ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ ៖ បើ​រំលាយ​បក្ស​មួយ នឹងមាន​គណបក្ស ៥ ទៀត​ចូល​ជំនួស

ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា ប្រសិនបើ​រំលាយ​បក្ស​មួយ បក្ស​ប្រាំ​ទៀត​នឹង​ចូល​មក​ជំនួស ដូចនេះ​មានន័យថា​ពី​បក្ស​តែ​២ នៅក្នុង​សភា ទៅជា​បក្ស​ប្រាំមួយ​នៅក្នុង​សភា វា​នឹង​កើត​មិនយូរប៉ុន្មាន នៅពេល​ខាងមុខនេះ​។

​សម្តេច​តេ​ជោ​បាន​ថ្លែង​បែបនេះ​ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ប្រមាណ​ជាង​១ ម៉ឺន​នៅ​តំបន់​ផ្លូវ​វ៉េងស្រេង នា​ព្រឹក​ថ្ងៃទី ១១ ខែ តុលា​នេះ​។ បើទោះបី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មិនបាន​និយាយ​ឲ្យ​ចំ​ឈ្មោះថា​គណបក្ស​មួយ​ដែល​ត្រូវ​រំលាយ​នោះ​ជា​គណបក្ស​ណា តែ​គេ​ដឹង​នោះ​ប្រាកដជា​គណបក្សប្រឆាំង​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​បើ​រំលាយ​បក្ស​មួយ បក្ស​ប្រាំ​ទៀត​ចូល​ជំនួស​បាន​សេចក្តី​ថា​ ពី​បក្ស​២ ឡើង​បក្ស ៦ នៅ​ក្នុង​សភា​នេះ​វា​នឹង​កើត​មិនយូរប៉ុន្មាន នៅ​ពេល​ខាងមុខ​។ សម្តេច​បន្ត​ថា ​ព្រឹក​មិញ​នេះ ឃើញ​សារព័ត៌មាន​ចុះផ្សាយ​អំពី​ការ​កែ​ច្បាប់​មួយចំនួន​។ ព្រោះ​នៅ​កម្ពុជា មាន​គណបក្ស​នយោបាយ​រាប់សិប វា​ជា​ឋានសួគ៌​លោកិយ​នៃ​បក្សនយោបាយ​ហើយ​វា​ក៏​ជា​ឋានសួគ៌ នៃ​អង្គការក្រៅរដ្ឋាភិបាល​ដែរ​»​។

គួរ​រំលឹក​ថា ​កាលពី​សប្តាហ៍​មុន ក្រសួងមហាផ្ទៃ​បាន​ប្តឹង​ទៅ​តុលាការ​កំពូល សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​យោង​ទៅលើ​បទចោទប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា​។

ក្នុង​ពាក្យបណ្ដឹង ចុះ​ថ្ងៃ​ទី​៦ ខែតុលា​ ឆ្នាំ​២០១៧​នេះ ក្រសួងមហាផ្ទៃ បាន​ប្ដឹងទៅ​ស្ថាប័ន​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ នៅ​ក្នុង​ពាក្យបណ្ដឹង​ដដែល​នោះ​ក្រសួងមហាផ្ទៃ​បាន​យោង​ទៅ​លើ​ភស្ដុតាង​វី​ឌី​អូ​ឃ្លី​ប​ចំនួន​៣ និង​ភស្ដុតាង​មួយចំនួនទៀត​ដែល​ក្រសួង​ចោទ​ថា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ឃុបឃិត​ជាមួយ​បរទេស និង​ជំរុញ​ឲ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​ដោយ​ថា​ បាន​ជ្រក​ក្រោម​ពាក្យស្លោក​នយោបាយ «​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​» ដើម្បី​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​រដ្ឋាភិបាល​បច្ចុប្បន្ន។

ក្នុង​ពិធី​នោះ​ដែរ​ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​រិះគន់​អង្គការសហប្រជាជាតិ​ផង​ដែរ​ទាក់ទិន​ទៅនឹង​ការ​គាំទ្រ​ខ្មែរក្រហម​ឲ្យ​គ្រប់គ្រង​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហ​ប្រជាជាតិ​អំឡុង​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩១ ដោយ​សម្តេច​ចាត់ទុកថា​ការ​គាំទ្រ​នោះ​ជា​រឿង​ដ៏​អាម៉ាស់​មួយ​របស់​អង្គការសហប្រជាជាតិ​។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា « ២៣ ខែតុលា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ខិតជិត​មកដល់​ហើយ​ខ្ញុំ​គិត​ថា ​រាប់ទាំង​អង្គការសហប្រជាជាតិ​ជា​ការ​គួរ​ឲ្យ​អាម៉ាស់​ណាស់​ដែល​បាន​បន្ត​ការគាំទ្រ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ឲ្យ​អង្គុយ​នៅ​អង្គការសហប្រជាជាតិ​តាំងពី​ឆ្នាំ ១៩៧៩ រហូតមកទល់​ឆ្នាំ ១៩៩១ នៅមុន​ពេល​ដែល​ក្រុម​ប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ចូល​ទៅ​កាន់កាប់​អាសនៈ​នៅ​ទីនោះ។ វា​ជា​ការ​ចំអក​នៃ​លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ដែល​គេ​ស្រែក​ក្តែ​ងៗ​ហើយ​ពួកគេ​មិន​ទទួលស្គាល់​ការពិត​។ ប៉ុន្តែ​ឥឡូវ​ពី​ការដែល​ពួកគេ​មិន​ទទួលស្គាល់​ទៅជា​ការ​ទទួលស្គាល់​ហួសហេតុ និង​ទាមទារ​ឲ្យ​មានការ​កាត់ទោស​មនុស្ស​មិន​ត្រឹមតែ​មេខ្លោង​ប៉ុន្មាន​នាក់​ទេ​។ ក៏ប៉ុន្តែ​គេ​ចង់​ពង្រីក​នូវ​វិសាលភាព​នៃ​ការ​កាត់ទោស​ទៀត​ផង​ដែ​ល​អាច​នាំ​ទៅ​ដល់​អស្ថេរភាព​ប្រទេស​នេះ​ទៀតផង​។​»

​សម្តេច​តេ​ជោ​បាន​បន្ត​ថា ២៣ តុលា ខួប​ទី ២៦ និង​ឈាន​មកដល់​នៅពេល​ខាងមុខ​ក៏ប៉ុន្តែ ធាតុ​សម​ទាំង​អស់នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អស់ ហើយ។

សម្តេច​ក៏បាន​ថ្លែង​បែប​ចំអក​ថា សូម​កុំ​ស្រមើស្រមៃ​កោះ​ប្រជុំ​សន្និសីទ​អន្តរជាតិ​ទីក្រុង​ប៉ារីស​ឡើងវិញ​នោះ ព្រោះ​អ្វី​វា​បាន​ប្រែប្រួល​អស់​ទៅ​ហើយ សូម្បី​ប្រទេស​ហត្ថលេខី​ទីក្រុង​ប៉ារីស​មួយ​( អតីត​សហភាពសូវៀត​មួយ​ក៏បាន​បំបែក​ទៅជា​រដ្ឋ​ដ៏​ច្រើន​ហើយ​នោះ​)​។ ចំណែក​ភាគី​ជម្លោះ​របស់​កម្ពុជា គឺ​ភាគី​ខ្មែរក្រហម​ក៏បាន​រលាយ​បាត់​ទៅ​ហើយ​ដែរ ដូចនេះ​បើ​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្និសីទ​អន្តរជាតិ​ទីក្រុង​ប៉ារីស​ឡើងវិញ មានតែ​បង្កើត​ភាគី​ខ្មែរក្រហម​ឡើងវិញ​ដើម្បី​ឲ្យ​មក​ចូលរួម​។

ជា​មួយ​គ្នា​នេះ​ សម្តេច​ក៏បាន​លើកឡើង​ផង​ដែរ​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​អត់​បាន​និយាយ​ដល់​ការ​កាត់ទោស​ពួក​មេដឹកនាំ​ខ្មែរក្រហម​ទេ បើ​អ៊ីចឹង​ការ​កាត់ទោស​ខ្មែរក្រហម​ខុស​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ​ទេ​?៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684