ព័ត៍មានទាន់​ហេតុការណ៏
Search

លោកស្រី យី​ង​ឡាក់​ ត្រូវ​ប៉ូលិស​អន្តរជាតិ (Interpol) កំពុង​ពិនិត្យ ដើម្បី​ចេញ​លិខិត​តាមរក

​ថៃ​៖ “​ប៉ូលិស​អន្តរជាតិ (Interpol) បាន​ទាក់ទង​មកកាន់ ប៉ូលិស​ថៃ ដើម្បី​ស្នើសុំ​ព័ត៌មាន​បន្ថែម​ទាក់ទង​ទៅនឹង​ការហោះហើរ​របស់​អតីត​នាយ​រដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ដើម្បី​ពិនិត្យ​មើលថា តើ​ត្រូវ​ចេញ “​លិខិត​ជូនដំណឹង​ពណ៌​ខៀវ​” ដើម្បី​ជួយ​ស្វែងរក​អ្នកស្រី យី​ង​ឡាក់​” នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក​វរសេនីយ៍ឯក Krisana Pattanacharoen អ្នកនាំពាក្យ​របស់​ប៉ូលីស​ថៃ​។​

​លោក​វរសេនីយ៍ឯក Krisana បាន​បន្តទៀតថា ទីភ្នាក់ងារ​ប៉ូលិស​អន្តរជាតិ មិនបាន​និយាយថា​តើ ឬ​ពេលណា​ត្រូវ​ចេញ​សេចក្តីជូនដំណឹង តាម​ការស្នើសុំ​ពី​អាជ្ញាធរ​ថៃ​នោះទេ ដោយ​លោក​បន្ថែមថា ព័ត៌មាន​ដែល​បាន​ចែករំលែក​ជាមួយ​ប៉ូលិស​អន្តរជាតិ មិនអាច​ត្រូវបាន​បង្ហាញ​ឱ្យដឹង​នោះឡើយ​។​

“​អ្វីដែល​យើង​អាចធ្វើ​បានល្អ​បំផុត​នោះ​គឺ រង់ចាំ ប៉ុន្តែ​រង់ចាំ​ដោយ​ក្តីសង្ឃឹម​” លោក​វរសេនីយ៍ឯក Krisana បាន​បន្ត​ឲ្យ​ដឹង​។ សេចក្តីជូនដំណឹង​ពណ៌​ខៀវ​របស់ ប៉ូលិស​អន្តរជាតិ អំពាវនាវ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា របស់​អាជ្ញាធរ​អន្ដរជាតិ​ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម អំពី​អត្តសញ្ញាណ​, ទីតាំង ឬ​សកម្មភាព របស់​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​។​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​ទទូចថា ប៉ូលីស​មិនបាន​អូស​ជើង​របស់​ពួកគេ ចូលមកក្នុង​ករណីនេះ​ទេ ប៉ុន្តែ​បាន​កំពុង​បន្ត​ស្វែងរក​គ្រប់​មធ្យោបាយ ក្នុងការ​ស្វែងរក លោកស្រី យី​ង​ឡាក់ គ្រប់​ទីកន្លែង ដែល​កន្លែង​លាក់ខ្លួន​ពិតប្រាកដ​របស់លោក​ស្រី នៅតែ​មិនទាន់​ដឹង​នៅឡើយ​។ លោក​បាន​និយាយថា នៅពេល “​ការជូនដំណឹង​ខៀវ​” ត្រូវ​បានចេញ​ទៅនឹង​លោកស្រី យី​ង​ឡាក់ នោះ​ប៉ូលីស​ថៃ​នឹង​អាច​ស្នើសុំ “​ការជូនដំណឹង​ពណ៌​ក្រហម​” ដែលជា​ដីកាចាប់ខ្លួន​អន្តរជាតិ​។​

​រឿងនេះ​ត្រូវបាន​បង្កើតឡើង នៅពេល​លោកស្រី យី​ង​ឡាក់ បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មុន ពេល​តុលាការ​ប្រកាស​សាលក្រម ក្នុង​សំណុំរឿង​របស់លោក​ស្រី យី​ង​ឡាក់ ទាក់ទង​ទៅនឹង​គម្រោង​ការសន្យា​ទិញស្រូវ របស់​រដ្ឋាភិបាល​លោកស្រី​។​
​លោកស្រី យី​ង​ឡាក់ បាន​ចាក​ចេញពី​ព្រំដែន​ភាគ​ខាងកើត មុន​ថ្ងៃទី ២៥ ខែសីហា ហើយ​បន្ទាប់មក​បាន​ទៅដល់​ទីក្រុង​ឌូ​បៃ និង​ចក្រភព​អង់គ្លេស​។ នៅ​ថ្ងៃទី ២៧ ខែកញ្ញា លោកស្រី​ត្រូវបាន​ផ្តន្ទាទោស​ដោយ​កំបាំងមុខ ឱ្យ​ជាប់ពន្ធ​ធន​គារ​ចំនួន​៥​ឆ្នាំ​ដោយ​គ្មាន​ការព្យួរទោស​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684