ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ​កោតសរសើរ​ថ្នាក់ដឹកនាំ​រដ្ឋសភា ដែល​បាន​ខិតខំ​បំពេញការងារ​មិន​គិត​ការនឿយហត់ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​ សង្គម

​ភ្នំពេញ ​៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា កោតសរសើរ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ ថ្នាក់ដឹកនាំ​រដ្ឋសភាជាតិជាច្រើន​ទៀត ព្រមទាំង​សមាជិក សមាជិកាទាំងអស់ ដែល​បាន​ខិតខំបំពេញការងារ​មិន​គិតការ​នឿយហត់ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង ​សង្គម នៅក្នុង​វិស្សមកាលកន្លងមកនេះ​។

​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រះបន្ទូល​កោតសរសើរ​ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា​ទាំងអស់​នៃ​រដ្ឋសភា នៅក្នុង​ព្រះរាជសារ​បើក​សម័យប្រជុំ​រដ្ឋសភាពេញអង្គលើក​ទី​៩ នីតិកាល​ទី​៥ នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ នេះ។ ទន្ទឹមនឹងការកោតសរសើរ​ថ្នាក់ដឹកនាំ ព្រមទាំង​សមាជិក សមាជិកាទាំងអស់​នៃ​រដ្ឋសភា​នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ក៏បាន​កោតសរសើរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ដែល​បាន​ដឹកនាំ​រាជរដ្ឋាភិបាល​ក្នុង​ដំណើរការ​ដោយ​ជោគជ័យ ​ក្នុងការ​ស្តារ និង ​អភិវឌ្ឍន៍ប្រទេស​ឡើងវិញ​ផងដែរ​។

​ជាមួយគ្នា​នោះ ព្រះមហាក្សត្រ ក៏បាន​ព្រះ​សម្តែង​ការកោតសរសើរ និង ​ថ្លែងអំណរគុណ​ដល់សមាជិក​សភា​ទាំងអស់ ក្នុងការ​បម្រើ​ជាតិ និង ​ប្រជាពលរដ្ឋ ដោះស្រាយ​បញ្ហា​របស់ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ព្រមទាំង​ទទួលយក​បញ្ហា​របស់​ប្រជាពលរដ្ឋ​មក​ជម្រាបជូនរាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​។

តាមរយៈ​ព្រះរាជសារ​នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បាន​មានព្រះរាជបន្ទូល​ដែរ​ថា ការរួម​គ្នា​រវាង​រដ្ឋ​សភា និង ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធានាបាន​ស្ថិរភាពនយោបាយ និង​ សង្គម ហើយ​នាំ​ឲ្យ​កម្ពុជា សម្រេចបាន​នូវ​អត្រា​ខ្ពស់​នៃ​កំណើនសេដ្ឋកិច្ច​ជាបន្តបន្ទាប់​។ ព្រះអង្គ​សង្ឃឹមថា រដ្ឋសភានឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ចំពោះមុខបន្តទៀត ដើម្បី​សម្រេច​ដល់​ដំណោះស្រាយ ភាពសុខដុមរមនា​។ កិច្ចខិតខំ​ប្រឹងប្រែងរួមគ្នា​ ជា​សកម្មភាព​បម្រើ​ជាតិ​មាតុភូមិ​ដ៏​ឧត្ដុង្គឧត្ដម​ ញ៉ាំង​ឲ្យ​ប្រទេសជាតិ​មានសុខសន្តិភាព និង ​ការអភិវឌ្ឍ​ ដែលជា​តម្រូវការ​ដ៏​ចាំបាច់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684