់ មកពី​រោងចក្រ​ចំនួន​៣៩៨ និង​បាន​ជួប​បងប្អូន​កម្មករ​និយោជិត​ចំនួន​៧​លើក​មកពី​១៥៤​រោងចក្រ ​ដែល​មាន​កម្មករនិយោជិត​ចំនួន​១០០.៥៩០​នាក់​។

រោងចក្រ​ចំនួន​១១ នៅ​តំបន់ ISI ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​ជួបជុំ​នា​ពេល​នេះ​មាន​អ្នក​វិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​៦, កូរ៉េ​ចំនួន​១, អូស្ត្រាលី​ចំនួន​១, អេ​ស្ប៉ា​ញ​ចំនួន​១, អង់គ្លេស​ចំនួន​១ និង​សហរដ្ឋអាមេរិក​ចំនួន​១​។ ក្នុង​នោះ​មាន រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៨, រោងចក្រ​ផលិត​ស្បែកជើង​ចំនួន​២, និង​រោងចក្រ​បោះពុម្ព​សម្លៀកបំពាក់​ចំនួន​១​។ ផលិតផល​ដែល​ផលិត ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​, សហគម​អឺរ៉ុប​, ជប៉ុន​, អូស្ត្រាលី​, ហុងកុង​, អង់គ្លេស​, ម៉ិចស៊ិក​, សហរដ្ឋអាមេរិក និង​កាណាដា​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ទៅកាន់​បងប្អូន​កម្មករ កម្មការិនី​នៅ​ទីនោះ​ថា ខ្ញុំ​ពិតជា​សប្បាយរីករាយ​ជាខ្លាំង​ដែល​បានមក​ជួបជុំ​ជាមួយ​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី ដើម្បី​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់​នានា និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ជាពិសេស​ដើម្បី​ជំរុញ​គោលនយោបាយ​ឧស្សាហកម្ម ២០១៥-២០២៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យបាន​ជោគជ័យ​។ នេះ​ជា​លើក​ទី​១២ ហើយ​ដែល​សម្តេច​តេ​ជោ​បាន​ចុះ​ជួប​សួរសុខទុក្ខ​បងប្អូន​កូនក្មួយ​កម្មករ បូករួម​ទាំង​ការជួប​សំណេះសំណាល​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ នៅ​កោះ​ពេជ្រ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ឡើង​អំពី​អតីត​កាលដែល​កម្ពុជា​បាន​ឈាន​ចេញពី​បាតដៃ​ទទេ រហូត​ឈាន​ដល់​ចំណុច​រីកចម្រើន​ដូច​ប​ច្ចុប្ប​ន្ន​។ ជា​មួយ​នេះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ក៏បាន​ធ្វើការ​រិះគន់​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​តែងតែ​និយាយ​អាក្រក់​ពី​រដ្ឋាភិបាល ដូចជា​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល​បាន​ខិត​ទាក់ទាញ​វិនិយោគ​ពី​ក្រៅ​ប្រទេស​ឲ្យ​មក​បង្កើត​រោងចក្រ បង្កើត​ការងារ​ដល់​ពលរដ្ឋ​ធ្វើ បង្កើន​ប្រាក់ចំណូល​របស់​បងប្អូន​កម្មករ និង ធ្វើ​ឲ្យ​ប្រទេស​មាន​ទំនិញ​សម្រាប់​នាំចេញ​ទៅ​ក្រៅ​ប្រទេស​នោះ បែរ​ជា​មាន​មនុស្ស​មួយ​ចំនួន​គេ​និយាយ​ថា សម្តេច​ដឹកនាំ​ប្រទេស​យូរ​ទៅ​យក​ពលរដ្ឋ​ទៅ​ធ្វើ​តែ​កញ្ជះ​គេ។

សម្តេច​តេ​ជោ​បាន​លើក​ជា​សំណួរ​ថា ​តើ​អ្នកណាម្នាក់​ដែល​រស់​ដោយ​មិន​ធ្វើការ​ងារ​នោះ បើសិនជា​បងប្អូន​មិន​មក​ធ្វើការ​នៅ​រោងចក្រ​ក៏​បងប្អូន​ត្រូវ​ធ្វើ​ស្រែចំការ​ដូចគ្នា។ សម្តេច​បាន​បន្ត​ថា មិនមែន​មានតែ​កម្ពុជា​ទេ​ ដែល​ប្រជាពលរដ្ឋ​ធ្វើការ​ជា​កម្មករ កម្មការិនី នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​គឺមាន​ទាំងអស់។ សូម្បីតែ​ជនជាតិ អាមេរិក​ក៏​មក​ស៊ីឈ្នួល​នៅ​កម្ពុជា​ដែរ ដូចជា​នៅ​ទូរទស្សន៍​បាយ័ន គឺ​បាន​ជួល​អាមេរិក​ឲ្យ​មក​គ្រប់គ្រង​ទូរទស្សន៍​នេះ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បណ្តា​រោងចក្រ​សហគ្រាស​ទាំងអស់​ ដែល​បាន​ពិភាក្សា​ចរចា​ដំឡើង​ប្រាក់ខែ​សម្រាប់​កម្មករ​កម្មការិនី​។ ចាប់ពី​ខែមករា ឆ្នាំ​២០១៨ តទៅ ប្រាក់ខែ​កម្មករ​កម្ម​រិ​នី​ជា​អប្បបរមា​គឺ ១៧០ ដុល្លារ ក្នុង​មួយខែ (​គឺ​រាជរដ្ឋាភិបាល​បាន​បន្ថែម ៥​ដុល្លារ​) ដែល​សាច់ប្រាក់​នេះ​បាន​មកពី​ពន្ធ​កាត់​ទុក និង​ពី​កម្រៃ​នៃ​ការពិនិត្យ​ការនាំចេញ​ដែល​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ជាង ៤០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​១​ឆ្នាំ​។ ដូច្នេះ​ចាប់ពី ​ខែមករា ឆ្នាំ ២០១៨ តទៅ ប្រាក់ខែ​អប្បបរមា​បូក​បន្ថែម​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ រួម​ទាំង​ការបញ្ចុះ​តំលៃ​ទឹក​ភ្លើង និង​ថ្លៃឈ្នួល​ផ្ទះ​កម្មករ គឺ​បងប្អូន​កូនក្មួយ​កម្មករ​អាច​នៅសល់​ប្រាក់ខែ​អាច​ទទួល​បាន​ក្នុង​រង្វង់​ជាង ២០០ ដុល្លារ សម្រាប់​ដោះស្រាយ​ជីវភាព​រស់នៅ​អោយ​កាន់តែ​ប្រសើរឡើង។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ផ្តល់នូវ​អនុសាសន៍​សំខាន់ៗ​៥​ចំណុច​ដល់​កម្មករ កម្មការិនី និង និយោជិត ដើម្បី​ធ្វើ​ឲ្យ​រោងចក្រ សហគ្រាស​នៅ​កម្ពុជា​នៅតែ​បន្ត​ស្ថិតនៅ​កម្ពុជា​៖១.​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​សណ្តាប់​ធ្នាប់​ស​ង្គ​ម​ឲ្យ​បាន​ល្អ​។ ២.​រួមគ្នា​រក្សា​ការងារ​និង​បង្កើត​ការងារ​ថ្មីៗ​ច្រើន​ថែមទៀត​ដោយ​ធ្វើការ​ពង្រីក​និង​បង្កើន​ទីផ្សារ​បន្ថែម​។ សម្តេច​បាន​ឲ្យ​ដឹងថា​ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​តំបន់​អាស៊ាន​ដែល​មាន​ប្រាក់ខែ​កម្មករ​ខ្ពស់​ជាងគេ បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី ,​ម៉ាឡេស៊ី និង ថៃ។ ៣.​រួមគ្នា​បង្កើន​ប្រាក់ចំណូល​ដោយ​ការបណ្តុះបណ្តាល​ចំណេះដឹង​បន្ថែម​ដល់ក​ម្មករ​។ រាជរដ្ឋាភិបាល​នឹង​បន្ត​ដំឡើង​ប្រាក់ខែ​កម្មករ​ជា​រៀងរាល់ឆ្នាំ​កើន​ទាំង​ប្រាក់បៀវត្ស​ន៍​អប្បបរមា​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​។ ៤.​ផ្តល់​របប​គាំពារ​សន្តិសុខ​សង្គម​ដល់​កម្មករ​ចាប់ពី​ខែ មករា ឆ្នាំ​២០១៨ នេះ​ទៅ គឺ​និយោជក (​ម្ចាស់​ក្រុមហ៊ុន​) នឹង​បង់ថ្លៃ​របប​សន្តិសុខ​សង្គម ១០០% ដល់​កម្មករ​កម្មការិនី​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​ជូនដំណឹង​ដល់​បងប្អូន​កម្មការិនី​អំពី​អត្ថប្រយោជន៍​មួយទៀត​ដែល​នឹង​ទទួលបាន​ពី​បេឡា​សង្គម​គឺ​:-​ចំពោះ​ស្ត្រី​សម្រាលកូន​ទោះ​ក្នុង​ប្រព័ន្ធ ឬ​ ក្រៅ​ប្រព័ន្ធ​ដែល​សម្រាល​បាន​កូន​(១)​គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​។ បើ​សម្រាល​បាន​កូន​ភ្លោះ (២) គឺ​ទទួល​បាន​ថវិកា​៨០​ម៉ឺន​រៀល​។ បើ​សម្រាល​បានកូន​(៣) គឺ​ទទួលបាន ថវិកា​១​លាន​២​សែន​រៀល ហើយ​បូក​ប្រាក់ឧបត្ថម្ភ​មួយចំនួនទៀត​ពី សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត​។ ថវិកា​នេះ​នឹង​ផ្តល់​ជូន​ដោយ​បេឡា​សន្តិសុខ​សង្គម​របស់​រាជរដ្ឋាភិបាល​ដែល​នឹង​ត្រៀម​ថវិកា​ប្រមាណ​ជាង​១០​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ (​ទោះបី​កូន​នោះ​កើត​រស់​ឬ ស្លាប់​គឺ​នៅ​ទទួលបាន​ថវិកា​គាំពារ​ដូចគ្នា​)​។ កម្មករ​កម្មការិនី​ទូទាំង ប្រទេស នឹង​ទទួល​បាន​សេវា​ជិះឡាន​ក្រុង​សាធារណៈ រយៈពេល​២​ឆ្នាំ (​ពី​ខែសីហា ២០១៧-​សីហា ២០១៩)​ដោយ​មិន​បង់លុយ​។ ចំពោះ​កីឡាករ កីឡាការិនី​ទាំងអស់​ក៏​ទទួល​បានការ​ជិះ​រថយន្តក្រុង​សាធារណៈ​ដោយ​មិន​គិតថ្លៃ​ផង​ដែរ​សម្រាប់​រយៈពេល​២​ឆ្នាំ ហើយ​ទទួល​បាន​បាន​ពិនិត្យ​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​។ ចំពោះ​កីឡាការិនី​ដែល​សម្រាលកូន​ក៏​ទទួលបាន​អត្ថប្រយោជន៍​ដូច​កម្មការិនី​ផង​ដែរ ចាប់ពី​ខែមករា ឆ្នាំ២០១៨ នេះ​ទៅ​។ ទី​៥.​រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ផ្តល់​កិច្ច​គាំពារ​ចំពោះ​កម្មករ​កម្ម​ការ​នី​ ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដោយ​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រទេស​ដៃគូ​ដើម្បី​ផ្តល់នូវ​លក្ខខណ្ឌ​ការងារ​ល្អៗ ដែលមាន​ប្រាក់ខែ​ល្អ​សមរម្យ​ដល់ក​ម្មករ ព្រមទាំង​ជួយ​សម្រួល​នូវ​បែបបទ​លិខិត​បទដ្ឋាន​ផ្លូវ​ច្បាប់​នានា​ដែល​ពាក់​ព័​ន្ធ នឹង​ការងារ​របស់​បងប្អូន​កូនក្មួយ​កម្មករ​។

ទន្ទឹម​នឹង​នេះ​ដែរ រាជរដ្ឋាភិបាល​នឹង​បន្ត​ជជែក​ជាមួយ​ប្រទេស ផ្សេងៗ​ដូចជា​កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​ប្រទេស​ថៃ​ដើម្បី​ផ្តល់​នូវ​ការងារ និង​ប្រាក់ខែ​ល្អៗ​សម្រាប់ បងប្អូន​កូនក្មួយ​កម្មករ​ខ្មែរ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ​ធ្វើ​របាយការណ៍​អំពី​ចំនួន​ការងារ​ដែល​បាន​នឹង​ផ្តល់ជូន​ពលរដ្ឋ​ដែល​ត្រូវ​រាយការណ៍​ជាប្រចាំ​ទៀងទាត់​ក្នុង​រយៈពេល​៦​ខែម្តង។

មុននឹង​អញ្ជើញ​ទៅ​ជួប​កម្មករ​នៅ​រោងចក្រ​មួយទៀត សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី និយោជក​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ថ្ងៃ​នេះ ព្រមទាំង​បាន​ឧបត្ថម្ភ​ប្រាក់​លើកទឹកចិត្ត​មួយ​ចំនួន​ដល់ក​ម្មករ និង​កម្ម​ការ​នី​មាន​ផ្ទៃពោះ​ចំនួន ៤៤៧ នាក់​ផង​ដែរ​។ បន្ទាប់មក សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថតរូប Selfie អនុស្សាវរីយ៍ ជាមួយ​បងប្អូន​កូនក្មួយ​កម្មករ​កម្មការិនី​ក្នុង​បរិយាកាស​ស្និទ្ធស្នាល និង​សប្បាយរីករាយ​ក្រៃលែង​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684